ដោយ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យអះអាងថា ផលចំណេញត្រលប់់ (return of Investment) ក្នុងការវិនិយោគលើខុនដូអាចទទួលបាន ១០ភាគរយ ក្នុងមួយឆ្នាំ ដោយពឹងផ្អែកលើទីតាំង និងគុណភាពគម្រោងអភិវឌ្ឍន៍។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតា បានប្រាប់គេហទំព័រ Propertyarea.asia កាលសប្តាហ៍មុនថា ផលចំណេញត្រឡប់មកវិញក្នុងការវិនិយោគលើខុនដូ នៅតែបន្តមានសក្កានុពលដល់អ្នកវិនិយោគខុនដូ ដោយអាចទទួលបានដល់ទៅ ១០ភាគរយជាធម្យមក្នុងមួយឆ្នាំ នៅកម្ពុជាខណៈប្រទេសជិតខាងកម្ពុជាទទួលបានផលចំណេញទាបជាងនេះ។
ទាក់ទងនឹងការទទួលបានផលចំណេញត្រឡប់វិញខ្ពស់ វាពឹងផ្អែកលើអ្នកអភិវឌ្ឍន៍ជ្រើសរើសទីតាំងបានល្អ គុណភាពសំណង់ល្អ ដូច្នេះធ្វើឲ្យអ្នកទិញមានទំនុកចិត្ត ហើយអ្វីសំខាន់គឺគាត់ (អ្នកអភិវឌ្ឍន៍) ដាក់លក់តម្លៃសមរម្យមួយ ហើយអ្នកទិញអាចទទួលបានតម្លៃមួយក្នុងការទទួលបានផលចំណេញពីវិនិយោគរបស់ពួកគាត់ (អ្នកទិញ)។នេះបើតាមការអះអាងរបស់អ្នកជំនាញរូបនេះ។
សម្រាប់រយៈពេលខ្លីខាងមុខ ទីផ្សារខុនដូ អ្នកនាងអាន សុធីតា “អ្វីដែលខ្ញុំមើលទៅ ៣ឆ្នាំទៅមុខទៀត ទីផ្សារខុនដូនឹងកាន់តែមានភាពប្រកួតប្រជែងគ្នា ហើយអ្នកអភិវឌ្ឍន៍នឹងមិនអាចកំណត់តម្លៃលក់ ក្នុងទីផ្សារស្រេចតែចិត្តបានដូចកាលពីមុនទេ”។
អ្នកនាងបានបន្តថា ឧទាហរណ៍កាលពីឆ្នាំ៥មុន តម្លៃលក់ត្រូវបានកំណត់ដោយអ្នកអភិវឌ្ឍន៍ ដោយសារមិនមានការផ្គត់ផ្គង់គ្រាប់គ្រាន់ និងមិនមានអ្នកប្រកួតប្រជែងជាមួយគាត់ ប៉ុន្តែបច្ចុប្បន្នវាមានភាពផ្សេងគ្នា ដោយមានអ្នកវិនិយោគពីប្រទេសជាច្រើនឬមានអ្នកអភិវឌ្ឍន៍ក្នុងស្រុកវិនិយោគដែរ ដោយមានភាពល្អិតល្អន់ ដើម្បីធ្វើគម្រោងគាត់ទទួលបានជោគជ័យ។
គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ វត្តមានសំណង់ខុនលំដាប់ស្ដង់ដាសរុបចំនួន១៤៥គម្រោង បានបង្ហាញវត្តមាននៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានគម្រោងថ្មីៗចំនួន១៣ ទើបតែបានដាក់ចូលទីផ្សារក្នុងត្រីមាសទី២នៃឆ្នាំនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជា ពុំមានអ្វីប្រែប្រែលនោះទេ សម្រាប់ឆ្នាំ២០១៩នេះ ពោលគឺសកម្មភាពនៃការសាងសង់ ក៏ដូចជាទីផ្សារលក់ដូរនៅតែមានសភាពរឹងមុំាដដែល។

នៅក្នុងចំណោមគម្រោងខុនដូ ដែលកំពុងតែបន្តដំណើរការសាងសង់ទាំងអស់ គម្រោងធំដែលត្រូវបានធ្វើការចាប់អារម្មណ៍ និងនៅលំដាប់កំពូល រួមមានចំនួន៧គម្រោង រួមមានគម្រោង R&F City គម្រោង Arakawa Residence គម្រោង Urban Village គម្រោង Booyoung Town គម្រោង La Vista One គម្រោង Park Land Condo និង គម្រោង The Peak ដោយគម្រោងនីមួយៗ ភាគច្រើនត្រូវបានបែងចែកចេញជាច្រើនដំណាក់កាលក្នុងការសាងសង់៕






