ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រព័ន្ធផ្សព្វផ្សាយ Digital Marketing នាពេលបច្ចុប្បន្ននេះ ត្រូវបានក្លាយទៅជាឧបករណ៍មួយ ដ៏មានប្រជាប្រិយភាព ក្នុងការប្រើប្រាស់ដើម្បីជាប្រយោជន៍ ជាពិសេសពាក់ព័ន្ធទៅនឹងមុខជំនួញផ្សេងៗ ដែលក្នុងនោះវិស័យអចលនទ្រព្យក៏មានការរួមចំណែកយ៉ាងសកម្មផងដែរ។
ដោយមើលឃើញពីសារសំខាន់ និងភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ Digital Marketing ដើម្បីជួយជំរុញដល់ការលក់ នៅក្នុងវិស័យអចលនទ្រព្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) បានបង្កើតវគ្គបណ្តុះជំនាញខ្លីក្រោមប្រធានបទ «ជំនាញផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់វិស័យអចលនទ្រព្យក្នុងសតវត្សរ៍ទី២១» ដើម្បីចូលរួមលើកម្ពស់ ជំរុញការលក់ឱកយកាន់តែប្រសើរ។
-->
វគ្គបណ្តុះបណ្តាលនេះនឹងមានការចូលរួមបង្ហាញពីសំណាក់អ្នកជំនាញផ្សព្វផ្សាយវិស័យអចលនទ្រព្យចំនួន ២រូប គឺ លោកហាក់ គីមថុង ប្រធានផ្នែកទីផ្សារ Century21 Dream Property រួមជាមួយលោក ម៉ឹក ចិន្តា ស្ថាបនិក និងជានាយកក្រុមហ៊ុន realestate.com.kh។
ប្រធានផ្នែកលក់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Dream Property លោក ហាក់ គីមថុងបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២២ ខែសីហាកន្លងមកថា កម្មវិធីបណ្តុះបណ្តាលមួយនេះ គឺមានសារសំខាន់ និងផ្តល់ចំណេះដឹងបន្ថែមពាក់ព័ន្ធទៅនឹងជំនាញ ក្នុងការផ្សព្វផ្សាយពីផលិតផលអចលនទ្រព្យ ដើម្បីជំរុញការលក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកបានបន្តទៀតថា “ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ឬបណ្តាញទំនាក់ទំនងសង្គម Facebook គឺមានសារៈសំខាន់ណាស់ ដែលវាអាចជួយយើងបានច្រើន និងអាចទទួលបានភាពជោគជ័យ ប្រសិនបើយើងចេះប្រើប្រាស់ដោយសមស្រប”។ លោកបន្តទៀតថា “បច្ចុប្បន្ននេះ មានមនុស្សជាច្រើន ដែលកំពុងតែយកបណ្តាញមួយនេះ ធ្វើជាប្រយោជន៍ ប៉ុន្តែលទ្ធផលដែលជោគជ័យ គឺមានមនុស្សតិចណាស់ ដោយសារតែការប្រើប្រាស់មិនត្រូវបច្ចេកទេស”។
លោកហាក់ គីមថុងបានបន្តទៀតថា “សម្រាប់អ្នកដែលចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល នឹងទទួលបានចំណេះដឹងថ្មីៗស្ដីពី ការយល់ដឹងស៊ីជម្រៅពីបណ្តាញផ្សព្វផ្សាយឌីជីថល ជាពិសេសបានយល់ច្បាស់ ពីរបៀបប្រើដើម្បីណែនាំពីផលិតផល ជាពិសេសគឺការជំរុញផលិតផលអចលនទ្រព្យរបស់ខ្លួន ទៅដល់ដៃអតិថិជនគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់។
នាយកសាលាអចលនទ្រព្យកម្ពុជា លោក ខាត់ បូរ៉ា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃដដែលនេះថា ជានិច្ចកាលសាលាអចលនទ្រព្យកម្ពុជា តែងតែយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលជំនាញ និងផ្តល់នូវចំណេះដឹងបន្ថែមថ្មីទៅដល់អ្នកដែលកំពុងតែប្រឡូកនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ លោកបន្តទៀតថា យើងចង់ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងពេលដ៏ខ្លី។
លោកបានបន្តទៀតថា “ការអភិវឌ្ឍនៅក្នុងវិស័យអចលនទ្រព្យ ត្រូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធជាសំខាន់ផងដែរ ជាពិសេសអ្នកផ្សព្វផ្សាយ និងការលក់បន្ទាប់ពីម្ចាស់គម្រោង ក៏ដូចជាអ្នកអភិវឌ្ឍផងដែរ”។

វគ្គបណ្តុះបណ្តាលពីជំនាញខាងលើនេះ នឹងត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក២ ចាប់ពីម៉ោង ៨ៈ៣០នាទីព្រឹក ដល់ម៉ោង ៥០០ល្ងាច។ ជំនាញសំខាន់ៗដែលនឹងត្រូវលើកយកមកបង្ហាញរួមមាន ទី១ ចង់បង្កើនការលក់អចលនទ្រព្យតាមរយៈ Facebook និង Facebook Messenger ឱ្យមានលទ្ធផលខ្ពស់មែនទេ? ទី២ ចង់ទទួលបានវិធីសាស្ត្រ និងគន្លឹះពិសេសៗ ដើម្បីផ្សព្វផ្សាយការលក់អចលនទ្រព្យ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុនមែនទេ?។
ទី៣. ចង់មានជំនាញដៅទីតាំងអចលនទ្រព្យ គូគំរោងលើផែនទី មើលស្ថានភាពអលនទ្រព្យ តាម Google Earth Pro ដែរឬទេ? ទី៤ ចង់មានជំនាញវាស់វែងអចលនទ្រព្យលើផែនទី និងការវាស់វែងដោយផ្ទាល់តាមទូរស័ព្ទដៃដែរឬទេ?។ ទី៥ ចង់មានជំនាញដាក់អចលនទ្រព្យលើផែនទី ការថតរូប ឬវីដេអូលើផែនទី និងការធ្វើគម្រោងអាទិភាពលើផែនទី ដែរឬទេ? និងទី៦ ចង់ឈានមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរកស៊ីក្នុងវិស័យអចលនទ្រព្យដែរឬទេ?។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៩៦ ២៦០៥ ៨៥៨ / ០៨៥ ៣១១ ១៨៣ /០១០ ៣៨៦ ៥៤៣៕