ក្រុមហ៊ុនអចលនទ្រព្យអាល្លឺម៉ង
ដោយ វុត្ថា
អាល្លឺម៉ង់ៈ ក្រុមហ៊ុនអចលនទ្រព្យអាល្លឺម៉ង់ Allianz ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Allianz SE ដែលមានមូលដ្ឋាននៅទីក្រុង Munich របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសបោះទុនចំនួន ១៥០លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍គម្រោងការិយាល័យដែលគ្រប់គ្រងដោយក្រុមហ៊ុន Godrej Group នៅក្នុងប្រទេសឥណ្ឌា។

ក្រុមហ៊ុននេះ បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលចុងសប្តាហ៍មុននេះថា ការវិនិយោគនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Allianz ក្នុងការពង្រីកអាជីវកម្ម និងការបែងចែកទុនចំនួន ៥០-៦០ ភាគរយចំពោះទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈទីផ្សារនេះបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ដូចជាប្រទេសចិន និងឥណ្ឌាជាដើម។
-->
សេចក្តីប្រកាសព័ត៌មានបន្តថា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Godrej BTC ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុង Mumbai នឹងត្រូវអភិវឌ្ឍន៍គម្រោងការិយាល័យចំនួន២ ក្នុងនោះគម្រោងមួយមានទំហំប្រហែល ២លានម៉ែត្រការ៉េ និងមួយទៀតមានទំហំ ១,៣លានម៉ែត្រការ៉េនៅក្នុងតំបន់ Benguluru។
លោក Rushabh Desai នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអចលនទ្រព្យ Allianz បានឱ្យដឹងថា ការបោះទុនវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ព្រោះក្រុមហ៊ុនមានការជឿជាក់ លើចក្ខុវិស័យកំណើនរយៈពេលវែង នៃសេដ្ឋកិច្ចរបស់ឥណ្ឌា។
លោកបន្តថា និន្នាការប្រជាសាស្ត្រ និងការកែលម្អតម្លាភាពកំពុងគាំទ្រដល់អ្នកកាន់កាប់អចលនទ្រព្យ ក៏ដូចជាតម្រូវការរបស់វិនិយោគិន ជាពិសេសផ្នែកការិយាល័យដែលល្អសម្រាប់វិនិយោគិន។
លោក Karan Bolaria នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងមូលនិធិ Godrej បានឱ្យដឹងដែរថា ក្រុមហ៊ុនមានក្តីរំភើបដែលបានក្លាយជាដៃគូថ្មីនេះ។ ក្រុមហ៊ុន Godrej គឺជាអចលនទ្រព្យដ៏ល្បីល្បាញ និងគួរឱ្យទុកចិត្តបំផុតមួយនៅក្នុងប្រទេសឥណ្ឌា ដែលមានកំណត់ត្រាជោគជ័យលើការអភិវឌ្ឍកការិយាល័យ។
ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុនអចលនទ្រព្យ Allianz របស់អាល្លឺម៉ងមួយនេះ បានធ្វើការវិនិយោគលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាតាមរយៈការវិនិយោគលើការិយាល័យជាមួយក្រុមហ៊ុន Shapporji Pallonji បន្ទាប់មកទៀតគឺការអភិវឌ្ឍន៏ភ័ស្តុភារជាមួយក្រុមហ៊ុន ESR ក្នុងឆ្នាំ ២០១៨៕
អានអត្ថបទ៖ ក្រុមហ៊ុនអាល្លឺម៉ង់ដ៏ធំមួយនឹងដំឡើងរោងចក្រថាមពលអគ្គិសនី ២០០មេហ្គាវ៉ាត់នៅភ្នំពេញ