ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ នៅ​រង្វង់​មូល​ចោមចៅ​សាងសង់​សម្រេច​បាន ៣០ភាគរយ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​មកដល់ពេលនេះ​ ការស្ថាបនា​សម្រេច​បាន​ប្រមាណ​ជា​ ៣០ភាគរយ​ហើយ​ ដោយក្រុម​ការងារ​បាន​និង​កំពុង​ជីក​អាង​ក្រោម​ដី​ចំនួន២​ រួម​ជាមួយនឹង​ការ​ជីក​ធ្វើ​ផ្លូវ​ក្រោម​ដី​យ៉ាង​មមាញឹក​។

លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៩​ ថា​ ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​ បើ​គិត​មកដល់​ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ការដ្ឋាន​ទាំងមូល​សម្រេច​បាន​ប្រមាណ​ជា​ ៣០ភាគរយ​ហើយ​។

ក្នុង​នោះ​ក្រុមការងារ​បាន​ និង​កំពុង​ជីក​អាង​ក្រោម​ដី​ចំនួន២កន្លែង​ ដែល​អាង​ក្រោម​ដី​ទីមួយ​ត្រូវ​បាន​ជីក​រួចរាល់​ និង​អាង​ក្រោម​ដី​មួយទៀត​កំពុង​ជីក​ ។

ក្នុង​នោះ​ការ​សម្រុក​ទៅលើ​ការងារ​ជីក​ផ្លូវ​ក្រោម​ដី​ក៏បាន​ និង​កំពុង​មមាញឹក​បំផុត​ផង​ដែរ​ ដោយក្រុម​ការងារ​បាន​អនុវត្តន៍​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​ ដើម្បី​ជំរុញ​ឱ្យ​រួចរាល់​ទៅតាម​គម្រោង​ដែល​បាន​គ្រោងទុក​ ។

ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​ ជា​គម្រោង​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដោយ​ទទួល​ម៉ៅការ​សាងសង់​ដោយក្រុម​ហ៊ុន​វិនិយោគទុន​អា​និក​ជន​កម្ពុជា​ (OCIC​) ។ ដំណើរការ​សាងសង់​ក្នុងរយៈពេល​ ៣០ខែ​ និង​ចំណាយ​ថវិកា​សាងសង់​ចំនួន​ ២២លាន​ដុល្លារ​ ។

ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ការសាងសង់​នេះ​គឺ​ត្រូវ​បាន​បែងចែក​ជា​ ៣ផ្នែក​គឺ​ ស្ពាន​ទី១​-ជា​ស្ពាន​អាកាស​មេ​តភ្ជាប់​ចរាចរ​ ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ មក​ផ្លូវជាតិ​លេខ៣​ មាន​ប្រវែង​សរុប​ ៤០៨ម៉ែត្រ​ ទទឹង១៥,៨ម៉ែត្រ​ ដែល​មាន​ចរាចរ​ពីរ​គន្លង​ទៅ​ និង​ពីរ​គន្លង​មក​ជម្រាល​ស្ពាន​ ៤,៥ម៉ែត្រ​ និង​មាន​កម្ពស់​អតិបរមា​ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​មាន​ ៥,៥ម៉ែត្រ​។

ស្ពាន​ទី២​-បំបែកចេញ​ពី​ស្ពាន​អាកាស​មេ​ បត់ឆ្វេង​តភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះទៅ​ផ្លូវ​វ៉េ​ងស្រេង​ សម្រាប់​ចរាចរ​មួយ​ទិស​ដែល​មាន​មួយ​គន្លង​រថយន្ត​ និង​មួយ​គន្លង​ទោច​ក្រ​ យានយន្ត​ មាន​ប្រវែង​សរុប​ ២០២ម៉ែត្រ​ (ស្ពាន​អាកាស​ប្រវែង៤០ម៉ែត្រ​ ផ្លូវ​ក្រោម​ដី​ប្រវែង១១៨ម៉ែត្រ​ និង​ផ្លូវ​លើ​ដី​ប្រវែង​ ៤៤ម៉ែត្រ​) ទទឹង​ ៥,២៥ម៉ែត្រ​។

