ដោយ វុត្ថា
ខេត្តព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ កំពុងរៀបប្លង់ចំតូបលក់ដូរថ្មីនៅឆ្នេរអូរឈើទាលជូនអាជីករសម្រាប់កសាង ដើម្បីលើកកម្ពស់សោភណភាព និងសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ នៅតំបន់ទេសចរណ៍តារារៈទិសនារតី ដែលជាឆ្នេរស្រស់ស្អាតលំដាប់ពិភពលោក។

-->
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំបង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករ លក់ដូរនៅឆ្នេរអូរឈើទាលចំនួន៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុកាលលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះថា តាមការឯកភាពរបស់គណកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឱ្យបងប្អូនយកទៅសាងសង់តាមគំរូថ្មី មានរចនាបទ សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវ។
លោកអភិបាលបន្តថា “ដូច្នេះពេលបញ្ចប់កិច្ចប្រជុំនេះ បងប្អូនអាចរកជាងសាងសង់ដោយខ្លួនឯងបាន ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំជួយសម្របសម្រួល ដើម្បីឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។
លោកបន្ថែមថា ការសាងសង់នៅពេលនេះមានលក្ខណសមស្រប ព្រោះជារដូវភ្លៀងមិនសូវមានភ្ញៀវទេសចរ ហើយនូវរដូវប្រាំងខាងមុខភ្ញៀវទេសចរនឹងមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន។ ដូច្នេះបងប្អូនត្រូវជម្រុញការសាងសង់ឱ្យបានលឿន ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរដ្ឋបាលខេត្ត និងយកតំបន់ឆ្នេរអូរឈើទាលនេះ ជាកន្លែងបុណ្យឆ្លងឆ្នាំសកល ទន្ទឹមនិងដំណើរការសាងសង់តូបត្រូវចូលរួមផលប៉ះពាល់អនាម័យ បរិស្ថាន។
លោកថា “ថ្វីត្បិតយើងបានតូបគំរូល្អ យើងក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ។

តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែលគណកម្មការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូឯកភាពគ្នា តាមបទដ្ឋានបច្ចេកទេសគតិយុត្តិ៕
អានបន្ត៖ ក្រុងព្រះសីហនុកាន់តែបង្កើនសោភ័ណភាពយ៉ាងស្រស់ស្អាត