ដោយ វុត្ថា
សៀមរាប៖ អាជ្ញាធរាជាតិអប្សរា គ្រោងនឹងរៀបចំចិញ្ចើមផ្លូវ និងដាំកូនឈើលម្អផ្លូវ ចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាបរហូតដល់មុខប្រាសាទអង្គរវត្តក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព ព្រមទាំងបង្កើនភាពស្រស់ស្អាត និងទេសភាពបៃតង តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប មកកាន់រមណីយដ្ឋានអង្គរ។
យោងតាមសេចក្តីជូនដំណឹងរបស់អជ្ញាធរជាតិអប្សរានៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨នេះថា គម្រោងនេះមិនត្រឹមតែបង្កើនភាពទាក់ទាញបែបលក្ខណៈធម្មជាតិដល់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែក៏បានចូលរួមយ៉ាងសំខាន់ក្នុងការលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ តាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក រវាងប្រាសាទធម្មជាតិ និងសហគមន៍មនុស្ស។
-->
ប្រភពដដែលបន្ថែមថា កូនឈើដែលនឹងត្រូវដាំលម្អតាមដងផ្លូវនេះមានចំនួនជាង១ពាន់ដើម ដែលជាប្រភេទកូនឈើធ្នង់ ជាប្រភេទឈើប្រណិត ដែលប្រជាជនខ្មែរទូទៅនិយមចូលចិត្ត ហើយការដាំកូនឈើឡើងវិញតាមដងផ្លូវនាពេលនេះ ក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរាទើបធ្វើការជួសជុលនិងកែលម្អផ្លូវនេះជាថ្មី ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប។
ជាមួយគ្នានេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងទីធ្លាមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាក៏នឹងធ្វើការដាំដើមក្រវ៉ាន់ និងដើមឈើប្រភេទផ្សេងមួយចំនួនទៀត នៅតាមដងផ្លូវមុខប្រាសាទអង្គរវត្ត ដែលជាច្រកចូលចម្បង សម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តដែរ។
អាជ្ញាធរាជាតិអប្សរា កាលពីន្លងមកនេះ បានដាក់ចេញនូវគម្រោងជាច្រើន រួមមានគម្រោងស្ថាបនាផ្លូវកង់ដាច់ដោយឡែកពីផ្លូវម៉ូតូ-ឡាន គម្រោងរៀបចំសួននៅកន្លែងចំណតរថយន្តមុខប្រាសាទអង្គរវត្ត និងគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ស្របបតាមផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ៕

