ដោយៈ រ៉ាណេត
ភ្នំពេញៈ ទន្ទឹមនឹងមនុស្សមួយចំនួនមានការព្រួយបារម្ភ ពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយនឹងចិន នឹងប៉ះពាល់ដល់បវិស័យអចលនទ្រព្យកម្ពុជាក្តី ប៉ុន្តែអ្នកជំនាញនិងមានបទពិសោធន៍ច្រើនក្នុងវិស័យនេះបានអះអាងថា មិនថាពេលនេះឬក្នុងរយៈពេល ៣-៤ ឆ្នាំខាងមុខទៀត វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែរក្សាបានភាពល្អប្រសើរដដែល។
អគ្គនាយកក្រុមហ៊ុនអចនទ្រព្យអន្តរជាតិ Century21 Imperial Realty លោក Ken Lo បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះថា បើទោះជាសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចទាំង២ នៅតែបន្តយ៉ាងណាក្ដី សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មិនមានការរងឥទ្ធិពលនោះឡើយ។
-->
លោកបានបន្តទៀតថា “សង្គ្រាមពាណិជ្ជកម្មភាគច្រើន សំដៅទៅលើការនាំចេញ នាំចូលនូវបណ្តាផលិតផលនានា រវាងប្រទេសមហាអំណាចទាំង២ ដែលវាមិនមានមែនជាអចលនទ្រព្យនោះឡើយ។
លោកបានបន្តទៀតថា “និយាយពីចំណុចអវិជ្ជមាន ជាការពិតគឺតែងតែមាន ប៉ុន្តែវាមិនទទួលរងនូវឥទ្ធិពលដោយផ្ទាល់នោះទេ ហើយបើកម្ពុជាអាចទទួលរងនូវភាពអាក្រក់នៅក្នុងវិស័យអចលនទ្រព្យ ក៏ត្រូវចំណាយពេលយូរឆ្នាំទៀតដែរ”។
លោក Ken Lo បានបញ្ជាក់ថា ជាធម្មតា នៅពេលដែលក្រុមហ៊ុនមួយមានភាពប្រឈមទៅនឹងបញ្ហាកត្តាភូមិសាស្ត្រ និងនយោបាយ ប៉ះពាល់ដល់ដំណើរការអាជីវកម្ម គឺពួកគេរមែងស្វែងរកដំណោះស្រាយ ឬស្វែងរកទីតាំងផ្សេង ដែលមានភូមិសាស្ត្រអំណោ យផលនៅតាមបណ្តាប្រទេសមួយចំនួន ក្នុងនោះកម្ពុជាក៏អាចទទួលបានឱកាសបន្ថែមពីបណ្តាក្រុមហ៊ុនទាំងអស់នោះក៏ថាបាន។
បច្ចុប្បន្ននេះគម្រោងធំៗនៅកម្ពុជា ដែលមានតម្លៃទុនវិនិយោគរាប់ពាន់លានដុល្លារកំពុងតែមានសកម្មភាព និងដំណើរជាធម្មតា ដែលក្នុងនោះរួមមានដូចជា គម្រោងរបស់ក្រុមហ៊ុន Yuetai Group របស់ចិន គម្រោងអភិវឌ្ឍ Booyoung Town របស់កូរ៉េខាងត្បូង ដែលមានទំហំទឹកប្រាក់វិនិយោគ១,១ពាន់លានដុល្លារ គម្រោងរបស់ក្រុមហ៊ុន The Prince និងគម្រោងអភិវឌ្ឍសំណង់អគារភ្លោះរបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានកម្ពស់រហូតដល់៥៦៨ម៉ែត្រ ក្នុងទំហំទឹកប្រាក់វិនិយោគជាង៣ពាន់លានដុល្លារ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃដដែលនេះថា គម្រោងអភិវឌ្ឍន៍ វិស័យសំណង់ធំៗនៅកម្ពុជាមួយចំនួនធំ នៅតែបន្តមានសកម្មភាព ហើយវានៅតែជាសញ្ញាវិជ្ជមានដែលមិនទាន់មានក្ដីព្រួយបារម្ភនៅឡើយ។
លោកបានបន្តទៀតថា “សម្រាប់សកម្មភាពសាងសង់ ឬផ្អាករបស់គម្រោងមួយចំនួន គឺជារឿងផ្ទៃក្នុងរបស់ក្រុមហ៊ុនដែលកាន់គម្រោង ដោយយើងមិនអាចមើលឃើញ ឬដឹងច្បាស់នោះទេ ព្រោះគម្រោងនីមួយៗគឺត្រូវបានធ្វើឡើងទៅតាមដំណាក់កាល និងការកំណត់របស់ម្ចាស់គម្រោង”។
