ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឱ្យបុគ្គលិករបស់លោកពិនិត្យមើលការទិញតំបន់ Greenland ពីរដ្ឋាភិបាលដាណឺម៉ាក។
តាមរបាយការណ៍របស់កាសែត The Wall Street Journal ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍លោក Trump បានលើកឡើងម្តងហើយម្តងទៀតនូវគំនិត ក្នុងការទិញតំបន់ Greenland ជាមួយជំនួយការនៅក្នុងការប្រជុំផ្លូវការ និងអាហារពេលល្ងាច។
-->
តំបន់ Greenland ត្រូវបានគេស្គាល់ដោយសារធនធានធម្មជាតិរបស់ខ្លួន លើផ្ទៃដី ១.៣០៥.១៧៨គីឡូម៉ែត្រក្រឡា និងសារៈសំខាន់ភូមិសាស្ត្រនយោបាយរបស់ខ្លួននៅក្នុងការប្រកួតប្រជែងរវាងអាមេរិកនិងរុស្ស៊ី។
អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺមូលដ្ឋានទ័ពអាកាស Thule Air Base អាមេរិកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ និងមានចម្ងាយ១.២០៧ គីឡូម៉ែត្រពីរង្វង់អាក់ទិក។ វាជាមូលដ្ឋានយោធានៅភាគខាងជើងបំផុតរបស់អាមេរិក ហើយមានប្រព័ន្ធព្រមានមីស៊ីលបាលីស្ទីក ដែលអាចរកឃើញមីស៊ីលអន្តរទ្វីបចូលមកពីប្រទេសរុស្ស៊ី។
តំបន់ Greenland មានសារៈសំខាន់ណាស់ ដែលអាមេរិករារាំងចិនយ៉ាងមានប្រសិទ្ធភាពពីការអភិវឌ្ឍព្រលានយន្តហោះចំនួន៣ នៅលើកោះនេះក្នុងឆ្នាំ ២០១៨ បន្ទាប់ពីនាយករដ្ឋមន្ត្រី Greenland បានហោះទៅទីក្រុងប៉េកាំងដើម្បីជួបជាមួយធនាគារចិន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ព្រលានយន្តហោះពាណិជ្ជកម្មថ្មី។
យោងតាមរបាយការណ៍ លោក Trump បានទទួលគំនិតដំបូងបន្ទាប់ពីទទួលបានរបាយការណ៍ថា សេដ្ឋកិច្ចរបស់ដាណឺម៉ាកកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារតែការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគម្រោង Greenland។
តំបន់ Greenland គឺជាលំនៅដ្ឋានសម្រាប់ប្រជាជនចំនួន ៥៦.០០០នាក់ ហើយដាណឺម៉ាក អនុញ្ញាតឱ្យប្រជាជនគ្រប់គ្រងដោយខ្លួនឯងលើបញ្ហាក្នុងស្រុក។
នៅឆ្នាំ១៩៤៦ ប្រធានាធិបតីអាមេរិក Harry Truman បានផ្តល់ប្រាក់ចំនួន ១០០លានដុល្លារសម្រាប់ប្រទេសដាណឺម៉ាក ដល់ការអភិវឌ្ឍន៍តំបន់ Greenland ដែលប្រទេសអង់គ្លេសបានបដិសេធ៕