កម្ពុជា​ និង​ ADB​ គ្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​ក្រុង​បាវិត

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​អាជ្ញាធរ​ខេត្តស្វាយរៀង​ សហការ​ជាមួយនឹង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) សិក្សា​ និង​ដាក់​ផែនការ​លើ​ការងារ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​ក្រុង​បាវិត​។

យោង​តាម​កិច្ចប្រជុំ​នៃ​រវាង​អាជ្ញាធរ​កម្ពុជា​និង​ តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) កាលពី​កន្លង​មក​ថ្មី​ៗនេះ​ បាន​ពិភាក្សា​ផ្តោត​សំខាន់​ទៅលើ​ការងារ​រៀបចំ​សិក្សា​អំពី​គំរោង​ និង​ប្លង់​គោល​ដើម្បី​អភិវឌ្ឍន៍​ជា​ជំ​ហាន​ៗ នៅក្នុង​ក្រុង​បាវិត​មាន​ដូចជា​ វិស័យ​គមនាគមន៍​ វិស័យ​ទឹក​ស្អាត​ ប្រព័ន្ធ​លូ​បង្ហូរទឹក​ អាង​ចម្រោះ​ទឹក​កខ្វក់ ​(អាង​ប្រព្រឹត្តិ​កម្ម​) ការ​កែ​ឆ្នៃ​សម្រាម​ កាកសំណល់​រឹង​រាវ​ជាដើម​។

លោក​ ហែម​ ពិសិដ្ឋ​ អភិបាលរង​ខខេត្តស្វាយរៀង​ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ប្រតិភូ​ នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB​) ដែល​បាន​យក​ក្រុង​បាវិត​ជាគោល​ដៅ​ក្នុង​ ការសិក្សា​គម្រោង​ទៅលើ​វិស័យ​មួយចំនួន​ ដើម្បី​ប្រែក្លាយ​ឱ្យ​ក្រុង​មួយ​នេះ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​បន្ថែម​ទៀត​ ជាមួយ​នេះ​រដ្ឋបាល​ខេត្តស្វាយរៀង​ អង្គភាព​ពាក់ព័ន្ធ​ និង​សហការ​ជានិច្ច​ដើម្បី​ឱ្យ​គម្រោង​មួយ​នេះ​ទទួល​បាន​ជោគជ័យ​។

គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​បាន​ និង​កំពុង​រៀបចំ​តភ្ជាប់​ទៅកាន់​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ជាទី​ក្រុង​ដែល​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ ក្នុង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នា​ពេល​អនាគត​។

បច្ចុប្បន្ន​នេះ​ក្រុង​បាវិត​បាន​ និង​កំពុង​ពង្រីក​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ ដោយសារ​ការពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ និង​កំនើ​នវិ​និ​យោគ​ផ្ទាល់​ពី​បរទេស​កំពុង​កើនឡើង​។

រាជរដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ក្រុង​បាវិត​ ជាមួយ​ទីក្រុង​ពីរ​ទៀត​គឺ​ក្រុង​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​ ជា​តំបន់​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​។

ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​វិនិយោគ​យ៉ាង​គំហុក​ ពីសំណាក់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ក្រុង​បាវិត​ បាន​កែប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ វិស័យ​សំណង់​ផង​ដែរ​ ដែល​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង​ និង​នៅ​តំបន់​ជាយក្រុង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ គឺជា​ផ្នែក​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​ របស់​អ្នក​វិនិយោគ​ជនជាតិ​ចិន​ បន្ទាប់ពី​ខេត្ត​ជាប់​តំបន់​សមុទ្រ​ដូចជា​ក្រុង​ព្រះសីហនុ​ កំពត​ កែប​ និង​កោះកុង​ ព្រោះ​ខេត្ត​មួយ​នេះ​គឺជា​ច្រកព្រំដែន​អន្តរជាតិ​ ដែល​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here