លោកបន្តទៀតថា “ដោយឡែកពាក់ព័ន្ធទៅនឹងក្ដីព្រួយបារម្ភ ពីការធ្លាក់ចុះនៃវិស័យមួយនេះ វានៅមិនទាន់ឃើញមានចំណុចអវិជ្ជមាននៅឡើយ។ លោកបានបន្តទៀតថា យើងទទួលស្គាល់ថា វិស័យសំណង់មួយភាគធំនៅកម្ពុជា ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន ប៉ុន្តែយើងមិនពឹងផ្អែកទាំងស្រុងនោះទេ។
លោកបានបន្តទៀតថា “បើទោះជាវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែបន្ត ប៉ុន្តែកម្ពុជានៅតែអាចរក្សាបាននូវស្ថេរភាព ក្នុងវិស័យអចលនទ្រព្យដដែល ដរាបណាវិបត្តិសេដ្ឋកិច្ចលោកលើកទី៣មិនទាន់កើតមាន”។ លោកបន្ថែមថា “ផ្ទុយទៅវិញកម្ពុជាអាចមានឱកាសទាញបានប្រយោជន៍បន្ថែមទៀត ពីប្រទេសចិនក៏អាចថាបានដែរ នៅពេលដែលក្រុមហ៊ុនចិនមួយចំនួនបង្វែរគោលដៅវិនិយោគមកកាន់តំបន់អាស៊ី”។
តាមរបាយការណ៍ដែលបង្ហាញ ដោយអ្នកជំនាញស្រាវជ្រាវអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្រៅពីគម្រោងធំៗដូចដែលបានលើកឡើងខាងលើនេះ នៅមានគម្រោងសំណង់ R&F City គម្រោង Arakawa Residence គម្រោង Urban Village គម្រោង La Vista One គម្រោង Park Land Condo និងគម្រោង The Peak ដោយគម្រោងនីមួយៗភាគច្រើន ត្រូវបានបែងចែកចេញជាច្រើនដំណាក់កាលក្នុងការសាងសង់។
អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានមានប្រសាសន៍ផងដែរថា ជំលោះសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចទាំង២ នេះ កម្ពុជាអាចទទួលរងនូវឥទ្ធិពលផងដែរ ប៉ុន្តែមានកម្រិតតិចតួចប៉ុណ្ណោះនៅក្នុងវិស័យអចលនទ្រព្យ។

លោកបានបន្តទៀតថា “កម្ពុជាជាប្រទេសមួយដែលតូច ហើយបើរងឥទ្ធិលក៏មានកម្រិតតិចតួច និងដោយប្រយោល”។ លោកបានបន្តទៀតថា “បច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា គឺកំពុងតែស្ថិតនៅក្នុងដំណាក់ដំបូង ដែលប្រៀបបានទៅនឹងការបុកគ្រឹះយ៉ាងដូច្នោះ ហើយពេលបន្ទាប់គឺស្វែងរកទីផ្សារគោលដៅ”។
លោកហុង វណ្ណៈបានបន្តទៀតថា ទីផ្សារគោលដៅរបស់ពួកគេមិនមែនសំដៅតែជនជាតិចិននោះទេ ដែលវាអាចជាជនជាតិក្នុងស្រុក និងអតិថិជនដែលជាជនជាតិដទៃទៀត។ នៅក្នុងតំណាក់កាលនេះ ប្រសិនបើកម្ពុជាចេះឆ្លៀតឱកាស គឺអាចទទួលបានផលពីវិស័យពាណិជ្ជកម្ម ខណៈដែលបណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន និងអាមេរិក ក៏កំពុងសម្លឹងមើលភូមិសាស្ត្រគោលដៅ ដែលស្ថិតនៅក្នុងតំបន់អាស៊ី ធ្វើជាទីតាំងសម្រាប់កិច្ចបន្តដំណើរការសង្វាក់ផលិតកម្ម ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារដើមរបស់ខ្លួន៕