ដោយ ម៉ាណេត
ភ្នំពេញ៖ ប្រតិបត្តិករកាស៊ីណូ NagaCorp Ltd បានឲ្យដឹងថា ម្ចាស់ភាគហ៊ុនរបស់ខ្លួនបានយល់ព្រម លើការរៀបចំហិរញ្ញប្បទាន សម្រាប់ការពង្រីកកន្លែងកម្សាន្តកាស៊ីណូ របស់ខ្លួននៅក្នុងភ្នំពេញ ខណៈការសាងសង់នឹងចាប់ផ្តើមនៅចុងខែកញ្ញា ឬដើមខែតុលា។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់គេហទំព័រ GGR Asia។

-->
ក្រុមហ៊ុន NagaCorp បានប្រាប់ផ្សារហ៊ុនហុងកុងកាលពីពេលថ្មីៗនេះថា កិច្ចប្រជុំទូទៅរបស់ម្ចាស់ភាគហ៊ុនរបស់ខ្លួន បានបោះឆ្នោតគាំទ្រផែនការហិរញ្ញវត្ថុរបស់ខ្លួន។
កាលពីខែមេសាកន្លងមក ក្រុមហ៊ុនបានប្រកាសថា ស្ថាបនិករបស់ខ្លួនគឺលោក Chen Lip Keong នាយកប្រតិបត្តិក្រុមហ៊ុន NagaCorp នឹងចំណាយប្រាក់ចំនួនពាក់កណ្តាលនៃតម្លៃ៣,៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃដីនៃការពង្រីកគម្រោងកាស៊ីណូ Naga៣ របស់ខ្លួននៅក្នុងភ្នំពេញ។
ការពង្រីក Naga៣ នឹងមានផ្ទៃក្រឡាសរុប ៥៤៤.៨០១ ម៉ែត្រការ៉េ។ Naga៣ នឹងមានទាំងការលេងល្បែងកម្សាន្តទ្រង់ទ្រាយធំ និងហ្គេមវីអាយភី ហើយវានឹងបន្ថែមបន្ទប់សណ្ឋាគារសរុបចំនួន ៤,៧២០នៅក្នុងគំរោងនេះ។
កាលពីដើមខែ មេសា ក្រុមហ៊ុន NagaCorp បានឲ្យដឹងថា ខ្លួនរំពឹងថានឹងវិនិយោគរវាង៣,៨ពាន់លានដុល្លារ និង៤ពាន់លានដុល្លារនៅ Naga៣ ។
ក្រុមហ៊ុន NagaCorp មានអាជ្ញាប័ណ្ណ៧០ឆ្នាំ សម្រាប់ការលេងល្បែងកាស៊ីណូនៅលើដីមានសុពលភាពរហូតដល់ឆ្នាំ២០៦៥ និងភាពផ្តាច់មុខនៃប្រតិបត្តិការល្បែងរយៈពេល៤១ឆ្នាំ ដែលបញ្ចប់នៅឆ្នាំ២០៣៥ សម្រាប់សកម្មភាពក្នុងចម្ងាយ២០០គីឡូម៉ែត្រនៃរដ្ឋធានីនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍រមណីយដ្ឋាន កាស៊ីណូទី២នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី។
លោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយGGR Asia ថា ប្រតិបត្តិករកាស៊ីណូដែលបានចុះបញ្ជីនៅហុងកុងគឺស្ថិតនៅក្នុង “ជំហរមួយ ដើម្បីពិនិត្យមើលឱកាសអភិវឌ្ឍន៍ថ្មី ប្រសិនបើពួកគេមានភាពទាក់ទាញគ្រប់គ្រាន់។
លោក McNally បាននិយាយបន្ថែមទៀតថា ការរៀបចំហិរញ្ញប្បទានសម្រាប់គម្រោង Naga៣ បានបង្ហាញពីទំនុកចិត្ត និងការប្តេជ្ញាចិត្តពីម្ចាស់ភាគហ៊ុនទាំងនៅក្នុងក្រុមហ៊ុន និងសក្តានុពលនៃការរីកចម្រើន៕