ការសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាបកំពុងឆ្ពោះទៅមុខ
ដោយៈរ៉ា ណេត
សៀមរាបៈ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានអះអាងថាគម្រោងសាងសង់ព្រលានយន្តថ្មី នៅលើទឹកដីខេត្តសៀមរាប ដែលមានតម្លៃវិនិយោគប្រមាណ ៩០០លានដុល្លារ កំពុងដំណើរការឆ្ពោះទៅមុខ ប៉ុន្តែសកម្មភាពសាងសង់ហាក់យឺតយ៉ាវបន្តិច។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះវិនិយោគដោយក្រុមហ៊ុន Yunnan Investment Holdings Ltd ក្នុងទំហំទឹកប្រាក់ជិត ៩០០លានដុល្លារ ស្ថិតក្នុងស្រុកសូរនិគម ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីព្រលានយន្តហោះក្រុងសៀមរាបបច្ចុប្បន្ន។
-->
ការសាងសង់ព្រលានយន្តហោះថ្មីនេះក៏ជាផ្នែកមួយនៃគោលដៅចៀសវាងផលប៉ះពាល់ដល់ប្រាង្គប្រាសាទអង្គរវត្ត រួមនឹងប្រាសាទបាយន្តផងដែរ និងពង្រីកសមត្ថភាពចុះចតយន្តហោះធំៗជាងមុន នៅលើផ្ទៃដីទំហំប្រមាណ៧០០ហិកតា។
អ្នកនាំពាក្យរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៤ សីហានេះថា វត្តមានថ្មីនៃព្រលានយន្តហោះនេះ នឹងចូលរួមជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ជាពិសេសខេត្តសៀមរាបទាំងមូល តាមរយៈការបម្រើលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ដែលបច្ចុប្បន្នការសាងសង់ព្រមានថ្មីមួយនេះ ក៏កំពុងតែមានដំណើរការជាបណ្ដើរៗហើយ ប៉ុន្តែហាក់មានដំណើរយឺតបន្ដិច។
អ្នកនាំពាក្យរូបនេះបានបន្តទៀតថា “សកម្មភាពសាងសង់គឺកំពុងតែធ្វើជាបណ្តើរៗ ដូចជាការឈូសឆាយពង្រាបដី ការកំណត់ព្រំដែលត្រូវសាងសង់ជាដើម។ លោកបានបន្តទៀតថា “ចំពោះដំណឹងថា រដ្ឋាភិបាលមានគម្រោងសិក្សាទៅលើការពង្រីកទំហំព្រមានយន្តហោះថ្មីនេះបន្ថែម ខ្ញុំអត់បានដឹងដឹងនោះទេ ដឹងត្រឹមតែការអនុវត្តគម្រោងចាស់តែប៉ុណ្ណោះ។
លោកបានបន្តទៀតថា “ខ្ញុំគិតថាទំហំគម្រោងព្រលានយន្តហោះថ្មីមួយនេះ គឺវាមានភាពគ្រប់គ្រាន់ពេកទៅហើយ ដោយមិនចាំបាច់ពង្រីកបន្ថែមទៀតនោះទេ អ្វីដែលត្រូវធ្វើ គឺទំនាក់ទំនងឱ្យមានការហោះហើរត្រង់ មកកាន់ព្រលានមួយនេះឱ្យបានកាន់តែច្រើនទៅពិតជាល្អហើយ។
ពាក់ព័ន្ធទៅនឹងកាលបរិច្ឆេទ នៃការប្រារព្វពិធីបើកការដ្ឋានចាប់ផ្តើមសាងសង់ជាផ្លូវ ត្រូវបានលោក ស៊ិន ចាន់សិរីវុត្ថា អះអាងថា រហូតមកដល់ពេលនេះ នៅមិនទាន់អាចសម្រេចកំណត់ថ្ងៃណាមួយឱ្យជាក់លាក់នៅឡើយនោះទេ។

លោកបានបញ្ជាក់ថា “ការបើកការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ តម្រូវមានការផ្តល់វត្តមានជាកិត្តិយសពីសំណាក់ថ្នាក់នាំប្រទេសទាំង២ ដូច្នេះត្រូវរង់ចាំពេលណាមួយសមគួរ ដែលកំពូលថ្នាក់ដឹកនាំទាំងសងខាង អាចមានពេលសមរម្យអាចចូលរួមបាន” ៕