ដោយគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកជំនាញ និងភ្នាក់ងារវាយតម្លៃអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីមនឹងដឹកនាំសមាជិកសមាគមចំនួន២៨រូប ដើម្បីចូលរួមកិច្ចប្រជុំ ដែលរៀបចំដោយសមាគមអវចលនទ្រព្យអាស៊ាន (ARENA) នៅប្រទេសមីយ៉ាន់ម៉ាក្នុងសប្តាហ៍ក្រោយនេះ។
កិច្ចប្រជុំនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំសមាគមអចលនវត្ថុនានា នៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។ កិច្ចប្រជុំនេះនឹងចាប់ផ្តើមពីថ្ងៃទី២១ដល់២៤ សីហាខាងមុខនេះ។
-->
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ សីហានេះថា កិច្ចប្រជុំដែលរៀបចំធ្វើនៅទីក្រុងរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា នឹងផ្តោតលើប្រធានបទបច្ចេកវិទ្យា ការវិវត្តនៃវិស័យអចលនវត្ថុនៅក្នុងតំបន់ និងពិភពលោក និងការលើកទឹកចិត្តដល់ការវិនិយោគ។លោកបន្តថា តាមរយៈការចូលរួមកិច្ចប្រជុំនេះ សមាជិក ក៏ដូចជាថ្នាក់ដឹកនាំសមាគមអាចចូលរួមចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការធ្វើជាភ្នាក់ងារអចលនទ្រព្យដោយជោគជ័យ។
លោកបន្តថា “ជាមួយគ្នានេះ យើងក៏អាចមានឳកាសផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់អាស៊ាន និងពិភពលោក ហើយយើងក៏ះអាចស្វែងយល់ពីឳកាសវិនិយោគនៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនានាផងដែរ។
លោកច្រឹក សុខនីមបានបន្តថា ជាមួយគ្នានេះសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏អាចមានឳកាសបង្កើតបណ្តាញជំនួញ ជាមួយអ្នកវិនិយោគ និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់បានផងដែរ៕
អានបន្ត៖ ប្រធានសមាគម CVEA ការកសាងទំនុកចិត្តចាំបាច់ត្រូវផ្តើមចេញពីក្រមសីលធម៌