ដោយ វុត្ថា
ភ្នំពេញៈ ប្រទេសមីយ៉ាន់ម៉ា បានទាក់ទាញការវិនិយោគបរទេសមានទឹកប្រាក់ជាង ៣,៥ ពាន់លានដុល្លារតាមរយៈក្រុមហ៊ុនចំនួន២២៤ ដែលត្រូវបានអនុញ្ញាតដោយគណៈកម្មការវិនិយោគមីយ៉ាន់ម៉ា (MIC)ក្នុងចន្លោះរយៈពេល១០ខែ ដែលគិតត្រឹមថ្ងៃទី ៣១ ខែកក្កដាក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០១៨-២០១៩។
យោងតាមតួលេខចេញផ្សាយដោយអគ្គនាយកវិនិយោគ និងរដ្ឋបាល (DICA) របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៦ ខែសីហាម្សិលមិញនេះបានឱ្យដឹងថា ចាប់ពីខែតុលាឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំនេះ វិស័យដឹកជញ្ជូននិងគមនាគមន៍បានទាក់ទាញការវិនិយោគច្រើនជាងគេ ដោយមានទុនវិនិយោគជាង១,៥ពាន់លានដុល្លារអាមេរិក បន្ទាប់មកវិស័យផលិតកម្មមានចំនួនជាង ១,១៤ ពាន់លានដុល្លារអាមេរិក។
-->
របាយការណ៍ដដែលបន្តថា ការវិនិយោគបរទេសក៏បានហូរចូលក្នុងវិស័យកសិកម្ម បសុសត្វនិងជលផល ថាមពលប្រេងនិងឧស្ម័ន សណ្ឋាគារនិងទេសចរណ៍ អចលនទ្រព្យ ឧស្សាហកម្ម និងផ្នែកសេវាកម្មផ្សេងទៀត។ តែបើយោងតាមតួលេខរបស់ DICA នេះថាក្នុងរយៈពេល១០ខែកន្លងមកនេះ វិស័យរ៉ែនិងសំណង់របស់ប្រទេសមីយ៉ាន់ម៉ា មិនទទួលបានលំហូរវិនិយោគបរទេសច្រើននោះទេ។
ចាប់ពីឆ្នាំ១៩៨៨-១៩៨៩ ដល់ថ្ងៃទី៣១ ខែកក្កដា នៃឆ្នាំសារពើពន្ធ២០១៨-២០១៩ នេះ មានសហគ្រាសសរុបចំនួន១.៧៧៩ ត្រូវបានអនុញ្ញាតវិនិយោគជាមួយទឹកប្រាក់ជាង៨១,២ពាន់លានដុល្លារអាមេរិករហូតមកដល់ពេលនេះ។

ក្នុងអំឡុងពេលនេះ វិស័យប្រេង និងឧស្ម័ន ថាមពល និងផលិតកម្មរបស់ប្រទេសនេះ ត្រូវបានចុះបញ្ជីជាវិស័យកំពូលទាំងបី ជាមួយនឹងការវិនិយោគបរទេសភាគច្រើន។ តំបន់ Yangon មានការទាក់ទាញ៦០ភាគរយ នៃការវិនិយោគទាំងក្នុង និងក្រៅប្រទេស បន្ទាប់មកគឺតំបន់ Mandalay ទទួលបាន៣០ភាគរយ ហើយលំហូរទុនដទៃទៀតបានហូរចូលទៅក្នុងតំបន់ និងបណ្តារដ្ឋមួយចំនួនទៀតនៅមីយ៉ាន់ម៉ា៕