អ្នកជំនាញ​និយាយ​ពី​ទីផ្សារ​ដីឡូត៍ និង​ការស្វែងរក​ផលចំណេញ

0
រូបតំណាង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​បរិបទ​នៃ​ការទិញ​ដី​ឡូ​តិ៍​នាពេល​ពេលបច្ចុប្បន្ន​នេះ បើទោះជា​ស្ថិតនៅក្នុង​រដូវ​កាល​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​សកម្មភាព​នៃ​ការទិញ លក់​នៅតែមាន ខណៈដែល​អ្នកទិញ​ភាគច្រើន​យល់ថា ការទិញ​ដី​ឡូ​តិ៍​អាច​ទទួលបាន​ភាគលាភ​ច្រើន ក្រោយពី​ការវិនិយោគ។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ​Gold Land Property លោក សុខ ប៊ុនធឿន ដែល​កំពុង​ទទួល​គម្រោង​លក់​ដីឡូត៍ នៅ​ក្រោយ​ផ្សារ​អង្គស្នួល​ផ្លូវជាតិ​លេខ៤បាន​មានប្រសាសន៍ថា ការ​ពុះ​ដីឡូត៍​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ពិត​ជាមាន​សកម្មភាព​ខ្លាំងឡើងៗប្រាកដ​មែន ខណៈដែល​រដ្ឋាភិបាល​ទ​ទួលបាន​ជំនួយ ១១០លាន​ដុល្លារ ពី​ធនាគារពិភពលោក ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ៤ឡើងវិញ ហើយ​មន្ត្រី​ជំនាញ​ក៏​បាននិងកំពុង​ធ្វើ​សកម្មភាព​ពង្រីក ក៏ដូចជា កំពុង​ស្ថាបនា​ផ្លូវ​អ៊ុត​កៅស៊ូ​ជាបណ្តើរៗ និង​បាន​កំពុង​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ពេលយប់​ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ រហូត​សាលា​យោធា​កំបូល និង​កំពុង​ស្ថាបនា​ឆ្ពោះទៅ​មុខជា​បន្តបន្ទាប់​ទៀត​នោះ។

លោក​បាន​បន្តថា “ខណៈ​សកម្មភាព​ពុះ​ដីឡូត៍ កំពុងមាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេង​នោះ គេ​ឃើញ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន និង​កំពុង​សម្រុក​ទិញ​ដីឡូត៍​កាន់តែច្រើនឡើងៗដែរ។ លោក​បន​ន្ត​ថា “ទន្ទឹមគ្នា​នោះ អ្នក​ដែលមាន​ចំណូល​ទាប និង​មធ្យម និង​កម្មករ​កម្មការិនី​រោងចក្រ​ភាគច្រើន ក៏បាន​នាំគ្នា​ទិញ​ទុក​សម្រាប់​សង់​លំនៅឋាន​រស់នៅ​ផ្ទាល់​ជាជាង​ជួល​ផ្ទះ​គេ​នៅ​ផងដែរ។

សម្រាប់​កម្មករ-កម្មការិនី​ភាគច្រើន មិនមាន​ប្រាក់​គ្រប់​ចំនួន​ដើម្បី​ទិញ​ដី​នោះទេ ប៉ុន្តែ​ពួកគាត់​អាចមាន​លទ្ធភាព​មក​ប​ង់​ត្រឹម៣០ភាគរយ ហើយ​សល់៧០ភាគរយ​ទៀត​អាច​បង់​រំលស់​បន្ត​ជាមួយ​ក្រុមហ៊ុន​រយៈពេល២-៣ឆ្នាំ។

ជាមួយគ្នានេះ លោក​ស្រ៊ុ​យ ថា​រិ​ទ្ធិ ប្រធាន​ផ្នែក​លក់​ដីឡូត៍​មួយកន្លែង​នៅ​ជិត​ផ្សារ​ព្រៃទទឹង ក្បែរផ្លូវ​រថភ្លើង​កាត់​តាមផ្លូវ​ជាតិ​លេខ៣ ក៏មាន​ប្រសាសន៍​ស្រដៀង​គ្នា​ដែរ​ថា សកម្មភាព​សាងសង់​សំណង់ផ្ទះ​ល្វែង​លក់ និង​សកម្មភាព​ពុះ​ដីឡូត៍​លក់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ចាប់ពី​រង្វង់​មូល​ចោមចៅ​រហូតដល់​គីឡូម៉ែត្រ​ទី១៣ ឬ​ហួស​ពី​ហ្នឹង​ទៅមុខ៥គីឡូម៉ែត្រ កំពុង​តែមាន​សកម្មភាព​សស្រាកសស្រាំ​ខ្លាំងឡើងៗ ដំណាលគ្នា​នឹង​សកម្មភាព​ជីក​កាយ​ដី​ខូច​ចេញ ចាក់ដី​ល្អ​ចូល​ជំនួស​ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ៣នេះ។

