រូបសំណាក់រង្វង់មូលតោ២នៅខេត្តព្រះសីហនុ
ដោយ វុត្ថា
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុមិនអនុញ្ញាតឱ្យម្ចាស់សំណង់អាគារចំនួន២ ក្នុងនោះសំណង់របស់លោក ស៊ូ ហ្វូពីង ZHU FUBING មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និងសំណង់របស់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ បន្ទាប់ពិនិត្យឃើញផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
លោក គួច ចំរើន នៅក្នុងកិច្ចប្រជុំ ស្តីពីសំណង់អគារស្រុត និងប្រេះស្រាំ ទ្រេត ក្នុងក្រុងព្រះសីហនុកាលពីម្សិលមិញនេះ បានឱ្យដឹងថា តាមមន្ត្រីបច្ចេកទេស នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានសិក្សា វាយតម្លៃផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនអាចឱ្យដំណើរការសាងសង់ និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសំណង់ អគារពីរខាងលើបានទេ ព្រោះសំណង់មានការទ្រេត និងសំណង់អគារស្រុត និងប្រេះស្រាំ។
-->
លោកអភិបាលខេត្តបានសំណូមពរ ឱ្យម្ចាស់អគារទាំងពីរខាងលើអនុវត្ត តាមការជូនដំណឹងរបស់មន្ត្រីជំនាញ ព្រោះវាអាចបង្កហានិភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកបំរើការងារនៅក្នុងអគារផងដែរ ។
លោក ស៊ូ ហ្វូពីង ZHU FUBING ម្ចាស់សំណង់អគារ មានទីតាំង ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់ផ្នែកអគារ ខាងឆ្វេងអគារស្រុតប្រវែង ១១៧mm និងផ្នែកខាងស្តាំស្រុតប្រវែង ៩០mm និងប្រេះស្រាំ) ថ្មីៗនេះរដ្ឋបាលខេត្ត បានចេញ រុះរើសំណង់ ជាបន្ទាន់ ។
លោកស៊ូ ហ្វូពីង ZHU FUBING ម្ចាស់សំណង់យល់ព្រមរុះរើ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ប៉ុន្តែស្នើសុំរដ្ឋបាលខេត្តជួយ សិក្សាបច្ចេកទេស និងលិខិតអនុញ្ញាតសាងសង់វិញ និងសុំពន្យា ពេលកិច្ចសន្យា តម្លៃនៃការជួលដី ។ ដោយឡែកសំណង់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ រដ្ឋបាលខេត្តបាន ចេញលិខិត ជម្លៀសមនុស្សចេញ និងរុះរើសំណង់ជាបន្ទាន់ ។ ព្រោះសំណង់នេះមន្ត្រីបច្ចេកទេស នៃក្រសួងដែនដី ពិនិត្យឃើញថា សំណង់មានហានិភ័យទ្រេតជាខ្លាំង ត្រូវរុះចេញ ។
ម្ចាស់សំណង់អគារទាំងពីរខាងលើបានឯកភាពតាមការស្នើសុំរុះរើ របស់រដ្ឋបាលខេត្តព្រះសីហនុ ហើយម្ចាស់ដីទាំងពីរ ក៏បានឯកភាព បន្ថែមកិច្ចសន្យា មិនគិតថ្លៃឈ្នួលរយៈពេលរុះរើ សាងសង់ឡើងវិញ តាមការស្នើសុំរបស់ម្ចាស់សំណង់ ក៏ប៉ុន្តែស្នើសុំអោយរដ្ឋបាលខេត្ត ជួយសម្របសម្រួល ជាមួយម្ចាស់ដី តម្លៃជួលក្នុងការរុះរើ និងសុំជួយសម្រួលច្បាប់សាងសង់៕