វិស័យ​ទេសចរណ៍​បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិប្រមាណ ៤​,៣៧៥លាន​ដុល្លារ​

0

ដោយ ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​អះអាង​ថា​ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិប្រមាណ ៤​,៣៧៥លាន​ដុល្លារ​ ស្មើនឹង ១២.៧​%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជាង៦២ម៉ឺន​នាក់​ ស្មើនឹង១៣​% នៃ​ការងារ​សរុប​។

លោក​ ហោ​ មុនី​រ័ត្ន​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ឱ្យ​ដឹង​នៅក្នុង​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ «ការអភិវឌ្ឍន៍​ និង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ឆ្ពោះទៅ​ឧស្សាហកម្ម​ ៤.០​» កាលពី​ថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ ស្របតាម​ចក្ខុវិស័យ​ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ក្នុង​វិស័យ​ទេសចរណ៍២០១៧​-២០២៥​ នៅ​ឆ្នាំ២០២០​ ក្រសួងទេសចរណ៍​ ត្រូវ​ជំរុញ​ឲ្យ​អ្នកជំនាញ​យ៉ាងតិច៥០​% ត្រូវ​មាន​វិញ្ញាបនបត្រ​ ឬសញ្ញា​បត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់​ដា​ជាតិ​ និង​អាស៊ាន​ តាមរយៈ​ការ​បណ្តុះបណ្តាល​ ឬការវាយតម្លៃ​សមត្ថភាព​។

នៅ​ឆ្នាំ២០២៥​ ត្រូវ​សម្រេច​ឲ្យបាន​យុទ្ធនាការ​ «បុគ្គលិក​ម្នាក់​ ជំនាញ​មួយ​» ពោល​គឺ​ជំរុញ​ឲ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់​ ត្រូវ​មាន​វិញ្ញាបនបត្រ​ ឬសញ្ញា​បត្រ​បញ្ជាក់​សមត្ថភាព​។

លោក​បន្ថែម​ទៀត​ថា​ “ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ ក្នុង​វិស័យ​ទេសចរណ៍​ បាន​និង​កំពុង​រួមចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការជំរុញ​កំណើន​ទេសចរ​ ដែល​ទាមទារ​ជាចាំបាច់​ ក្នុង​ការ​បណ្ដុះបណ្ដាល​បំប៉ន​សមត្ថភាព​បន្ថែម​ដល់​មន្ត្រី​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​”។

លោក​បញ្ជាក់​ថា​ ទាំងនេះ​សុទ្ធតែ​ជា​បច្ចេក​វិទ្យា​ថ្មី​ៗ ដែល​ពិភពលោក​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ហើយ​បាន​ក្លាយទៅជា​កត្តា​ចម្បង​ចូលរួម​ ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​ ប្រកបដោយ​ការប្រកួត​ប្រជែង​ខ្ពស់​។លោក​ថា​ ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជា​ភារកិច្ច​ចម្បង​ ដែល​មិន​អាច​មើល​រំលង​បាន​ ក្នុង​ការ​ឆ្លើយតប​នូវ​កំណើន ២ខ្ទង់​ នៃ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​ ហើយក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​រាជការ​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ ធ្វើ​យ៉ាង​ដើរ​ឱ្យ​ទាន់​ការ​រីកចម្រើន​របស់​ពិភពលោក​នា​សម័យ​ទំនើប​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here