ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ វិស័យសំណង់នៅកម្ពុជា គឺជាចលករមួយយ៉ាងសំខាន់ក្នុងចូលរួមចំណែកជំរុញ និងពង្រឹងកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្របានមួយផ្នែកតាមរយៈការផ្តល់កន្លែងធ្វើការជាច្រើននាក់ក្នុងមួយថ្ងៃ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Town City Real Estate លោក វ៉ន ចាន់ថន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះថា មិនថាពេលនេះ ឬបន្តទៅថ្ងៃខាងមុខនោះទេ វិស័យសំណង់នៅកម្ពុជា នៅតែបន្តរីកចម្រើន ខណៈដែលកម្ពុជាកំពុងតែធ្វើការអភិវឌ្ឍស្ទើរគ្រប់វិស័យឱ្យតែល្អប្រសើរ។
-->
លោកបានមានប្រសាសន៍ថា “វិស័យសំណង់បានចូលរួមយ៉ាងសកម្មក្នុងការជួយពង្រឹង និងពង្រីកកំណើនសេដ្ឋកិច្ចកម្ពុជា”។
លោកបានបន្តទៀតថា “នៅពេលវិស័យសំណង់មានការកើនឡើង តម្រូវការកម្លាំងពលកម្មក៏មានខ្ពស់ ជាពិសេសកម្លាំងពលកម្មនៅក្នុងស្រុកតែម្ដង ខណៈដែលកម្លាំងជំនាញមកពីបរទេសមានចំនួនតិចតួចបំផុត”។
ជាមួយនឹងការលើកឡើងបែបនេះ លោក វ៉ន ចាន់ថន ក៏បានបង្ហាញពីភាពជំនឿយ៉ាងជឿជាក់ថា នៅឆ្នាំបន្ទាប់ក្នុងរយៈពេល៣-៤ឆ្នាំខាងមុខទៀត វិស័យសំណង់នៅតែបន្តភាពរឹងមាំ និងរីកចម្រើនដោយមិនមានភាពព្រួយបារម្ភនោះឡើយ”។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏បានបានមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃដដែលនេះផងដែរថា “វិស័យសំណង់នៅកម្ពុជា នៅតែបន្តសកម្មភាព ដែលក្រៅពីគម្រោងអភិវឌ្ឍសំណង់ធំៗដែលជាការវិនិយោគពីសំណាក់ក្រុមហ៊ុនអន្តរជាតិ ក៏មានការវិនិយោគក្នុងគម្រោងតូច និងមធ្យមរបស់ក្រុមហ៊ុនក្នុងស្រុកជាបន្តបន្ទាប់”។
លោកបានបន្តទៀតថា “នៅក្នុងគម្រោងជាច្រើនក្នុងវិស័យសំណង់ សកម្មភាពមួយចំណែកធំគឺស្ថិតនៅក្នុងគម្រោងសំណង់លំនៅដ្ឋាន ដែលជាការផ្គត់ផ្គង់ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលចង់បានលំនៅដ្ឋានស្នាក់នៅសមរម្យ”។
នៅក្នុងរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលចេញកាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញឱ្យដឹងថា វិស័យសំណង់បាន បង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងខែកក្កដា ឆ្នាំ ២០១៩ នេះ គិតជាមធ្យមប្រមាណពី ១៩ ០០០ នាក់ ទៅ ២១ ០០០ នាក់ ក្នុងថ្ងៃ ។
ដោយឡែកនៅ រាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ៦ ២៧០ នាក់ ទៅ ៦ ៣០០ នាក់ ក្នុងមួយថ្ងៃ ។ បើប្រៀបធៀបខែមិថុនា ឆ្នាំ ២០១៨ ចំនួនកម្មករគិតជាមធ្យមប្រមាណ ពី ២៨ ០០០ នាក់ ទៅ ២៨ ៥០០ នាក់ ក្នុងមួយថ្ងៃសម្រាប់ទូទាំងប្រទេស។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណ ពី ១២ ០០០ នាក់ ទៅ ១២ ៥០០ នាក់ ក្នុងមួយថ្ងៃ គឺមានការថយចុះចំនួន ២៦, ៣១ ភាគរយ ។
តាមរយៈនៃការសិក្សាស្រាវជ្រាវក្នុងខែកក្កដា ឆ្នាំ ២០១៩ នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុង ១ ថ្ងៃ អាចទទួលបាន ពី ៣០ ០០០ រៀល ដល់ ៤០ ០០០ រៀល ។
កម្មករមានជំនាញ និងមេជាងក្នុង ១ ថ្ងៃ អាចទទួលបានពី ៤០ ០០០ រៀល ដល់ ៦០ ០០០ រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញ ផ្សេងទៀត ក្នុង ១ ខែ អាចទទួលបានប្រាក់បៀវត្ស ពី ៤០០ ដុល្លារ ទៅ ២ ៥០០ ដុល្លារ៕