ដោយ វុត្ថា
កំពតៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពតគ្រោងនឹងរៀបចំកោះសេះដែលមានផ្ទៃដី៥០០ហិកតា ជាគោលដៅទេសចរណ៍ថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបន្ថែមទៀត ក្រៅពីតំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀតនៅក្នុងខេត្ត។

-->
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ឲ្យដឹងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៩ នេះ បានជំរុញឱ្យអាជ្ញារខេត្តកំពត ត្រូវរៀបចំគោលដៅទេសចរណ៍ថ្មីនៅលើកោះសេះនេះ ឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ត្រូវកៀរគរឱ្យមានការវិនិយោគលើកោះសេះ ដើម្បីរៀបចំឱ្យមានកញ្ចប់ទស្សនកិច្ចថ្មីសម្រាប់ខេត្តកំពត។
លោករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ ពីសក្ដានុពលទេសចរណ៍ដែលមាននៅលើកោះសេះនេះ ពីព្រោះនៅជិតកោះត្រល់ ក្បែរព្រំដែនសមុទ្រជាមួយវៀតណាម។ លោកបន្តថា ជាមួយគ្នានេះរាល់ការវិនិយោគនៅតំបន់ទេសចរណ៍ទាំងអស់ ត្រូវមានប្លង់គោល និងប្លង់មេអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ មិនអាចធ្វើដោយគ្មានការឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់អាជ្ញាធរខេត្ត ឬរាជរដ្ឋាភិបាលនោះឡើយ។
លោករដ្ឋមន្ត្រីថោង ខុនបានបញ្ជាក់ថា ការរៀបចំកោះសេះ ជាគោលដៅទេសចរណ៍ថ្មីនេះ គឺដើម្បីឱ្យទាន់ពេលវេលានៃការរៀបចចំបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពតសម្រាប់ឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានទៅលេងកម្សាន្តសម្បាយរីករាយ ខណៈពិធីបុណ្យនេះ នៅសល់ពេលតែ៤ខែទៀតនឹងឈានចូលមកដល់ហើយនោះ។
យោងតាម Wikipedia បានឱ្យដឹងថា កោះសេះ គឺជាកោះមួយរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឈូងសមុទ្រថៃ នៅខាងក្នុងឧទ្យានជាតិរាមខេត្តព្រះសីហនុដែលមានចម្ងាយ១,៥ គីឡូម៉ែត្រខាងត្បូងកោះថ្មី និងប្រហែល៩គីឡូម៉ែត្រ ខាងត្បូងដីសំខាន់នៃឃុំរាមខេត្តព្រះសីហនុ និងមានចម្ងាយ៤.៣ គីឡូម៉ែត្រពីកោះត្រល់ ឬកោះភូគុក ។
ជាមួយនឹងគោលបំណង ដើម្បីធ្វើឱ្យខេត្តកំពតមានសក្ដានុពល និងកាន់តែមានភាពទាក់ទាញផងនោះ លោកថោង ខុន បានកំណត់យកខេត្តកំពតជាខេត្តគំរូក្នុងការរៀបចំវិថីម្ហូបអាហារ (Food Street) ជំរុញឱ្យកសាងផ្លូវដាក់ភ្លើងបំភ្លឺទៅកាន់កំពង់ផែទេសចរណ៍ថ្មី រៀបចំចាក់ខ្សាច់បង្កើតឆ្នេរកំពតថ្មី ពង្រឹងគុណភាពសេវាដឹកជញ្ជូនទេសចរតាមផ្លូវទឹ និងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តកំពត ត្រូវពង្រឹងសេវាកម្មឱ្យបានល្អប្រសើរឡើងវិញជាដើម៕
អានបន្ត៖ ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក CNN ចុះផ្សាយពីកោះស្អាតដូចឋានសួគ៌ទាំង៧ របស់កម្ពុជា