ស្ពាន​ទី៣​-ជា​ស្ពាន​កោង​បត់ឆ្វេង​តភ្ជាប់​ចរាចរ​ពី​ផ្លូវ​វ៉េ​ងស្រេង​ មក​ផ្លូវជាតិ​លេខ៣​ មាន​ប្រវែង​សរុប​ ២០៦ម៉ែត្រ​ (ស្ពាន​អាកាស​ប្រវែង៦០ម៉ែត្រ​ ផ្លូវ​ក្រោម​ដី​ប្រវែង​ ១១៨ម៉ែត្រ​ និង​ផ្លូវ​លើ​ដី​ប្រវែង​ ២៨ម៉ែត្រ​) ទទឹង៥,២៥ម៉ែត្រ​ សម្រាប់​ចរាចរ​មួយ​ទិស​ ដែល​មាន​មួយ​គន្លង​សម្រាប់​រថយន្ត​ និង​ មួយ​គន្លង​សម្រាប់ទោ​ចក្រ​ យានយន្ត​។

ផ្លូវ​ក្រោម​ដី​ ជា​ផ្លូវ​កោង​ តភ្ជាប់​ចរាចរ​ពី​ផ្លូវ​វ៉េ​ងស្រេង​ មក​ផ្លូវជាតិ​លេខ៤​ មាន​ប្រវែង​សរុប​ ១៣០ម៉ែត្រ​ (ផ្លូវ​ក្រោម​ដី​ប្រវែង​ ១៣ម៉ែត្រ​ និង​ផ្លូវ​លើ​ដី​ប្រវែង​ ១១៧ម៉ែត្រ​) ទទឹង​ ៨,៥ម៉ែត្រ​ សម្រាប់​ចរាចរ​មួយ​ទិស​ ដែល​មាន​ពីរ​គន្លង​សម្រាប់​រថយន្ត​ និង​មួយ​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​។

ផ្លូវ​លើ​ផ្ទៃដី​ ជា​ផ្លូវ​មេ​តភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ៤​ មក​ផ្លូវ​វ៉េ​ងស្រេង​ មាន​ប្រវែង​សរុប​ ២៣៥ម៉ែត្រ​ ទទឹង៨,៥ម៉ែត្រ​ សម្រាប់​ចរាចរ​មួយ​ទិស​ដែល​មាន​ពីរ​គន្លង​សម្រាប់​រថយន្ត​ និង​មួយ​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​។

ផ្លូវ​ក្រោម​ដី​ ជា​ផ្លូវ​តភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ៤​ មក​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ដែល​មាន​ប្រវែង​សរុប​ ៤៧០ម៉ែត្រ​ ទទឹង៨,៥ម៉ែត្រ​ សម្រាប់​ចរាចរ​មួយ​ទិស​ ដែល​មាន​ពីរ​គន្លង​សម្រាប់​រថយន្ត​ និង​មួយ​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​។ល្បឿន​សុវត្ថិភាព​ ៤០គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ សម្រាប់​ផ្លូវ​ឯកទិស​មាន​ទំហំ​ទទឹង​ ៨,៥ម៉ែត្រ​។

ល្បឿន​សុវត្ថិភាព​ ២៥គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ សម្រាប់​ផ្លូវ​ឯកទិស​មាន​ទទឹង​ទំហំ​ ៥,២៥ម៉ែត្រ​ និង​ទំហំ​ ៥,៥ម៉ែត្រ​ ។ស្ពាន​អាកាស​នេះ​អាច​មាន​អាយុកាល​ ១០០ឆ្នាំ​ មាន​បំពាក់​បង្គោល​ភ្លើងបំភ្លឺ​ផ្លូវ​ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស​ និង​អាងស្តុកទឹក​ក្រោម​ដី​ មាន​ទាំង​បំពាក់​ម៉ូទ័រ​បូមទឹក​ស្វ័យប្រវត្តិ​ផង​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here