ដោយ គង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ាសៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបានវិនិយោគលើអាគារខុនដូ និងក្រុមហ៊ុនជាច្រើនទៀតបានបង្ហើបពីយុទ្ធសាស្រ្តក្នុងការវិនិយោគលើដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់។
លោកឧកញ៉ាបានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា លោកបានចាប់ផ្តើមក្រុមហ៊ុនតំបូងជា ក្រុមហ៊ុនបែប Logistic ដែលបាននិងកំពុងបន្ត ប៉ុន្តែលោកទទួលបានជោគជ័យខ្លាំងលើវិស័យអចលនទ្រព្យ ពិសេសការវិនិយោគលើដីធ្លី ដែលធ្វើឲ្យលោកក្លាយជាអ្នកមានក្នុងវិស័យនេះ។
-->
លោកបន្តថា ដើម្បីទិញដីធ្លីទទួលបានផលចំណេញខ្ពស់ ត្រូវឈរលើកត្តាចំនួនបី ទី១ វិនិយោគនៅតំបន់ដែលស្ថិតក្នុង ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ទី២ ត្រូវដឹងមុនគេ និងទិញមុនគំរោងអភិវឌ្ឍន៍ចាប់ផ្តើម ព្រោះបើទិញនៅតំបន់គេដឹងគ្រប់គ្នាហើយ យើងមិនទទួលបានផលចំ ណេញច្រើននោះទេ និងទី៣ ទិញដីដែលមិនមានបញ្ហា ព្រោះបើទិញកន្លែងមានបញ្ហា យើងនឹងមានរឿងឈឺក្បាលជាច្រើនត្រូវដោះស្រាយ។
នៅពេលសួរថា តើលោកក្លាយជាអ្នកមានដោយសារដីធ្លី ឬយ៉ាងណា? លោកឧកញ៉ាសៀ រិទ្ធីបានថ្លែងថា “បាទ ខ្ញុំក្លាយជាអ្នកមានដោយសារការវិនិយោគលើវិស័យដីធ្លី”។
លោកឧកញ៉ាសៀ រិទ្ធី បច្ចុប្បន្នបាននិងកំពុងក្លាយជាអ្នកវិនិយោគអចលនទ្រព្យលេចធ្លោមួយរូបនៅកម្ពុជា ដោយសារគំរោង The Bridge, The PeAk ទទួលបានជោគជ័យខ្លាំង និងមកំពុងវិនិយោគគំរោងលំនៅដ្ឋានប្រណីតមួយទៀតឈ្មោះ The Palmស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលគម្រោងទាំងបីនេះចំណាយទឹកប្រាក់ប្រមាណ ១,០០០លានដុល្លារអាមេរិក៕