ដោយ វុត្ថា
ពិភពលោកៈ តម្លៃអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងទីក្រុងធំៗចំនួនពីរ របស់ពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសទី២នៃឆ្នាំនេះ ដោយសារកត្តាផ្សេងៗរួមមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាភាពតានតឹងផ្នែកពាណិជ្ជកម្មដែលកំពុងកើតឡើងរវាងចិន និងសហរដ្ឋអាមេរិក។

-->
យោងតាមការចផ្សាយកាលពីថ្ងៃទី១៥ របស់សារព័ត៌មាន The Business Times កាលពីថ្ងៃទី១៥សីហាកន្លងមកបានឱ្យដឹងថា តម្លៃអចលនទ្រព្យនៅទាបនៅក្នុងទីក្រុងធំៗរួមមានទីក្រុងហុងកុង ទីក្រុងសេអ៊ូល ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន។ ចំណែកអចលនទ្រព្យពាណិជ្ជកម្ម នៅទីក្រុងប៉ារីស ក៏បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងចំណោមទីផ្សារដែលជាកម្មសិទ្ធិរបស់អឺរ៉ុប។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Real Capital Analytics បានឱ្យដឹងថា ទីផ្សារនៅប៉ារីសបានធ្លាក់ចុះប្រហែល២,៦% ក្នុងត្រីមាសទី២ នេះ។ ទន្ទឹមនឹងនេះដែរតម្លៃនៅកណ្តាលទីក្រុង Chicago បានធ្លាក់ចុះ ២,១% ដែលធ្វើឱ្យក្លាយជាអ្នកធ្វើអាជីវកម្មអាក្រក់បំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យអចលនទ្រព្យ។ សម្រាប់តម្លៃអចលនទ្រព្យនៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី របស់ប្រទេសអូស្ត្រាលី ក៏បានទទួលរងនូវការធ្លាក់ចុះ២ ភាគរយផងដែរ។
លោក Jim Costello អនុប្រធានជាន់ខ្ពស់នៅក្រុមហ៊ុន Real Capital Analytics បានមានប្រសាសន៍ថា វិនិយោគិនមិនហ៊ានវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងទីក្រុងទាំងនោះទេ ដោយសារប្រថុយនឹងហានិភ័យ ជាពិសេសនៅក្នុងបរិយាកាសទីផ្សារនាពេលបច្ចុប្បន្ននេះ។

លោក Cedrik Lachance នៃក្រុមហ៊ុនស្រាវជ្រាវ REIT របស់ Green Street បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចនេះ មានការលំបាកសម្រាប់ក្រុមហ៊ុនអចលនទ្រព្យនៅសហរដ្ឋអាមេរិក ប៉ុន្តែមានការរីកចម្រើនយឺត និងថេរ។ លោកបន្តថា តម្លៃអចលនទ្រព្យនៅសហរដ្ឋអាមេរិក នឹងនៅថេរក្នុងរយៈពេល១២ខែទៀត ប៉ុន្តែអត្រាការប្រាក់ទាបអាចជួយទូទាត់ការធ្លាក់ចុះ និងការភ័យខ្លាចនៃហានិភ័យរបស់វិនិយោគិន៕
អានបន្ត៖ សេដ្ឋកិច្ចប្រទេសអង់គ្លេសចាប់ផ្តើមដាំក្បាលចុះ ខណៈវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងកើតឡើង