អ្នកជំនាញ៖ ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន

0
ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មានការ​លើកឡើងថា នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ អ្នកវិនិយោគ​ភាគច្រើន​សុទ្ធតែ​បានបង្ហាញ ពី​ចំណាប់អារម្មណ៍​ទៅលើ​ការធ្វើ​ជំនួញ​លើ​វិស័យ​ដីធ្លី​ច្រើនជាង​វិស័យ​សំណង់ ដោយសារតែ​ការវិនិយោគ​ដី អាច​ធ្វើបាន​ចាប់ពី​ទំហំ​តូច​ឡើងទៅ​រហូតដល់​ទ្រង់ទ្រាយ​ធំ និង​ងាយ​ទទួលបាន​ចំណេញ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century 21 Land Station លោក កាង សុធី បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​លើ​វិស័យ​ដីធ្លី​ត្រូវបាន​បែងចែក​ជាច្រើន​រូបភាព និង​ច្រើន​សណ្ឋាន សម្រាប់​អ្នក​ដែល​ចង់​ចូលប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ សុទ្ធតែ​មានឱកាស​ទាំង​អស់ ហើយក៏​អាច​រីកលូតលាស់​ក្នុងពេល​ដ៏​ខ្លី​ផងដែរ។

លោក​បាន​បន្តទៀតថា “សម្រាប់​អ្នក​ដែល​ដាក់ចិត្ត​រកស៊ី​នៅក្នុង​វិស័យនេះ ទាមទារ​ឱ្យមាន​ការចេះ​សង្កេត​បរិយាកាស​ជុំ​ខ្លួន និង​មាន​ភាព​ឆ្លាត​វៃ​ក្នុងការ​ស​ម្រេ​ចិត្ត។

អ្នកជំនាញ​ដែល​កំពុងតែ​ឡូ​ក​យ៉ាងជ្រៅ នៅក្នុង​វិស័យ​ដីធ្លី​រូបនេះ​បាន​បន្តទៀតថា “ការទិញ​ដី​ទុក​លក់​យកចំណេញ ត្រូវតែ​ធ្វើឡើង​ដោយ​ភាព​រីករាយ និង​មាន​សេរីភាព​ក្នុងការ​សម្រេចចិត្ត។ លោក​បាន​ថា “មាន​មនុស្ស​មួយចំនួន​បាន​បាត់បង់​ឱកាស ដោយសារតែ​មហិច្ឆតា​ខ្ពស់ ចង់បាន​ចំណេញ​ច្រើន​ហួសប្រមាណ។

លោក​កាង សុធី​បាន​លើ​ជា​ឧទាហរណ៍​ថា “ អ្នកខ្លះ ដី​ទើបតែនឹង​ទិញ​បាន​ប្រហែលជា២ខែ ហើយ​មាន​គេ​សាកសួរ​ដោយ​ផ្តល់​ប្រាក់ចំណេញ ប្រមាណ ៣០ភាគរយ​នៃ​តម្លៃ​ដើម ប៉ុន្តែ​ពួកគេ​មិន​លក់​នោះទេ ដោយសារតែ​គិតថា ភាព​លោក​លន់​ចង់​ចំណេញ​ច្រើន ក៏​បង្អង់​ចិត្ត​ទុក​លក់​ពេល​ក្រោយ។ ការសម្រេចចិត្ត​បែបនេះ នឹង​ធ្វើឱ្យ​អតិថិជន​ងាក​ទៅ​សម្លឹងមើល​តំបន់​ដែល​នៅ​ជិតគ្នា​ជំនួស​វិញ។

លោក​បាន​បន្តថា “ដី​ដែលមាន​ទីផ្សារ​ខ្ពស់ មាន​ហាងឆេង​ល្អ មិន​ពិបាក​លក់ គួរតែ​ជា​ប្រភេទ​ដី​ដែលមាន​តម្លៃ​ក្រោម ៣០ម៉ឺន​ដុល្លារ”។

លោក​កាង សុធី បាន​មានប្រសាសន៍​ទៀតថា បង្កើន​ការលក់​ក្នុង​រយៈពេល​ដ៏​ខ្លី ទោះ​ចំណេញ​តិច​ក៏ដោយ ឱ្យតែ​មានឱកាស​ច្រើនដង គួរ​កុំ​អូសបន្លាយ​ពេល ត្រូវតែ​លក់​ចេញ ហើយ​រក​ទិញ​ជំនួស​បន្ថែម​វិញ។ លោក​បន្តថា យើង​គួរប្រកាន់​គោលការណ៍​ថា ស៊ូ​ចំណេញ​តិច​តែ​លក់​ឱ្យបាន​ច្រើនដង នោះ​ចំណូល​នៃ​ប្រាក់ចំណេញ​ក៏​នឹង​កើនឡើង ដែល ប្រសើរ​ជាង​ការទន្ទឹងរង់ចាំ​ទ្រព្យ​ចំណេញ​ច្រើន​ក្នុង​ក្ដី​ស្រមៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here