ដោយ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងគោលដៅច្បាស់លាស់ និងការពង្រីកការិយាល័យកាន់តែច្រើននៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ក្រុមហ៊ុន Century21 Family គ្រោងពង្រីកភ្នាក់ងាររបស់ខ្លួនឲ្យបាន ៥០០នាក់នាពេលឆាប់ៗខាងមុខនេះ។

នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះក្រុមហ៊ុនបានពង្រីកការិយាល័យចំនួន២២នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យ ប៉ុន្តែយើងកំពុងពង្រីកការិយាល័យទៅកាន់ ខេត្តចំនួន១៥ទៀតនាពេលអនាគត ដោយត្រូវការដៃគូសហការដែលមានការប្តេជ្ញាចិត្ត ក្តីស្រលាញ់ ឆន្ទៈ និងភាពស្មោះត្រង់ ដើម្បីធ្វើការរួមគ្នា និងឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា។
លោកបន្តថា “យើងត្រូវការពង្រីកភ្នាក់ងារលក់៥០០នាក់ ដើម្បីគ្របដណ្តប់ចំណែកទីផ្សារឲ្យបានកាន់តែច្រើន ដើម្បីទំនុកចិត្តលើការទិញ លក់ ជួលលើវិស័យសំណង់និងអចលនទ្រព្យក្នុងនិងក្រៅប្រទេស។ លោកបន្តថា “ការរីកចម្រើនក្នុងវិស័យនេះទាមទារនូវភ្នាក់ងារដែលមានគុណតម្លៃ មានភាពស្មោះត្រង់ និងក្រមសីលធ៌ម ដើម្បីធ្វើឲ្យវិស័យនេះរីកចម្រើនប្រកបដោយនិរន្តរភាព។

លោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា យើងត្រូវពង្រីកភ្នាក់ងាររបស់យើង ដើម្បីគ្របដណ្តប់ចំណែកទីផ្សារ និងជួយដល់វិស័យនេះ ហើយយើងចង់ឲ្យភ្នាក់បងាររបស់យើង ជាអ្នកដើរតួនាទីកាន់តែសកម្មឡើងក្នុងវិស័យនេះ បើទោះបីជាពិភពលោកមានបញ្ហាសេដ្ឋកិច្ច ក៏យើងអាចប្រើប្រាស់ភ្នាក់ងាររបស់យើង និងជំរុញឲ្យអ្នកវិនិយោគក្នុងស្រុកជួយ ដើម្បីធ្វើឲ្យវិស័យនេះមានភាពរីកចម្រើន។

លោកបន្តថា “ហេតុនេះភ្នាក់ងារអចលនទ្រព្យដើរតួនាទីសំខាន់ណាស់់ ហើយសូមគិតផលប្រយោជន៍រយៈពេលវែង ជាជាងគិតផលប្រយោជន៍រយៈពេលខ្លី ដោយឈរលើមូលដ្ឋាននៃក្រមសីលធ៌ម និងភាពស្មោះត្រង់”៕
អានបន្ត៖ ក្រុមហ៊ុនមេ Century21 កំពុងស្វែងរកដៃគូសហការលើខេត្តក្រុងចំនួន ១៥បន្ថែមទៀត






