ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មើជើងចំនួន ២ បន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញ នៅទីតាំងផ្សេងគ្នា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសរសេរនៅក្នុងទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ នេះថា ប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព។
-->
លោក ឃួងស្រេងសរសេរបន្តថា គម្រោងទីមួយមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ។
លោកអភិបាលក្រុងមិនបានបញ្ជាក់ពីទំហំតម្លៃលើការចំណាយលើគម្រោងសាងសង់ស្ពានអាកាសថ្មើជើងទាំងពីរនេះ និងពេលវេលាជាក់លាក់នៅឡើយទេ តែយ៉ាងណាក៏ដោយនេះ គឺជាដំណឹងដ៏គួររីករាយមួយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ និងឧស្សាហ៍ធ្វើដំណើរនៅតំបន់ទាំងពីរគម្រោងនេះ។

បច្ចុប្បន្នទីក្រុងភ្នំពេញ មានស្ពានអាកាសថ្មើជើងចំនួន ៣ ដែលស្ពានអាកាសថ្មើជើងចំនួន ២ស្ថិតនៅផ្សារជំពូវន្តតាមបណ្តោយផ្លូវជាតិលេខ ៤ និងមួយទៀតស្ថិតរង្វង់មូលនាងគង់ហេងក្បែរវត្តព្រះពុទ្ធមានបុណ្យ៕