រដ្ឋាភិបាល​គាំទ្រ​គម្រោង​វិនិយោគ​អគារ​ពហុមុខ​ងារ​មួយ​បន្ថែម​ទៀត​ក្នុង​ខណ្ឌទួលគោក​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​អន្តរក្រសួង​ បាន​ប្រកាស​គាំទ្រ​លើ​គម្រោង​បង្កើត​អគារ​ពហុមុខ​ងារ​មួយ​មួយ​បន្ថែម​ទៀត​ក្នុង​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ខណៈ​ខណ្ឌ​មួយ​នេះ​ កំពុង​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​វិស័យ​សំណង់​អគារ​ផ្សេង​ៗ។

យោង​តាម​កិច្ចប្រជុំ​ អន្តរក្រសួង​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​កាលពី​ថ្ងៃទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ គម្រោង​បង្កើត​អគារ​ពហុមុខ​ងារ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ២.៦១០ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ទី១​ សង្កាត់​បឹងកក់​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ របស់​ក្រុមហ៊ុន​ Star​ Ting​ International​ Develompment​ Co​,.Ltd​ ​ឯ.ក​ ដែល​បាន​សិក្សា​ និង​វាយតម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ សាស្ទី​ណា​ត៍​ ហ្គ្រីន​។

បន្ទាប​ពី​ផ្តល់​យោបល់​ និង​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នេះ​ មាន​លទ្ធផល​ដូច​ខាងក្រោម​៖

១.អង្គប្រជុំ​មានការ​គាំទ្រ​សម្រាប់​គម្រោង​វិនិយោគ​នេះ​
២.ក្រុមហ៊ុន​ភ្ជាប់​ប្លង់​ប្រព័្ធន​ការពារ​អគ្គីភ័យ​ នៅក្នុង​អគារ​ និង​បង្ហាញ​ពី​ផែនការ​ការពារ​អគ្គិភ័យ​
៣.ក្រុមហ៊ុន​ត្រូវ​សិក្សា​រៀបរាប់​បន្ថែម​អំពី​ប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ដោយ​ត្រូវ​បញ្ជាក់​អំពី​ទំហំ​ និង​មុខងារ​អាង​នី​មួយ​ៗ
៤.ក្រុមហ៊ុន​ត្រូវ​ធ្វើការ​គ្រប់គ្រង​ និង​បែងចែក​សំណល់រឹង​ឱ្យ​ដាច់​ពីគ្នា​រវាង​សំណល់​គ្រោះថ្នាក់​ និង​សំណល់​ផ្ទះបាយ​
៥. ក្រុមហ៊ុន​ត្រូវ​រៀបចំ​បំពាក់​បំពង់​បូមទឹក​សម្រាប់​ឡាន​ពន្លត់​អគ្គីភ័យ
​៦.ក្រុមហ៊ុន​ត្រូវ​បញ្ចូល​រាល់​មតិយោបល់​វិជ្ជ​មា​នបស់​សមាជិក​អង្គប្រជុំ​ទៅ​ក្នុង​របាយការណ៍​ IESIA​ នេះ​។

ខណ្ឌទួលគោក​គឺជា​ខណ្ឌ​មួយ​ដែល​កំពុងតែ​មាន​សក្តា​នុ​ពល​ក្នុងចំណោម​ខណ្ឌ​ស្ថិតនៅ​កណ្តាល​ក្រុង​ទាំង​ ៤ខណ្ឌទួលគោក​បាន​និង​កំពុងតែ​មានការ​វិនិយោគ​ទៅលើ​អាគារ​សហកម្មសិទ្ធិ​ ឬខុន​ដូ​កាន់តែ​ច្រើន​ និង​អគារ​ពហុមុខ​ងារ​ ដោយសារ​ទីផ្សារ​នៅក្នុង​តំបន់​នេះ​កំពុងតែ​ចាប់ផ្តើម​ហុច​សក្តា​នុ​ពល​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

ជាមួយនឹង​ការ​ពង្រីក​សក្តា​នុ​ពល​របស់​ខ្លួន​ ទួលគោក​ពិតជា​មានការ​អភិវឌ្ឍន៍​យ៉ាង​រហ័ស​ ហើយ​តំបន់​នោះ​ពិតជា​មានឱកាស​វិនិយោគ​សម្រាប់​ការ​វិនិយោគ​ និង​សំណង់​។

អ្នកនាង​អាន​ សុធី​តា​ នាយិកា​ក្រុមហ៊ុន​ CBRE​ ប្រចាំ​នៅ​កម្ពុជា​ ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​នេះ​ថា​ តំបន់​ទួលគោក​គឺជា​តំបន់​ដែល​មាន​សក្តា​នុ​ពល​និង​មានការ​រីកចម្រើន​ខ្លាំង​ក្នុងរយៈពេល ២ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​តំបន់​នេះ​នៅ​មិន​ឆ្ងាយ​ពី​កណ្តាល​ទីក្រុង​ភ្នំពេញ​នោះ​ទេ​ មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ តម្លៃ​ដី​ក៏​នៅ​មានតម្លៃ​សមរម្យ​ និង​ជា​កន្លែង​ចាប់អារម្មណ៍​របស់​អ្នក​វិនិយោគ​នានា​ទៀតផង​។

អ្នកនាង​បន្ត​ថា​ “តំបន់​នេះ​មាន​សក្តា​នុ​ពល​អភវិ​ឌ្ឍ​ន៍​លើ​វិស័យ​ខុន​ដូ​ អគារ​ពាណិជ្ជកម្ម​ ហើយ​មិន​យូ​មិនឆាប់​តំបន់​នេះ​និង​រីក​ដុះដាល​ខ្លាំង​ទៅលើ​វិស័យ​នេះ​ដែល​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​តំបន់​ផ្សេង​ៗទៀត​បាន​”៕

អានបន្ត៖ ក្រសួង​ដែនដី​នឹង​ពង្រាយ​មន្ត្រីបច្ចេកទេស​ដើម្បី​ពន្លឿន​និ​តិ​វិធី​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​

LEAVE A REPLY

Please enter your comment!
Please enter your name here