ដោយៈ រ៉ាណេត
ខេត្តក្រចេះ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានលើកឡើងថា ថ្វីត្បិតលទ្ធផលនៃចំនួនភ្ញៀវទេសចរនៅក្នុងឆ្នាំ២០១៩នេះមានការធ្លាក់ចុះបន្តិចក្ដី ប៉ុន្តែផ្អែកតាមការដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រថ្មីៗរបស់ក្រសួងកាលពីពេលកន្លងទៅនេះ សម្រាប់ឆ្នាំ២០២០ខាងមុខនេះ យើងរំពឹងថាកម្ពុជាអាចទទួលបានកំណើនភ្ញៀវទេសចរប្រមាណ ៧លាននាក់ និងអាចទាញបានចំណូលប្រមាណ៥ពាន់លានដុល្លារ។
អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោកហោ សារុន បានមានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលាស្ដីពី «ការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ» កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះថា នៅដំណាច់ឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរជាង៧លាននាក់ និងអាចស្រូបចំណូលបានប្រមាណ៥ពាន់លានដុល្លារ បង្កើតឱកាសការងារបានជិត១លាននាក់ ហើយរហូតដល់ឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ពាន់លានដុល្លារ បង្កើតឱកាសការងារប្រមាណ២លាននាក់។
លោកបន្តទៀតថា “វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ក៏បានបោះជំហានរីកចម្រើន ទៅមុខជាលំដាប់ ដោយរក្សាបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណ១២.៧ភាគរយនៃផលទុនសរុបក្នុងស្រុក”។ លោកបានបន្តទៀតថា “កាលពីឆ្នាំ២០១៨កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រាប្រមាណ១១ភាគរយ ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤៣៥៦លានដុល្លារចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ”។
លោក ហោ សារុន បានបញ្ជាក់ថា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដូចបានជម្រាបជូនខាងលើជាយុទ្ធសាស្ត្រ គឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាព ទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត បៃតង និងរក្សាសុខសុវត្ថិភាពទេសចរឱ្យបានល្អប្រសើរ។
ផលប្រយោជន៍ដែលបានមកពីភាពរីកចម្រើននៃវិស័យទេសចរណ៍បានចូលរួមលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ បង្កើតការងារដល់កម្លាំងពលកម្មកម្ពុជា។ លើសពីនេះទៀត ក៏ចូលរួមថែរក្សាអភិរក្សបរិស្ថានធម្មជាតិ វប្បធម៌ប្រពៃណីជាតិ និងលើកតម្កើងកិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។ ការរួមចំណែកពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ពិតជាមានសារសំខាន់ណាស់ ដើម្បីជួយដល់ការរីកចម្រើនវិស័យទេសចរណ៍ ជំរុញកំណើនទេសចរណ៍ ស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់ និងពង្រឹងបញ្ហាសន្តិសុខ និងសុវត្ថិភាពទេសចរ នៅទូទាំងប្រទេស។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ ខែសីហា នេះថា ការរំពឹងកើនឡើង នៃចំនួនភ្ញៀវទេសចរ គ្រាន់តែការទស្សន៍ទាយតែប៉ុណ្ណោះ ប៉ុន្តែលទ្ធផលជាក់ស្ដែងគឺអាស្រ័យលើកកិច្ចសហការរវាងវិស័យឯកជន និងក្រសួងទេសចរណ៍។
លោកបានបន្តទៀតថា “ការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរកាលពីពេលកន្លងទីនេះ បញ្ហាមួយចំនួន ពាក់ព័ន្ធនឹងវិស័យឯកជន ដូចជាការប្រកួតប្រជែងផ្តល់សេវាកម្មមិនមានតម្លាភាព ជាពិសេសការលក់ជាកញ្ចប់ទៅឱ្យភ្ញៀវទេសចរក្រោមរូបភាពមិនស្មោះត្រង់”។ លោកថា “កន្លងមកយើងឃើញមានករណីមួយចំនួន ដែលផ្តើមចេញពីវិស័យឯកជនមួយចំនួន ដូចជាការលក់ទិញមួយដោយយកតម្លៃទាបជាងទីផ្សារ ហើយបូកបន្ថែមលើមុខទំនិញផ្សេងមានតម្លៃខ្ពស់ជាងទីផ្សារជាក់ស្ដែង ដែលរូបភាពវាជាការជះឥទ្ធិពើអាក្រក់បំផុត”។
លោកហូ វណ្ឌី បានមានប្រសាសន៍បន្តទៀតថា នៅពេលដែលមានការចូលរួមអនុវត្តទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង ពីសំណាក់វិស័យឯកជន ដោយប្រកាន់យកក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ការពង្រឹងគុណភាពសេវាកម្ម គួបផ្សំជាមួយនឹងកិច្ចប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសការបង្កើតមហាព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោកដែលកំពុងតែរៀបចំធ្វើនាពេលបច្ចុប្បន្ននេះ លោកជឿថាកំណើនភ្ញៀវទេសចរពិតជាអាចធ្វើសម្រេចទៅបានយ៉ាងប្រាកដ៕