គម្រោង​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​កំពុង​បន្ត​សម្រុកចូល​ក្រុង​ប៉ោយប៉ែត​

0

ដោយៈ​ រ៉ា​ណេត​

ប៉ោយ​ប៉ែ​តៈ​ ក្រៅពី​គម្រោង​សំណង់​អគារ​ធំៗ​ដូចជា​ ខុន​ដូ​ អា​ផា​តមិន​ ផ្សារ​ទំនើប​ និង​កាស៊ីណូ​ ពេលនេះ​នៅ​មាន​គម្រោង​សំណង់​លំនៅ​ដ្ឋាន​ទំនើប​ជាច្រើន​ទៀត​ ដែល​មាន​ទំហំ​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​ កំពុងតែ​បន្ត​សម្រុកចូល​ក្រុង​ប៉ោយប៉ែត​។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រា​បើ​ឱ្យ​ដឹងពី​សំណាក់​អ្នក​វិនិយោគ​ ដែល​កំពុង​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​ទឹកដី​ព្រំដែន​មួយ​នេះ​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Four​ Star​ Plus​ Four​ និង​ក្រុមហ៊ុន ​Sg​ Top​ Trust​ លោក​សួង​ សុ​ខហ៊ា​ង បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នាកាល​ពី​ល្ងាច​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩កន្លងមក​ថា​ បច្ចុប្បន្ន​នេះ​ វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត​ កំពុងតែ​មានសន្ទុះ​យ៉ាង​ខ្លាំង​ ដោយ​ស្ទើរតែ​ទូទាំង​ក្រុង​ មាន​កំណើន​នៃ​សំណង់​អាគារ​នានា​កំពុងតែ​មាន​សកម្មភាព​ និង​រីក​រាលដាល​យ៉ាង​ខ្លាំង​ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ជាក់ស្ដែង​។

ដោយសារតែ​មើលឃើញ​ពី​ភាពល្អ​ប្រសើរ​ នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ដែល​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ Four​ Star​ Plus​ Four​ បាន​បង្កើន​ការ​វិនិយោគ​ដ៏​ធំ​មួយ​បន្ថែម​ទៀត​ គឺ​គម្រោង​ Star​ Gold​ ទៅលើ​ផ្ទៃដី​ទំហំ១០ហិ​កតា​ ក្នុង​ការ​អភិវឌ្ឍ​ជា​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​ និង​ជា​មណ្ឌល​កម្សាន្ត​កាស៊ីណូ​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​។

លោក​ សួង​ សុ​ខហ៊ា​ង បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ គម្រោង​អភិវឌ្ឍន៍​ Star​ Gold​ គឺ​ក្រុមហ៊ុន​បាន​ធ្វើការ​បែងចែក​ជា២ដាច់ដោយឡែក​ពីគ្នា​។ ក្នុង​ទំហំដី១០ហិ​កតា​ ក្រុមហ៊ុន​នឹង​អភិវឌ្ឍ៥ហិ​កតា​ ជា​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​ចំនួន១៦៨ ល្វែង​ ជា​ប្រភេទ​ Link​ House​ និង​ Shop​ House​ ដែល​មានតម្លៃ​ចាប់ពី២២ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ហើយ​បន្ថែម​ពីនេះ​ នៅ​មាន​គម្រោង​អភិវឌ្ឍ​ជា​កាស៊ីណូ​ចំនួន១គម្រោង​។

សម្រាប់​ដី​ចំនួន៥ហិ​កតា​ ដែល​នៅសល់​ពី​ការ​អភិវឌ្ឍ​ ក្រុមហ៊ុន​បានសម្រេច​ពុះ​ឡូ​តិ៍​លក់​ ដែល​មាន​ទំ​ហំ​ផ្សេង​ៗពីគ្នា​ ដូចជា​ ១៥​ x ៦០ម៉ែត្រ​, ២៥​ x ២៥​, ២០​ x ៤០​, ២០​ x ៦០​, ៣០​ x៦០​ និង​ ៤០​ x ៤០​ ម៉ែត្រ​ ដែល​សមស្រប​ទៅ​នឹង​ការសាងសង់​អគារ​អា​ផា​តមិន​ ខុន​ដូ​ មណ្ឌល​កម្សាន្ត​ កាស៊ីណូ​ និង​សណ្ឋាគារ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ តាមផ្លូវ​ផ្កាយ៥​។

សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ អាច​ទាក់ទង​តាម​ទូរស័ព្ទ​ ០១២​ ៥៥​ ៧៧​ ២២​ / ០៧៧​ ៦៦​ ៨៨​ ៨៧​។

ជាមួយនឹង​ភាព​រីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​ក្រុង​ប៉ោយប៉ែត​ បច្ចុប្បន្ន​នេះ​ក្រៅពី​មា​នប​ណ្តុំ​សំណង់​លំនៅ​ដ្ឋាន​ច្រើនជាង១០០គម្រោង​ រួម​ជាមួយនឹង​សំណង់​អគារ​អា​ផា​តមិន​ស្អេកស្កះ​នោះ​ នៅ​មាន​សំណង់​ខុន​ដូ​បែប​ទំនើប​ ដែល​ជា​អាគា​ពាណិជ្ជកម្ម​ចំរុះ​ចំនួន៤ផ្សេងទៀត​ ដោយ​ក្នុង​ខុន​ដូ​ដែល​បាន​បញ្ចប់​ការសាងសង់​ទាំងស្រុង​ មាន​ចំនួន១គម្រោង​ ហើយ​ចំនួន៣គម្រោង​ទៀត​ កំពុងតែ​បន្តសកម្មភាព​សាងសង់​យ៉ាង​មមាញឹក​ ដើម្បី​បញ្ចប់​តាម​គម្រោង​ដែល​បាន​កំណត់​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ក្រុង​ប៉ោយប៉ែត​ គឺជា​គោលដៅ​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​របស់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ជាពិសេស​ជនជាតិ​ចិន​ ដែល​កំពុងតែ​កើនឡើង​ច្រើន​នៅ​ទីនេះ​។

​លោក​បាន​បន្ត​ថា​ “ប៉ោយប៉ែត​ពេលនេះ​ បាន​កែប្រែ​មុខមាត់​យ៉ាង​ល្អ​ប្រសើរ​ជាមួយនឹង​សកម្មភាព​ដ៏​រស់រវើក​ នៃ​វិស័យ​ពាណិជ្ជកម្ម​ និង​សំណង់​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​មនុស្ស​ដែល​ចូល​ទៅ​រស់នៅ​ និង​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗ”។

លោក​បន្ត​ថា​ ដោយសារតែ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​នេះ​កើនឡើង​ បាន​ជំរុញ​ឱ្យ​តម្រូវការ​នៃ​វិស័យ​អចលនទ្រព្យ​ នៅ​ទីក្រុង​នេះ​មាន​ភាព​ពុះ​កញ្ច្រោល​ខ្លាំង​ ហើយ​អ្នក​វិនិយោគ​បាន​ចំណាយ​ទុន​សាងសង់​ជា​ផ្ទះល្វែង​ ជា​បុរី​ ឬជា​សណ្ឋាគារ​ជាច្រើន​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ស្នាក់នៅ​របស់​អ្នកចំណូលថ្មី​ ដែល​ទៅ​បម្រើការ​ងារ​ ក៏ដូចជា​ចំនួន​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

លោក​បន្ត​ថា​ “សកម្មភាព​ទាំងនេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ក៏ដូចជា​តំបន់​ដែល​ស្ថិតនៅ​ជាប់​ជាយក្រុង​ មានការ​កើនឡើង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here