ដោយ ម៉ាទីន
ភ្នំពេញៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃអចលនទ្រព្យរបស់កម្ពុជាមានសន្ទុះខ្លាំង ជាពិសេសតម្លៃដីធ្លីមានកំណើនប្រចាំឆ្នាំចន្លោះពី១០% ទៅ១០០% ឬជាង១០០%ក៏មាន អាស្រ័យលើទីតាំងភូមិសាស្ត្រ។
សន្ទុះនៃតម្លៃនេះ មិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានសេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញវាមានចរិតជាកំសួលចិត្តសាស្រ្ត ឬឥរិយាបទ (behavioral) របស់មហាជន និងអ្នកវិនិយោគ។ បណ្តាអ្នកជំនាញបានព្យាករណ៍ថា តម្លៃនឹងមានការកើនឡើងក្នុង១ឆ្នាំប្រមាណ៧%ទៅ១០%ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
-->
ការព្យាករណ៍នេះ ទំនងជាអាចទៅរួចព្រោះតម្លៃនៅកម្ពុជា មានតម្លៃទាបនៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងអាស៊ី។
យោងតាមទិន្នន័យរបស់ ក្លូបលប្រភើធីហ្កាយបានអោយដឹងថា តម្លៃដីធ្លីជាមធ្យមនៅទីក្រុងនៅកម្ពុជា មានតម្លៃប្រមាណ២៩០០ដុល្លាអាមេរិកក្នុង១ម៉ែត្រការ៉េ។ នៅថៃតម្លៃ៣៩០០ដុល្លា នៅឥណ្ឌាតម្លៃ ១០.៩០០ដុល្លា នៅចិនតម្លៃ១១.៨០០ដុល្លារ នៅសិង្ហបុរីតម្លៃ១៣.៧០០ដុល្លា និង នៅហុងកុងតម្លៃ២៨.៥០០ដុល្លា។
អ្វីដែលគួរអោយបារម្ភ គឺកម្ពុជាអាចប្រឈមនឹងវិបត្តិលំនៅដ្ឋានរបស់ពលរដ្ឋ ដែលមានចំណូលទាបនាពេលអនាគត។ ការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យនៅកម្ពុជានាពេលបច្ចុប្បន្ន មិនអាចឆ្លើយតបនឹងជីវភាពរបស់កម្មករនោះទេ ព្រោះផ្ទះមួយខ្នងមានតម្លៃយ៉ាងតិច២៥.០០០ដុល្លា។
វិបត្តិនេះបានកើតឡើងរួចហើយនៅហុងកុង ដូច្នេះកម្ពុជាគួររៀនសូត្រ និងរៀបចំគោលនយោបាយអោយបានល្អ៕