ដោយៈ រ៉ាណេត
ភ្នំពេញៈ ថ្វីត្បិតតែស្ថិតនៅក្នុងរាជធានីភ្នំពេញដូចគ្នា ប៉ុន្តែភាពទាក់ទាញ និងតម្រូវការទីតាំងសម្រាប់បំពេញសេចក្ដីត្រូវការអាជីវកម្ម និងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម មិនដូចគ្នានោះទេ ហើយចំពោះតម្លៃអចលនទ្រព្យ ក៏ដូចជាវិស័យដីធ្លីវិញ កាន់តែមានភាពខុសប្លែកពីគ្នាថែមទៀត។
បច្ចុប្បន្ននេះ ខណ្ឌដែលជាចំណុះរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ បានបង្កើនឡើងរហូតដល់ចំនួន១៤ ដោយបំបែកខណ្ឌចំនួន២ គឺខណ្ឌបឹងកេងកង (ចេញពីខណ្ឌចំការមន) និងខណ្ឌកំបូល (ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ) ដែលកំពុងតែមានសក្ដានុពលលើវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម។
នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍បញ្ជាក់ប្រាប់ឱ្យដឹងថា ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ គឺមានសក្តានុពលក្នុងការប្រើប្រាស់ និងមានតម្រូវការខុសៗពីគ្នា ដែលវាអាស្រ័យទៅតាមតំបន់ និងទីតាំង។
លោកស្រីបានបន្តថា “ខណ្ឌដែលត្រូវបានចាត់បញ្ចូលជាតំបន់ ដែលមានសក្ដានុពលខ្លាំង លើវិស័យអចលនទ្រព្យនៅក្នុរាជធានីភ្នំពេញ រួមមានដូចជា ខណ្ឌបឹងកេងកងដូនពេញ ទួកគោក ច្បារអំពៅ ជ្រោយចង្វារ ៧មករា សែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌចំការមន” ។ លោកស្រីបានបន្តទតៀតថា “បើទោះជាខណ្ឌទាំងអស់នេះមានសក្ដានុពលក្នុងវិស័យមួយនេះក្ដី ប៉ុន្តែតម្រូវការនៃការប្រើប្រាស់ត្រូវបានបែងចែកចេញពីគ្នា។
លោកស្រីបានបន្តទៀតថា ខណ្ឌបឹងកេងកង ដែលទើបតែបំបែកចេញពីខណ្ឌចំការមន ខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌដូនពេញ គឺមានតម្រូវការខ្ពស់ និងផ្តោតទៅលើផ្នែកខុនដូ (Condominium ) និងផ្នែកអគាពាណិជ្ជកម្ម (Commercial Building) ដែលជំរុញឱ្យតម្លៃដីនៅក្នុងតំបន់នេះមានអត្រាខ្ពស់ខ្លាំង។
ក្រៅពីនេះ ខណ្ឌដែលមានសក្ដានុពល និងមានតម្រូវការខ្ពស់លើវិស័យលំនៅដ្ឋានបែបអាជីវកម្ម គឺខណ្ឌ ៧មករា ខណ្ឌដូនពេញ និងខណ្ឌចំការមន។ ខណ្ឌបន្ទាប់ដែលមានភាពលេចធ្លោក្នុងវិស័យលំនៅដ្ឋាន (Residential ) រួមមានខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ខណៈដែលមានជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដែលស្ថិតនៅតំបន់ជាយក្រុង កំពុងតែមានសក្ដានុពល និងទាក់ទាញខ្លាំងលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម រួមជាមួយនឹងសកម្មភាពពុះដីឡូតិ៍។
ដោយឡែកខណ្ឌព្រែកព្នៅ កំពុងមានសកម្មភាពរីកចម្រើន និងអភិវឌ្ឍដោយអន្លើ ដែលប្រៀបបានទៅនឹងសកម្មភាពរត់ពីក្រោយខណ្ឌដង្កោយ៉ាងដូច្នោះ។
លោកស្រី Grace Rachny Fong បានបញ្ជាក់ថា សកម្មភាពទិញ-លក់ និងការប្រគាសគម្រោងអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យសំណង់ផងដែរនៅឆ្នាំ២០១៩នេះ មានការសម្ពោធគម្រោងថ្មីៗច្រើនជាងកាលពីឆ្នាំកន្លងទៅ ដោយសារតែកាលពីឆ្នាំ២០១៨ ស្ថិតនៅក្នុងដំណាក់កាលបោះឆ្នោតថ្នាក់ជាតិ ហើយម្ចាស់គម្រោងកំពុងតែរៀបចំគម្រោងនៅឡើយ ៕
អានបន្ត៖ អ្នកជំនាញថា សក្ដានុពលវិស័យដីធ្លីនៅក្នុងខណ្ឌមានជ័យមានការប្រែប្រួលកាន់តែប្រសើរ






