អ្នកជំនាញ​និយាយ​ពី​ស្ថាន​ភាព​ទីផ្សារ​លំនៅ​ដ្ឋាន​ក្នុង​ឆ្នាំ២០១៩​ ខណៈ​ការ​លក់​ជួប​ការ​ធ្លាក់ចុះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តាម​ទិដ្ឋភាព​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ គេ​ឃើញ​មា​នប​ណ្តុំ​សំណង់​លំនៅ​ដ្ឋាន​មួយចំនួន​ បាន​បង្ហាញ​ពី​សភាព​ទ្រឹង​របស់​ខ្លួន​ ហាក់​មិនសូវ​មាន​ទីផ្សារ​លើ​ការ​លក់​ដូច​កាលពី២​ ទៅ៣ឆ្នាំមុន​នោះ​ឡើយ​។ រួប​ភាព​ទាំងនេះ​ ត្រូវ​បាន​អ្នកវិភាគ​មួយចំនួន​លើកឡើង​ថា​ គឺ​បណ្តាល​មក​ពី​ការ​ផ្គត់ផ្គង់​សម្រុក​រួមគ្នា​ក្នុង​ពេល​តែមួយ​ ខណៈ​ដែល​តម្រូវការ​ហាក់​មិនទាន់​មានលទ្ធភាព​គ្រប​គ្រាន់​សម្រាប់​ទទួលយក​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Dream​ Property​ លោក​ គាម​ សៀ​កឡុង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២២​ ខែសីហា​ នេះ​ថា​ ផ្អែក​តាម​ការ​មើល​ជាក់ស្ដែង​របស់​លោក​ សម្រាប់​ទីផ្សារ​លំនៅ​ដ្ឋាន​នៅក្នុង​ឆ្នាំ២០១៩នេះ​ ពិតជា​មានការ​ធ្លាក់ចុះ​បន្តិច​មែន​ ប៉ុន្តែ​វា​មិនមែន​ជា​វិបត្តិ​នៃ​វិស័យ​មួយ​នេះនោះ​ទេ​។ លោក​បាន​បន្ត​ថា​ “តម្រូវការ​ពិតប្រាកដ​នៅពេល​បច្ចុប្បន្ន​នេះ​ គឺ​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិត​ក្រោម​មធ្យម​ ដែល​ពលរដ្ឋខ្មែរ​ភាគច្រើន​អាច​មានលទ្ធភាព​ ក្នុង​ការ​ទទួលយក​តាមរយៈ​ការទិញ​ដោយ​បង់​ផ្ដាច់​ ឬតាមរយៈ​ការ​បង់​រំលោះ​ជាមួយ​ធនាគារ​ជាដើម​”។

លោក​បាន​បន្ត​ទៀត​ថា​ “តាម​ការ​មើលឃើញ​របស់ខ្ញុំ​ ចំពោះ​លំនៅ​ដ្ឋាន​ដែល​នៅ​ទ្រឹង​ពេលនេះ​ ជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ដោយសារតែ​ភាគច្រើន​ត្រូវ​បាន​អ្នកមាន​ធនធាន​ ទិញទុក​វិនិយោគ​បន្ត​ដើម្បី​ទទួល​បាន​ចំណេញ​ ដែល​វា​មិនមែន​ជា​តម្រូវការ​ពិតប្រាកដ​នោះ​ទេ​”។ លោក​ថា​ “នៅពេល​មានការ​ទិញទុក​វិនិយោគ​កាន់តែ​ច្រើន​ អ្នកចូលរួម​នៅក្នុង​វិស័យ​មួយ​នេះ​ កើនឡើង​ច្រើន​ក្នុង​ពេល​តែមួយ​ វា​នឹង​រួមចំណែក​ក្នុង​ការ​កាត់​ចំណែក​ទីផ្សារ​ ខណៈ​ដែល​ចំនួន​នៃ​តម្រូវការ​មានកម្រិត​”។

