ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងជំរុញឱ្យក្រុមហ៊ុនទីប្រឹក្សាសាងសង់ផ្លូវថ្នល់ ធ្វើការសិក្សានូវផ្លូវជាតិលេខ៤ឡើងវិញនូវកន្លែងខ្លះ ដែលរងការខូចខាតដោយទឹកជំនន់កាលពីថ្មីៗនេះ។

លោក វ៉ា ស៊ីមសូរិយ៉ា អ្នកនាំពាក្យក្រសួងសាងធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងតាមទូរសព្ទនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ នេះថា នៅឆ្នាំ២០១៨ ផ្លូវជាតិលេខ ៤នេះ បានរងគ្រោះដោយទឹកជំនន់ បណ្តាលឱ្យមានការខូចខាតកន្លែងខ្លះ ហើយបានឱ្យក្រុមហ៊ុនទីប្រឹក្សាសាងសង់ផ្លូវថ្នល់សិក្សាលើកកម្ពស់បន្ថែម តែសម្រាប់នៅឆ្នាំ២០១៩ នេះ ក៏មានកន្លែងខ្លះរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្រសួងនឹងឱ្យក្រុមហ៊ុននេះ ធ្វើការសិក្សាឡើងវិញដែរ។
លោកបន្តថា “យើងឃើញផ្លូវរងគ្រោះដោយទឹកជំនន់ហើយ យើងឱ្យគេទៅធ្វើម្តេចកើត។ ចឹងទេត្រូវតែសិក្សាឡើងវិញនៅកន្លែងដែលជន់លិចហ្នឹង។
អ្នកនាំពាក្យនាំពាក្យរូបនេះបន្តថា ការសិក្សាស្ថាបនាពង្រីកផ្លូវជាតិលេខ៤ឡើងវិញនេះនឹងអាចប្រើពេលពី៥ ទៅ៦ខែបន្ថែមទៀតទើបចប់ ហើយអាចនឹងចំណាយថវិកាច្រើនលើពីផែនការ ដែលបានដាក់ចេញចំនួន១១០លានដុល្លារ កាលពីឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកម្ចីថវិការបស់ធនាគារពិភពលោក។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីឆ្នាំ២០១៨បានលើកឡើងថា ថវិកាដែលគ្រោងចំណាយក្នុងការជួសជុល និងបង្រីកផ្លូវជាតិលេខ៤នេះ ជាថវិកាកម្ចីពីធនាគារពិភពលោក ក្នុងទំហំទឹកប្រាក់ចំនួន ១១០លានដុល្លារ ដោយពង្រីកទំហំផ្លូវនេះពី៧ម៉ែត្រ ដល់១១ម៉ែត្រចេញសង់ខាងថែមទៀត ដោយចាក់កៅស៊ូប្រភេទAC ។
ផ្លូវជាតិលេខ ៤ នេះគឺជាផ្លូវសេដ្ឋកិច្ច និងជាសរសៃឈាមក្នុងការដឹកជញ្ជូន ហើយការកែលម្អផ្លូវនេះ គឺមិនប៉ះពាល់ដល់ការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនោះទេ ដោយសារតែផ្លូវល្បឿនលឿន ជាការវិនិយោគរបស់ក្រុមហ៊ុនចិន ទៅលើខ្សែផ្លូវថ្មីផ្សេងមួយទៀត។
ការកែលម្អផ្លូវជាតិលេខ៤នេះ នឹងមិនមានការពង្រីកបន្ថែមថ្មីទៀតទេ ប៉ុន្ដែអាចពង្រីកអ៊ុតកៅស៊ូនៅលើចិញ្ចើមផ្លូវក្រួសក្រហមខ្លះៗដែរ ជាពិសេសការកសាងស្ពានបន្ថែម ឬបើកមុខទឹកឱ្យបានធំជាងមុន ខណៈពេលដែលបច្ចុប្បន្នមានការលិចទឹកហូរកាត់តាមដងផ្លូវនៅកន្លែងមួយចំនួន និងបានកើតឡើងជារៀងរាល់ឆ្នាំក្នុងពេលកន្លងមក៕






