ដោយ គង់ សូរិយា
ភ្នំពេញៈ លោកជំទាវលឹម ឈីវហូអគ្គនាយកក្រុមហ៊ុនអ៊ែតវូដគ្រុបបានបង្ហើបពីវិធីសាស្រ្តបង្កើនទ្រព្យ ក្នុងវិស័យអចលនទ្រព្យដល់ប្រជាពលរដ្ឋខ្មែរ ខណៈវិស័យនេះកំពុងមានភាពរីកចម្រើន។
លោកជំទាវធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ក្នុងពេលដែលវិស័យសំណង់និងអចលនទ្រព្យកំពុងរីកចម្រើនបែបនេះ ប្រជាពលរដ្ឋខ្មែរអាចបង្កើនទ្រព្យតាមរយៈការទិញដីឡូត៍ ឬទិញផ្ទះល្វែង ដោយសារបច្ចុប្បន្ន អ្នកអភិវឌ្ឍន៍បុរីនានាមិនបានតម្រូវឲ្យបង់ប្រាក់កក់នោះទេ ហេតុនេះប្រជាពលរដ្ឋ ជាអ្នកធ្វើការអាចសន្សំបង់លុយបង់រំលស់ រយៈពេល៥ទៅ១០ឆ្នាំ ពួកគាត់នឹងអាចសន្សំលុយបានយកទៅវិនិយោគបន្ថែមហើយ។
-->
លោកជំទាវលឹម ឈីវហូបានបន្តថា អ្នកធ្វើការដែលមានប្រាក់ខែ៥០០ដុល្លារ បូកជាមួយប្តីឬប្រពន្ឋបាន៣០០បន្ថែមទៀត ពួកគេអាចសន្សំលុយបង់រំលស់បានហើយ។ ភ្លេចៗខ្លួន ពួកគេបានលុយដុំ សំរាប់ពង្រីកការវិនិយោគ ព្រោះពេលបង់ផ្ទះឬដីឡូត៍ចប់តម្លៃផ្ទះ និងដីរបស់ពួកគេឡើងថ្លៃហើយអាចលក់ចេញ យកលុយទៅវិនិយោគបន្តបាន។
លោកជំទាវបន្តថា “សូមចាយវាយត្បិតត្បៀត កុំខ្ជះខ្ជាយ ព្រោះបើយើងចាយត្បិតត្បៀត យើងអាចសន្សំលុយបានច្រើន និងមានឳកាសវិនិយោគផ្ទះឬដីឡូត៍ ដើម្បីស្វែងរកផលចំណេញបាន ព្រោះគ្មានអ្នកណាកើតមានមានស្រាប់ច្រើននោះទេ ម្នាក់់ៗបានលុយមកពីការសន្សំនិងចាយវាយត្បិតត្បៀត៕