ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ជាការជំរុញ និងសម្រួលដល់មធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស ជាពិសេសបង្ករភាពងាយស្រួលក្នុងការបង្កើនចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា នៅដំណាច់ចុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ការហោះហើរត្រង់ពីខេត្តដាណាង ប្រទេសវៀតណាម មករាជធានីភ្នំពេញ នឹងត្រូវតភ្ជាប់។

-->
នៅទីស្តីការក្រសួងទេសចរណ៍ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ដែលដឹកនាំដោយលោកអគ្គនាយកក្រុមហ៊ុន។
ការជួបពិភាក្សានេះ គឺដើម្បីសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាង នៃប្រទេសវៀតណាម នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
ជាមួយនឹងការអបអរសាទរចំពោះគម្រោងតភ្ជាប់ជើងហោះហើរត្រង់នេះ លោក ថោង ខុន បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ រួមជាមួយនឹងការគិតគូរលើការបង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការមកកម្ពុជា។
ចំពោះសំណើខាងលើនេះ លោកអគ្គនាយកក្រុមហ៊ុនក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីរៀបចំឱ្យមានការសិក្សាលើបញ្ហាពាក់ព័ន្ធបន្ថែមទៀត។បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។
ក្រៅពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប ពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម។
ខេត្តដាណាង គឺជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀតណាម ដូច្នេះទីនោះនឹងសម្បូរភ្ញៀវទេសចរមកពីប្រទេសទីបីច្រើន ដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជា ហើយការតភ្ជាប់នេះក៏ជាការងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលចង់មកនៅភ្នំពេញ ឬហោះហើរត្រងពីភ្នំពេញទៅដាណាងផងដែរ។
អ្វីដែលសំខាន់ គឺដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើន។ក្រោយពីមានការរិះគន់ចំពោះបញ្ហាពន្យារពេល និងលុបចោលជើងហោះហើរ ក្រុមហ៊ុនបានកែសម្រួលសេវាកម្មរបស់ខ្លួនល្អប្រសើរច្រើនឡើងវិញហើយ ចាប់ពីដើមឆ្នាំ២០១៩នេះមក ហើយលោកអគ្គនាយក ហ័ង ម៉ាញ់ទួន ក៏បានប្ដេជ្ញាពង្រឹងគុណភាពសេវាដឹកអ្នកដំណើររបស់ខ្លួនផងដែរ៕