ដោយស៊ីវ ម៉េង
ភ្នំពេញ៖ ការឌីសាញខុនដូថ្មីមួយ ដែលមានទំហំបន្ទប់តូចល្មម និងតំលៃសមរម្យដើម្បីឆ្លើយតបប្រជាជនមានជីវភាពមធ្យម ជាអ្វីដែលអ្នកវិនិយោគក្នុងស្រុកនិងបរទេសមួយចំនួនកំពុងចាប់អារម្មណ៍។
អគ្គនាយកទទួលបន្ទុកផ្នែកបច្ចេកទេសនៃក្រុមហ៊ុនលំនៅដ្ឋាន L កម្ពុជាភ្នំពេញលោកទុយ ប៊ុន បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគខុនដូរបស់ក្រុមហ៊ុនលោកដែលផ្តោតលើប្រជាជនថ្នាក់កណ្តាល ដោយសារហេតុផលចំនួនពីរ ទី១ ទីតាំងរបស់លោកមិនអាចទាក់ទាញអ្នកមានប្រាក់ច្រើន និងទី២ ផ្តោតលើប្រជាជនមានជីវភាពមធ្យម ដែលប្រជាជនក្នុងស្រទាប់នេះ មានចំនួនច្រើនជាងទីផ្សារសម្រាប់អ្នកមានជីវភាពធូរធារ។
-->
លោកបន្តថា “ខុនដូរបស់លោកបានលក់ចាប់ពីតំលៃ៤ ដល់៨ម៉ឺនដុល្លារអាមេរិកអាស្រ័យលើចំនួនបន្ទប់ និងជាន់និមួយ។ លោកបន្តថា “មនុស្សអាចរស់នៅខុនដូច្រើននាពេលអនាគត ប៉ុន្តែវាអាស្រ័យលើទីកន្លែងការងាររបស់ពួកគេផងដែរ ប្រសិនជាការងារពួកគេផ្លាស់ប្តូរទៅជាយក្រុងច្រើន ការស្នាក់នៅខុនដូក៏មិនមានចំនួនច្រើនទេ” ។
ក្រុមហ៊ុនលំនៅដ្ឋាន L កម្ពុជាភ្នំពេញ បានធ្វើការវិនិយោគសាងសង់ខុនដូចំនួន៥ទីតាំងខុសៗគ្នា ក្នុងនោះពីរទីតាំងបានអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅរួចហើយ និងអាគារទីបី គ្រោងបញ្ចប់នៅដើមឆ្នាំ២០១៧ខាងមុខនេះ និងពីរទីតាំងទៀតត្រៀមបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ ។ អាគារទី១ ដែលអនុញ្ញាត្តឲ្យអតិថិជនចូលស្នាក់នៅ មានអ្នកចូលទៅរស់នៅប្រមាណ៨០ភាគរយ និងអាគារទី២មានអ្នកចូលស្នាក់នៅប្រមាណ ១០ភាគរយប៉ុណ្ណោះ ដោយសារទើបបើកឲ្យអតិថិជនចូលទៅរស់នៅ។ លោកទុយ ប៊ុនបញ្ជាក់ឲ្យដឹង។
លោកបន្តថា “ការវិនិយោគខុនដូរបស់យើងធ្វើឡើងសម្រាប់គ្រួសារតូច ព្រោះបន្ទប់មានទំហំចាប់ពី ៣០ម៉ែត្រ ទៅ៥០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះគ្រួសារដែលមានសមាជិកត្រឹម៣នាក់ ជាការសមស្របក្នុងការរស់នៅខុនដូបែបនេះ។
ជាក់ស្តែងអត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំហំតូច ដោយការអង្កេតប្រជាសាស្ត្រ និងសុខភាពរបស់ក្រសួងសុខាភិបាលបានរកឃើញថា អត្រាមានកូនក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាមធ្យមបានថយចុះពី៣.0នាក់កាលពីឆ្នាំ២០១០ មកនៅត្រឹម២.៧នាក់។
