អភិបាលខេត្ត​កំពត​ ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​ ពន្លឿន​ការសាងសង់​ផ្លូវជាតិ​លេខ៣​

0

ដោយ​ ៖ រ៉ា​ណេត​

កំពត​ ៖ ជា​ការជំរុញ​នូវ​ល្បឿន​សាងសង់​ផ្លូវជាតិ​លេខ៣ឱ្យ​ស្រប​ទៅតាម​ផែនការ​ និង​គម្រោង​ដែល​បាន​គ្រោងទុក​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​នៅពេល​ឆាប់​ខាងមុខនេះ​ អភិបាលខេត្ត​កំពត​ បាន​កោះ​អញ្ជើញ​បណ្តា​ក្រុមហ៊ុន​ដែល​ទទួល​វិនិយោគ​លើ​គម្រោង​ផ្លូវជាតិ​លេខ​ ៣ មក​ពិភាក្សា​ការងារ​ ដើម្បី​ពន្លឿន​ឱ្យ​បាន​តាម​ការកំណត់​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ បាន​ធ្វើការ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ កាលពី​ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ដោយ​ការ​អញ្ជើញ​ក្រុមហ៊ុន​ដែល​ជា​អ្នក​វិនិយោគិន​ចិន​ ទទួលការ​សាងសង់​ផ្លូវជាតិ​លេខ៣​ ដើម្បី​ពន្លឿន​ការស្ថាបនា​សាងសង់​ផ្លូវ​ ចាប់ពី​ក្រុង​កំពត​ ទៅដល់​ចំណុច​រូបសំណាក​លោកយាយ​ម៉ៅ​។

នៅក្នុង​កិច្ចប្រជុំ​ អ្នក​វិនិយោគិន​ចិន​ បាន​ឯកភាព​សន្យា​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ ៤០km​/h ទទួលខុសត្រូវ​លើ​ការ​កៀរ​ផ្លូវ​ឱ្យ​ស្មើ​ និង​ស្រោចទឹក​ ហើយ​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ដាក់គ្រឿង​ចក្រ​ទាំងអស់​មក​ធ្វើ​នៅ​ត្រឹម​ថ្ងៃទី១៥​ ខែកញ្ញា​ខាងមុខនេះ​។

ជាមួយគ្នា​នេះ​ ភាគី​ខាង​ក្រុមហ៊ុន​ចិន​ក៏បាន​សន្យា​ថា​ នៅចន្លោះ​ដើមខែ​តុលា​ បើ​មិន​មាន​ភ្លៀង​ទេ​ ក្រុមហ៊ុន​នឹង​ក្រាល​ថ្ម​មិច​ កម្រាស់​ ៣ តឹក​ និង​ក្រាល​កៅស៊ូ​កុំឱ្យ​ហុយ​ ។ ដោយឡែក​នៅដើម​ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ​ ក្រុមហ៊ុន​នឹង​អ៊ុត​កៅស៊ូ​ ១ជាន់​ កម្រាស់៤ហ៊ុន​ ជា​ជំហាន​ទី១​ ហើយ​បន្តសកម្មភាព​ធ្វើ​យ៉ាងណា​ឱ្យ​កំណាត់ផ្លូវ​ ចាប់ពី​ក្រុង​កំពត​ ទៅដល់​ចំណុច​រូបសំណាក​លោកយាយ​ម៉ៅ​ បាន​ប្រសើរ​មុនគេ​ នៅក្នុង​ពេល​ដ៏​ខ្លី​ ។

ខេត្តកំពត​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជាទី​តាំង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ ក្រោម​អធិបតីភាព​សម្ដេច​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន​។ ពិធីបុណ្យ​សមុទ្រ​លើក​ទី៨នេះ​ នឹង​រៀបចំឡើង​ក្នុង​រយ​: ៣ថ្ងៃ​ ពោល​គឺ​ចាប់ពី​ថ្ងៃទី២០​ ២១​ និង២២​ ខែធ្នូ​ ឆ្នាំ២០១៩​។

កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ សម្រាប់​បុណ្យ​សមុទ្រ​ឆ្នាំនេះ​ នៅក្នុង​ខេត្តកំពត​ និង​យក​ធ្វើជា​ខេត្ត​គំរូ​ក្នុង​ការរៀបចំ​ឱ្យ​មាន​វិថី​ម្ហូបអាហារ​ ឬហៅ​ថា​ Street​ Food​ ឱ្យ​បាន​លេចធ្លោ​ជាង​បណ្តា​ខេត្ត​នានា​ដែល​ធ្លាប់​ប្រា​រព្វ​កាលពី​ពេល​មុន​ៗផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here