អ្នកវិនិយោគ​អះអាងថា គម្រោង​សាងសង់​ផ្សារ​បណ្តែត​ទឹក​នៅ​ខេត្តសៀមរាបពុំមាន​ការប្រែប្រួល​នោះទេ

0

ដោយ ​វុត្ថា

ភ្នំពេញៈ គម្រោង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ស្ថិតនៅក្នុង​គម្រោង​វិនិយោគ​បុរី​អង្គរ​លែ​ន​ដ៏​ម៉ាក នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ដោយ​ពុំមាន​អ្វី​ប​ប្រែប្រួល​នោះទេ។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​សហ​ភាគ​ហ៊ុ​និក​នៃ​បុរី​អង្គរ​លែ​ន​ដ៏​ម៉ាក ដែល​បាន​នាំ​ក្រុមហ៊ុន​ថៃធំៗចំនួន៣ មក​វិនិយោគ​នៅ​កម្ពុជា​បាន​សរសេរ នៅក្នុង​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​កាលពី​កន្លងទៅថ្មីៗនេះ ថា  គម្រោង​នេះ​នៅតែ​ដំណើរ​តាម​ធម្មតា​ដោយ​ពុំមាន​ការប្រែប្រួល​នោះទេ ដោយសារតែ​ម្ចាស់​គម្រោង​ជាប់ចិត្ត នឹង​ទឹកដី​ខេត្តសៀមរាប​ដែលជា​ទឹកដី​បារមី និង​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់​កម្ពុជា។

លោក​ថា “ម្ចាស់​គម្រោង​ផ្សារ​ទឹក​របស់​ថៃ ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ​ថា គាត់​ស្រឡាញ់​ទឹកដី​បារមី​របស់​អាទិទេព ខេត្តសៀមរាប ជា​ភូមិកំណើត​របស់គាត់​នៅឯ​ប្រទេស​ថៃ​ទៅទៀត។  លោក​បន្តថា “គាត់​ចង់ឃើញ​គម្រោង​ផ្សារ​ទឹក នឹង​គម្រោង​រី​សត​លំដាប់​ផ្កាយ៥របស់គាត់ ដែល​នឹង​គ្រោង​សាងសង់​នៅក្នុង​ទីតាំង​បុរី​អង្គរ​លែ​ន​ម៉ាក្ស លេច​រូបរាង​ឡើង និង​មិនមាន​ការប្រែប្រួល។

គម្រោង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅ​កម្ពុជា​នេះ ស្ថិតនៅលើ​ផ្ទៃដី៥០ហិកតា​ដោយ​គ្រោង​បោះទុន​វិនិយោគ២០០លាន​ដុល្លារ​អាមេរិក ដែលជា​គំរោង​ស​ម្ប​និម្មិត នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ស្នាក់នៅ និង​កំសាន្ត​ក្នុង​ខេត្តសៀមរាប​កាន់តែ​យូរ​បន្ថែមទៀត។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា លោក​ធួន ស៊ីណាន​បាន​មានប្រសាសន៍ថា ការពិត​ខេត្តសៀមរាប​ពិត​ជាមាន​សក្តានុពល​វិនិយោគ ប៉ុន្តែ​កន្លងមក​អ្វីដែល​យើង​បានបង្ហាញ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​របស់​យើង មាន​ត្រឹម​សំណង់​ប្រាសាទ​ប៉ុណ្ណោះ ហេតុនេះ​ប្រសិនជា​មានការ​វិនិយោគ លើ​រមណីយដ្ឋាន​កែច្នៃ​បែបនេះ និង​ធ្វើ​ឲ្យ​បាន​កាន់តែច្រើន វា​ពិត​ជាមាន​ប្រយោជន៍​ណាស់ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ឲ្យ​ស្នាក់នៅ​បានយូរ​នៅ​ខេត្តសៀមរាប ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា។

លោក​បន្តថា “ការវិនិយោគ​លើ​រមណីយដ្ឋាន​កែច្នៃ​កាន់តែច្រើន​កាន់តែ​ល្អ តែ​ត្រូវធ្វើ​ឲ្យ​មាន​ស្តង់ដា និង​ទាក់ទាញ ព្រោះ​បើ​យើង​ធ្វើ​បានល្អ វា​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ស្នាក់នៅ​កាន់តែ​យូរ និង​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា”៕

ចុចអានអត្ថបទ៖ គម្រោង​អភិវឌ្ឍ​ផ្សារ​បណ្ដែត​ទឹក​លើកដំបូង​នៅ​ខេត្តសៀមរាប​រង់ចាំ​ការ​អនុម័ត​ពី​រដ្ឋាភិបាល​

LEAVE A REPLY

Please enter your comment!
Please enter your name here