អ្វីដែល​ធ្វើឱ្យ​តម្លៃ​ដី​នៅតាម​ផ្លូវជាតិ​លេខ៣ រឹតតែ​មានតម្លៃ​ថ្លៃ​ដូច្នេះ ទី១ ដោយសារ​រដ្ឋាភិបាល​កំ​ពុង​ស្ថាបនា​ផ្លូវជាតិ​ពី​រង្វង់​មូល​ចោមចៅ ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​ខេត្តកំពត ហើយ​រោងចក្រ​ឧស្សាហកម្ម​នានា ក៏​កំពុង​រំ​កឹ​ល​ខ្លួន​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចេញទៅ​តំបន់​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ និង​លេខ៤នេះដែរ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​ទទួលស្គាល់ថា ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ឱ្យ​អ្នកមាន​ចំណូល​ទាប និង​មធ្យម​មាន​អចលនទ្រព្យ នៅក្នុង​ដៃ​ដែល​អំណោយផល​ដល់​ពួកគាត់ ដើម្បី​សាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន សម្រាប់​បំពេញការងារ​ផ្សេងៗ មិន​លំបាក​ជួល​រស់នៅ​គេ​តទៅទៀត ធ្វើឱ្យ​គ្រួសារ​មាន​លំនឹង​មាន​ក្តីសង្ឃឹម​ទៅលើ​អនាគត​របស់ខ្លួន ដូច​ពាក្យ​ដែល​គេ​តែង​លើកឡើងថា មាន​ដី មានសង្ឃឹម។

លោក​បន្តថា “សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម អ្នកធ្វើការ​ក្រុមហ៊ុន សហគ្រាស ឬ​នៅតាម​រោងចក្រ​នានា ក៏​អាច​មាន​​ឱកាស​ទិញ​ដីឡូត៍​សាងសង់​ផ្ទះ នៅ​ដោយ​ខ្លួនឯង​បានដែរ។លោក​បន្តទៀតថា “បើ​យើង​មាន​លុយ​មិន​គ្រប់​សង់ផ្ទះ​ឱ្យ​តែ​មាន​លុយ​ទិញ​ដី ទិញ​រួច​អាច​យក​ប្លង់ដី​ទៅ​ដាក់​ធនាគារ យកលុយ​សង់ផ្ទះ​រស់នៅ​ខ្លួនឯងបាន ទោះជា​អស់​ការប្រាក់​បន្តិច​​ក្ដី ប៉ុន្តែ​ប្រសើរ​ជាង​ជួល​ផ្ទះ​គេ​នៅ​ដែរ និង​ដោយសារ​បច្ចុប្បន្ន​ការផ្តល់​កម្ចី​ទិញ​ដី ឬ​សង់ផ្ទះ​មាន​ភាពងាយស្រួល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ។

លោក​វ៉ា វីរៈ​បាន​បន្ថែមទៀតថា ចំណែក​អ្នកមាន​លុយ​តិច​ក៏​អាច​ទិញ​បានដែរ គ្រាន់​តែមាន​ប្រាក់ ៣០ភាគរយ អាច​យក​ប្លង់ដី​ទៅ​ដាក់​ធនាគារ​បាន ហើយ​កុំ​ខ្លាច​អស់​ការប្រាក់ ព្រោះថា ការប្រាក់​ធនាគារ​មិន​ច្រើន​ទេ និង​ឡើង​មិនទាន់​ថ្លៃ​ដី​ទេ។ ជួនកាល​ទិញ​ហើយ ២-៣ ខែ​គេ​អាច​រកប្រាក់​ចំណេញ​បាន៣ទៅ៤ពាន់​ដុល្លារ​ក៏មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here