ដោយៈ រ៉ាណេត
ភ្នំពេញៈ តបទៅនឹងការដាក់សំណើស្នើសុំសាងសង់ផ្លូវក្រោមដី ពីសំណាក់ម្ចាស់ក្រុមហ៊ុន បុរី ប៉េង ហួត ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១ ជាពិសេសមុខបុរីប៉េងហួត ឆ្ពោះមកកាន់តំបន់ច្បារអំពៅ ដែលតែងកើតមាននៅពេលបច្ចុប្បន្ននេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេចឯកភាព និងគាំទ្រលើគម្រោងមួយនេះ។
ដោយមើលឃើញពីភាពជាក់ស្ដែង នៃការកកស្ទះចរាចរណ៍នៅតំបន់ផ្លូវជាតិលេខ១ ជាពិសេសចាប់ពីចំណុច បុរី ប៉េង ហួត បឹងស្នោរ ដើម្បីចេញចូលរាជធានីភ្នំពេញ ក្រុមហ៊ុនបុរី ប៉េង ហួត បានស្នើសុំថ្នាក់ដឹកនាំរដ្ឋបាលក្រុងភ្នំពេញ ដើម្បីសាងសង់ផ្លូវក្រោមដី ដើម្បីកាត់បន្ថយបញ្ហាដែលកំពុងតែប្រឈមប្រចាំថ្ងៃនៅតំបន់នេះ។
-->
ជាការឆ្លើយតប និងប្រកាសជាសាធារណៈ អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានជូនដំណឹងតាមរយៈការសរសេរនៅលើគណនីផ្ទាល់ខ្លួនបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយទំនាក់ទំនងសង្គម ដោយបង្ហាញពីការគាំទ្រទៅលើគម្រោងស្ថាបនាផ្លូវក្រោមដីមួយខ្សែនេះ។
លោកឃួង ស្រេង បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំបានផ្ដួចផ្ដើមគំនិតសំណូមពរដល់ក្រុមហ៊ុនបុរី ប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដី ដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)មកផ្លូវជាតិលេខ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។
លោកបានបន្តទៀតថា “រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន បុរី ប៉េងហួត បានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដី ដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមរយៈកិច្ចប្រជុំ លោកឃួង ស្រេង បានណែនាំមានឱ្យការបង្កើតក្រុមការងារបច្ចេកទេស ដែលមានសមាសភាពជាស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាជាកញ្ចប់ឱ្យបានម៉ត់ចត់ មុននឹងធ្វើការសាងសង់ផ្លូវក្រោមដី កាត់ផ្លូវជាតិលេខ១ ដោយត្រូវគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរជាដើម។
ការស្នើសុំសាងសង់គម្រោងផ្លូវកក្រោមដីមួយខ្សែនេះ ត្រូវបានលើកឡើងតាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ។ គម្រោងនេះត្រូវបានស្នើសុំពីលោកឧកញ៉ាថៃ ជាហ៊ួត ដោយនៅក្នុងគម្រោងត្រូវស្ថាបនាផ្លូវក្រោមដី ដោយភ្ជាប់ពីទីតាំងផ្សារទំនើប PH ECO MALL ទៅផ្លូវជាតិលេខ១ ផ្នែកក្រោមដីស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ផ្លូវនេះមានប្រវែង១៩៥ ម៉ែត្រ និងទទឹង៧ម៉ែត្រ ហើយការសិក្សាត្រូវធ្វើជាកញ្ចប់សម្រាប់តំបន់បឹងឈូកទាំងមួលតែម្តង ទៅលើផលប៉ះពាល់ ជាពិសេសប្រព័ន្ធចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១តែម្ដង៕
អានបន្ត៖ ក្រុមហ៊ុនបុរីប៉េង ហួតស្នើសុំអាជ្ញាធរក្រុងភ្នំពេញធ្វើផ្លូវក្រោមដីនៅផ្លូវជាតិលេខ១