កម្ចី​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ជិត​ ៣,៥០០លាន​ដុល្លារ​មកដល់​ត្រីមាស​ទី២ឆ្នាំនេះ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​ភាព​វិជ្ជមាន​ ដោយ​ទំហំ​កម្ចី​ទិញ​អចលនទ្រព្យ ​(Mortgage​) គិត​មកដល់​ត្រីមាស​ទី២ឆ្នាំ២០១៩នេះ​ មាន​ទំហំ​ទឹកប្រាក់​ជិត​ ៣,៥ ពាន់​លាន​ដុល្លារ​ កើនឡើង​ប្រមាណ៣០ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​។

របាយការណ៍​ដដែល​បាន​ឲ្យដឹង​ថា​ កម្ចី​អចលនទ្រព្យ​ក្នុង​ត្រីមាស២ឆ្នាំនេះ​ មាន​ ៤៧​,៧៩ភាគរយ​ នៃ​សមតុល្យ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​សរុប​ ដែល​មាន​ទំហំ​ទឹកប្រាក់៧.១៦ប៊ី​លា​នដុ​លា្ល​រអា​មេ​រិច​ដោយ​កើនឡើង៦​,៨០ភាគរយ​ ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ២០១៩នេះ​។

ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ទទួល​បាន​ឥណទាន​ក្នុង​លក្ខណៈ​ជា​ ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ប័ណ្ណឥណទាន​ និង​កម្ចី​អចលនទ្រព្យ​។

លោក​ អឿ​ សុធា​រ័ត្ន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ មានប្រសាសន៍​ថា​ “នៅក្នុង​ត្រីមាស​នេះ​ មិន​ខុសពី​ឆ្នាំ​មុន​ៗនោះ​ទេ​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី២​។ ទោះបី​យ៉ាងណា​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ២០១៨​ ចំនួន​នៃ​ការ​ស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​បាន​កើនឡើង ៩​,០៣​ភាគរយ​ ខណៈ​ដែល​ទំហំ​ទឹកប្រាក់​នៃ​ការ​ស្នើសុំ​ឥណទាន​ កើនឡើង​ជិត​ទ្វេដង​”។

លោក​បន្ត​ថា​ ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​ បាន​កើនឡើង​ជាលំដាប់​ ចាប់តាំងពី​ឆ្នាំ២០១៨​ ក្នុង​ចន្លោះ​ពី៥ភាគរយ​ ទៅ៧ភាគរយ​ក្នុង​ត្រីមាស​នី​មួយ​ៗ។ ខណៈ​ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប​កើនឡើង​ ចន្លោះ​ពី៦ភាគរយ​ ទៅ៨​ ភាគរយ​។ ជា​រួម​អនុបាត​នៃ​ឥណទាន​ មិន​ដំណើរការ​លើស​ពី៣០ថ្ងៃ​ របស់​ផលិតផល​ឥណទាន​ទាំង​បី​ នៅតែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​នៅតែ​បន្ត​ស្ថិតនៅ​ក្នុង​កម្រិតទាប ១.១៩​ ភាគរយ​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ថា​ ទោះជា​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន​បន្តិចបន្តួច​ក្តី​ ប៉ុន្តែ​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ ព្រោះ​មាន​អ្នក​វិនិយោគ​ជាច្រើន​បាន​ចូល​មក​ដូចជា​អ្នក​វិនិយោគ​កូរ៉េ​ អ្នក​វិនិយោគ​ជប៉ុន​កំពុង​ចូល​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ “សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រក្សា​បា​នកំនើន​ល្អ​ប្រសើរ​ ហើយ​នយោបាយ​នៅតែ​មាន​ស្ថេរ​ភាព​ ហេតុនេះ​ការ​វិនិយោគ​នៅតែ​បន្ត​កើនឡើង​ ជាក់ស្តែង​យើង​ឃើញ​កម្រិត​ឥណ​ទា​នក​ល្នុង​វិស័យ​នេះ​នៅតែ​បន្ត​កើនឡើង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here