ជាមួយគ្នា​នេះ​ លោក​ គាម​ សៀ​កឡុង​ បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ថា​ បើ​ទោះជា​នៅ​ត្រឹម​មាស​ទី៣នៃ​ឆ្នាំ២០១៩នេះ​ សកម្មភាព​នៃ​ការទិញ​-លក់​ សំណង់​លំនៅ​ដ្ឋាន​មាន​ឱនភាព​បន្តិច​ ប៉ុន្តែ​លោក​ជឿ​ថា​ នៅ​ឆ្នាំ​បន្ទាប់​ចំណុច​អសកម្ម​ទាំងនេះ​ នឹង​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ ស្រប​ពេល​ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​មួយចំនួន​ បាន​និង​កំពុង​រក​វិធីសាស្ត្រ​ក្នុង​ការ​លក់​។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​លើកឡើង​ថា​ សម្រាប់​វិស័យ​លំនៅ​ដ្ឋាន​នៅក្នុង​ឆ្នាំ២០១៩នេះ​ គឺ​មាន​ឱនភាព​ជាង​ឆ្នាំ​កន្លងទៅ​។ លោក​បាន​បន្ត​ទៀត​ថា​ ការ​ឱនភាព​នៃ​វិស័យ​លំនៅ​ដ្ឋាន​នា​ពេល​បច្ចុប្បន្ន​នេះ​ មិនមែន​បណ្តាល​មក​ពី​ការ​ទទួលរង​នូវ​ឥទ្ធិពល​វិបត្តិសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នោះ​ទេ​ ប៉ុន្តែ​គឺ​បណ្តាល​មក​ពី​សកម្មភាព​អភិវឌ្ឍ​ផ្ទាល់​នៅក្នុង​ប្រទេស​។

លោក​បាន​បន្ត​ទៀត​ថា​ “ជា​ការពិត​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មាន​តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​សមរម្យ​ផ្ទាល់ខ្លួន​ជាច្រើន​ម៉ឺន​ខ្នង​ ប៉ុន្តែ​ដោយសារតែ​ការ​ផ្គត់ផ្គង់​កើតមាន​យ៉ាង​គំហុក​ក្នុង​ពេល​តែមួយ​ ទើប​បង្ក​ឱ្យ​តម្រូវការ​មិន​មានលទ្ធភាព​គ្រប់គ្រាន់​ ក្នុង​ទទួលយក​”។

លោក​ង៉ែត​ ជូ​ បាន​បញ្ជាក់​ថា​ បើ​ទោះជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​គឺជា​គោលដៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ប៉ុន្តែ​ពួកគេ​ភាគច្រើន​នៅ​មិនទាន់​មានលទ្ធភាព​ក្នុង​ការទិញ​ទាំងស្រុង​នៅឡើយ​ ដោយសារតែ​បញ្ហា​ចំណូល​របស់​ពួកគាត់​នៅ​មានកម្រិត​នៅឡើយ​ ហើយ​វា​តម្រូវ​ឱ្យ​ចំណាយពេល​យូរ​បន្តិចទៀត​ ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ចំណាយ​ទិញ​លំនៅ​ដ្ឋាន​ទាំងអស់​នោះ​។ ទោះជាយ៉ាងណា​ លោក​ក៏បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​សមិទ្ធផល​នៃ​វិស័យ​សំណង់​ និង​វិស័យ​លំនៅ​ដ្ឋាន​ដែល​មាន​ភាព​រីកចម្រើន​ក្នុងរយៈពេល​ដ៏​ខ្លី​។

ទោះជាយ៉ាងណា​លោក​ឧកញ៉ា​លី​ ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុ​ជា​បា​មសម្តែង​សុទិដ្ឋិនិយម​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​ឆ្នាំ២០១៩នេះ​ មិន​មាន​បញ្ហា​ចោទ​អ្វី​នោះ​ទេ​ ដោយសារ​តម្រូវការ​នៅតែ​កើនឡើង​ ហើយ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ក៏បាន​និង​កំពុង​កើនឡើង​។

លោក​បន្ត​ថា​ “ដោយសារ​ស្ថានភាព​នយោបាយ​ សេដ្ឋកិច្ច​បន្ត​រីកចម្រើន​ និង​កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ ខ្ញុំ​គិតថា​ទីផ្សារ​លំនៅ​ដ្ឋាន​នៅតែ​បន្ត​មាន​ភាព​វិជ្ជមាន​បន្ត​ទៀត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here