ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យម្ចាស់បុរី និងម្ចាស់សំណង់ដែលកំពុងសង់នៅក្នុងប្រទេសកម្ពុជាប្រើប្រាស់អំពូល LED ដើម្បីការការពារបរិស្ថាន និងស្របតាមគោលការណ៍រៀបចំទីក្រុងវៃឆ្លាត (Smart City)។

ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យម្ចាស់បុរី និងម្ចាស់សំណង់ដែលកំពុងសង់នៅក្នុងប្រទេសកម្ពុជាប្រើប្រាស់អំពូល LED ដើម្បីការការពារបរិស្ថាន និងស្របតាមគោលការណ៍រៀបចំទីក្រុងវៃឆ្លាត (Smart City)។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Yoshihisa KAINUMA ប្រធានក្រុមហ៊ុន Minebea Mitsumi បានឱ្យដឹងកាលពីថ្ងៃទី ២០ ខែសីហាម្សិលមិញនេះថា លោកបានផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលាដើម្បីអនុញ្ញាតក្រុមហ៊ុនបង្ហាញនូវបច្ចេកវិទ្យាដែលជួយដល់បរិស្ថានដល់ម្ចាស់បុរី និងម្ចាស់សំណង់នានា។
លោកថា គម្រោងទីក្រុងវៃឆ្លាតតាមរយៈការប្រើប្រាស់ចរន្តអគ្គិសនីជាមួយនឹងអំពូលដែលស៊ីភ្លើងតិចមិនមែនត្រឹមតែជួយសន្សំសំចៃចរន្តអគ្គិសនី ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមកាត់បន្ថយការបំពុលដោយពន្លឺ ជួយសន្សំសំចៃថវិកា និងចូលរួមការពារបរិស្ថាន ហើយធ្វើឱ្យទីក្រុងមានផាសុកភាពក្នុងការរស់នៅ។
លោករដ្ឋមន្ត្រីបន្ថែមថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែកលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ពោលគឺមិនត្រឹមតែជាប្រទេសអ្នកមានទេ ប៉ុន្តែប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង ការទទួលខុសត្រូវ ប្រទេសកម្ពុជាប្រកបដោយផាសុកភាព ទីក្រុងគួរជាទីទាក់ទាញ និងមានសុខដុមរមណីយកម្មសង្គម។
លោក Yoshihisa KAINUMA បានរំឭកថា លោកបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ នាយករ្ឋមន្ត្រីនៅអំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីជម្រាបជូនសម្តេចអំពីគម្រោងទីក្រុងវៃឆ្លាត ហើយពេលនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមការដំឡើងអំពូលដែលសន្សំសំចៃចរន្តអគ្គិសនីនេះឱ្យបានច្រើននៅកម្ពុជា។
តាមលោកប្រធាន Yoshihisa KAINUMA ក្រុមហ៊ុន Minebea Mitsumi បានឱ្យដឹងគម្រោងនេះត្រូវបានអនុវត្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សរុប អំពូល LED ចំនួន ៧៣៥៩ បង្គោលដែលបម្រើឱ្យទម្រង់នៃទីក្រុងវៃឆ្លាតនឹងត្រូវដាក់បរតិបត្តិការនៅឆ្នាំនេះ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដំឡើងបានចំនួន ១១៨៧ បង្គោលនៅតាមមហាវិថីចំនួន ៣ នៅរាជធានីភ្នំពេញ។ ចំណែកនៅខេត្តសៀមរាប ក្រុមហ៊ុនបានចុះអនុស្សរណនៃការយោគយល់ជាមួយរដ្ឋបាលសាលាខេត្តសៀមរាបរួចហើយដើម្បីដំឡើង LED បន្ថែមចំនួន ៥០០ ទៀត។ គម្រោងនេះក៏នឹងអាចបន្តអនុវត្តនៅខេត្ត្តព្រះសីហនុដែរ។

លោកបញ្ជាក់ថា ក្រុមហ៊ុនបានដំឡើងអំពូល LED សម្រាប់ការបំភ្លឺផ្លូវពេលយប់ ហើយអំពូលភ្លើងនេះបានចូលរួមក្នុងការ សន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី។ អំពូលភ្លើងទាំងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា និងប្រើប្រាស់កម្លាំងពលរដ្ឋកម្ពុជា។
ក្រុមហ៊ុនមីនេបៀនេះបាននឹងកំពុងផលិតនូវផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ផ្តល់គុណប្រយោជន៍ដល់បរិស្ថានស្រប តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