ដោយ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ សហការជាមួយក្រុមហ៊ុនចិនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង នឹងសាងសង់ទីក្រុងថ្មីមួយនៅភាគខាងត្បូង រាជធានីភ្នំពេញ ដោយប្រសិទ្ឋនាមទីក្រុងថ្មីនេះជា “ទីក្រុងនាគ”។

ដោយ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ សហការជាមួយក្រុមហ៊ុនចិនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង នឹងសាងសង់ទីក្រុងថ្មីមួយនៅភាគខាងត្បូង រាជធានីភ្នំពេញ ដោយប្រសិទ្ឋនាមទីក្រុងថ្មីនេះជា “ទីក្រុងនាគ”។

គំរោងនេះនឹងសហការរៀបចំឡើងដោយក្រុមហ៊ុន ING Holding ជាមួយក្រុមហ៊ុន Causeway Bay Group និងក្រុមហ៊ុន SINO Bay Construction Investment ដែលមានមូលដ្ឋានទីក្រុង ហុងកុង។
យោងតាមការប្រកាសព៌តមានរបស់ក្រុមហ៊ុនទាំងបី ដែលបានចេញផ្សាយនៅក្នុងពិធីចុះហត្ថលេខានៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី២៦ សីហាកន្លងមកនេះបានឲ្យដឹងថា ទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ឬហៅថាអ៊ឹង ស៊ីធី (ING City) ដែលជាទីតាំងគម្រោងទីក្រុងនាគត្រូវអភិវឌ្ឍ គឺជាតំបន់មានការរីកចម្រើនខ្លាំងខាងវិស័យធុរកិច្ចចម្រុះ និងលក្ខណៈអំណោយផលល្អសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន មានភាពពេញលេញសំបូរបែបជាទីក្រុង មានសុវត្ថិភាព និងបរិស្ថានល្អប្រសើរជាមួយសួនច្បារ និងលំហរបៃតងនៅភាគខាងត្បូងរាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងចងសម្ព័ន្ធក្រុមហ៊ុនកម្ពុជា និងក្រុងហុងកុង ដើម្បីរួមកម្លាំងអភិវឌ្ឍទីក្រុងនាគ នៅក្នុងតំបន់បឹងទំពុន និងជើងឯក លើផ្ទៃដី៥.៤ហិកតា តាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ដែលគ្រោងនឹងចាប់ផ្តើមក្នុងឆ្នាំ២០២០។ គម្រោងនេះនឹងពង្រីកគ្របដណ្តប់លើផ្ទៃដីរហូតដល់២៥ហិកតា។
លោកឧកញ៉ាអ៊ឹង ប៊ុនហូវប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយអិនជី ហូលឌីង បានមានប្រសាសន៍ថា «ក្រុមហ៊ុនអាយអិនជី ហូលឌីង បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍការពង្រីកទីក្រុងមកភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថាទីក្រុង អ៊ឹង ស៊ីធី (ING City)។
លោកឧកញ៉ាបញ្ជាក់ថា «ចក្ខុវិស័យរបស់យើង ចង់ឲ្យភ្នំពេញមានភាពសំបូរបែបរួមផ្សំដោយហាងទំនិញ ការិយាល័យធ្វើការ និងទីកន្លែងសំរាកលំហែរកំសាន្ត ប្រកបដោយភាពងាយស្រួល និងបរិស្ថានល្អប្រសើរបំផុត”។
ដោយបានសង្កេតឃើញពីភាពជោគជ័យ នៃធុរកិច្ចរបស់ក្រុមហ៊ុនខូសវ៉េបេ គ្រុប លើទីតាំងចំនួន១០៩ កន្លែងក្នុងប្រទេសចិន និងទ្វីបអាស៊ី យើងខ្ញុំពិតជាមានសេចក្តីរំភើបចំពោះសម្ព័ន្ធភាព និងកិច្ចការដែលក្រុមហ៊ុនយើងនឹងធ្វើរួមគ្នា ដើម្បីបង្កើតឡើងនូវភាពអស្ចារ្យសំរាប់ទីក្រុង អ៊ឹង ស៊ីធី និងរាជធានីភ្នំពេញ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Causeway Bay Group លោក Chen Zhi បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ នឹងរួមចំណែកកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលជាការឆ្លើយតបនឹងភាពរីកចំរើនដ៏ខ្លាំងក្លា នៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើង នៃប្រជាជនក្នុងរាជធានីភ្នំពេញ។
លោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន SINO Bay Construction Investmentបានមានប្រសាសន៍ថា គម្រោងទីក្រុងនាគនេះ ជាគម្រោងដ៏សំខាន់ដែលរួមគ្នាអភិវឌ្ឍដោយក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុន ខូសវ៉េបេ គ្រុប និង ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន។

លោកបន្តថា “ទីក្រុងនេះនឹងត្រូវរចនាឡើងជាមួយគំនិតរចនាបែបសកល និងរួមបញ្ចូលប្រព័ន្ធ Habitat-Building ដែលកំពុងមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវគំរូនៃការរស់នៅប្រកបដោយគុណភាព ពោរពេញដោយរស្មីព្រះអាទិត្យ ភ្លៀង ភាពកក់ក្តៅ និងសេចក្តីរីករាយ”៕