លោកស្រីវេជ្ជបណ្ឌិតទុង រដ្ឋាវីនាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានថ្លែងថា សមាជិកគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែរួមតូច ហើយអាយុមានកូនរបស់ស្ត្រីកម្ពុជាបានកើនពីអាយុ១៨ឆ្នាំ មកដល់២២ឆ្នាំសម្រាប់ការមានកូនជាលើកតំបូង ដោយសារពួកគេជាប់រវល់នឹងការសិក្សា ហើយពួកគេរវល់ធ្វើការទាំងពីរនាក់ប្តីប្រពន្ឋ។
លោកស្រីបន្តថា “ដោយសារប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ចំនួននៃការយកបុត្រកាន់តែតិច ដោយសារប្រជាពលរដ្ឋកម្ពុជាសិក្សាកាន់តែច្រើន ចំណាកស្រុកកាន់តែច្រើន និងរវល់ការងារកាន់តែច្រើន ដែលធ្វើឲ្យពួកគេមិនសូវយកបានបុត្រច្រើន។
អ្នកនាងអាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ខុនដូដែលមានទំហំតូចៗ មិនសមស្របសម្រាប់រស់នៅរយៈពេលវែងនោះទេ តែសមស្របសម្រាប់ការរស់នៅសម្រាប់អ្នកមកពីខេត្តមកសិក្សា ហើយអាគារបន្ទប់តូចៗបែបនេះ គេហៅថាអាផាតម៉ិន មិនមែនខុនដូទេ ព្រោះខុនដូសំដៅអាគារមានលក្ខណៈទំនើប និងមានការបំពាក់សម្ភារៈបរិក្ខាទំនើប។ អ្នកនាងបន្តថា តំលៃចាប់ពីជាង២ម៉ឺនដុល្លារឡើង សមស្របសម្រាប់ប្រជាពលរដ្ឋថ្នាក់កណ្តាល ដែលជាទីផ្សារធំសំរាប់វិស័យនេះ។
អ្នកនាងបន្តថា “ប្រជាជនថ្នាក់កណ្តាលជាអតិថិជនរបស់អ្នកវិនិយោគខុនដូ ដែលផ្តោតលើក្រុមប្រជាជនលំដាប់នេះ ដែលមានចំនួនច្រើន ហើយពួកគេនឹងរស់នៅខុនដូច្រើន។ អ្នកនាងបន្ថែមថា “ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមវិវត្តន៍ពីរស់នៅតាមផ្ទះល្វែង វីឡាមករស់នៅខុនដូ ដោយសារដីក្នុងទីក្រុងចង្អៀត និងកាន់តែឡើងថ្លៃ និងចរាចរណ៍កាន់តែចង្អៀត។
អគ្គនាយកក្រុមហ៊ុន Khmer Real Estate និង KW Cambodia លោកបណ្ឌិតគីម ហ៊ាង បានថ្លែងថា ពេលនិយាយពីខុនដូ ត្រូវមានចំណតរថយន្ត មានសន្តិសុខ សុវត្ថិភាព មានកន្លែងសាធារណៈដែលអាចប្រើប្រាស់រួម មានអាងហែលទឹក និងកន្លែងហាត់ប្រាណផ្សេងៗ តែបើមិនមានសេវាទាំងនេះ ប្រៀបបីដូចជាយកស្រាសដាក់ក្នុងកំប៉ុងប៊ឺយ៉ែរ។
លោកបន្តថា “បើសាងសង់ខុនដូមិនមានសេវាទាំងអស់នេះទេ ហើយបន្ទប់មានទំហំត្រឹម១៦ម៉ែត្រការ៉េ គឺជាបន្ទប់សម្រាប់លក់មិនមែនខុនដូទេ កុំយកពាក្យខុនដូមកប្រើ នាំឲ្យខូចកេរ្ត៍ឈ្មោះខុនដូរបស់គេ។ លោកបន្តថា “ខុនដូដែលមានទំហំ៣០ម៉ែត្រការ៉េទៅជាការសមរម្យ ហើយលក់ក្នុងតំលៃចន្លោះពី៤ទៅ៦ម៉ឺនដុល្លារអាចទទួលយកបានហើយ៕