ដោយ វុត្ថា
ព្រះសីហនុៈ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ដាក់ចេញវិធានការចំនួន៣ ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ នៅខេត្តព្រះសីហនុ ស្របពេលខេត្តមួយនេះបាន និងទទួលកំណើនយ៉ាងគំហុក នៃការអភិវឌ្ឍ រួមនឹងកំណើនប្រជាជនខ្ពស់ក្នុងក្រុងព្រះសីហនុ លទ្ធភាពទ្រទ្រង់នៃហេដ្ឋាចនាសម្ព័ន្ធរូបវ័ន្តរបស់ខេត្ត ត្រូវបាននិងកំពុងក្លាយជាបញ្ហា ប្រឈមដ៏ធំ សម្រាប់ខេត្តភាគនីរតីមួយនេះ។

-->
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ក្រៅពីបញ្ហាគុណភាព និងសមត្ថភាពទ្រទ្រង់ ផ្លូវថ្នល់ក្នុងក្រុង ក៏ទទួលរកការខូចខាតគួរឲ្យកត់សម្គាល់ ដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ ជាមួយនឹងការរំលោភចាក់បំពេញដី ដោយខុសច្បាប់ លើអូរធម្មជាតិ ដែលជាប្រព័ន្ធ រំដោះទឹកភ្លៀងចាក់ចូលសមុទ្រ។ បន្ថែមលើនេះ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ បច្ចុប្បន្នក៏មិនអាចឆ្លើយតប ដោយប្រសិទ្ធិភាពទៅនឹងទំហំជំនន់ទឹកភ្លៀង និងការបញ្ចេ្ញទឹកកខ្វក់ ពីក្នុងក្រុងទាំងមូលនោះទេ។
ដើម្បីដោះស្រាយទៅនឹងបញ្ហានេះ អង្គប្រជុំ ដែលដឹកនាំដោលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពដាក់ចេញវិធានការ ចំនួន ៣ បន្ទាន់ចំពោះមុខ ដូចជា ទី១ ការងារបន្ទាន់ និងជាកិច្ចការអាទិភាពៈ គឺត្រូវស្តារអូរធម្មជាតិទាំង៥ និងលូ ដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួលរងការរំលោភយកចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹកហូរ និងដោះស្រាយជំនន់ ទឹកភ្លៀង ។ ការអនុវត្តកិច្ចការនេះ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រូវមានភាពម៉ឺងម៉ាត់ និងដាក់ឱសានវាទច្បាស់លាស់ ដើម្បីឲ្យម្ចាស់សំណង់អគារ លំនៅដ្ឋានដែលសង់រំលោភលើលូ ប្រឡាយ/អូរ ធម្មជាតិ ត្រូវរុះរើចេញជាដាច់ខាត។ ចំពោះសំណង់អគារធំៗ ម្ចាស់សំណង់ត្រូវរៀបចំជីកប្រឡាយវាង/លូបង្ហូរទឹកវាង ដោយរៀបចំជាសំណង់បេតុងស្របតាមស្តង់ដារសំណង់ ។
ទី២ បង្កើនល្បឿនការស្តារ និងជួសជុលកំណាត់ផ្លូវទាំង២២ ខែ្សដែលមិនទាន់បានបញ្ចប់ៈ ក្រុមការងារដែលទទួលបន្ទុកសិក្សា ពីតម្រូវការជួសជុលនៃកំណាត់ផ្លូវទាំងនេះកន្លងមក ត្រូវធ្វើការសិក្សា និងវាយតម្លៃឡើងវិញ ពីទំហំនៃការជួលជុល ព្រោះថាស្ថានភាពមានការប្រែប្រួលខ្លាំង នាពេលថ្មីៗនេះ ដែលបង្កដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់ និងការបំពានចំណីផ្លូវ ជាដើម ក៏ដូចជាធ្វើការសិក្សាលើ លទ្ធភាពក្នុងការពង្រីក និងកែលម្អផ្លូវវាងក្រុង ដើម្បីសម្រាលបន្ទុកចរាចរលើផ្លូវធំៗមួយចំនួន រាប់ទាំង កំណត់ផ្លូវជាតិលេខ ៤ ផងដែរ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចសារជាថ្មី។
ទី៣ វិធានការរយៈពេលវែង ការកសាងស្ថានីចម្រោះទឹកកខ្វក់ និងការពង្រីកប្រព័ន្ធលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត នឹងដាក់បញ្ចូលក្នុងការសិក្សាផែនការមេ ដែលគ្រប់ជ្រុងជ្រោយ ដោយរាប់ទាំងការ គិតគូរពីប្រភពនៃហិរញ្ញប្បទាន តាមគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ដែលជាអនុសាសន៍ណែនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយយកចំណូលពីការធ្វើ ឯកជនូបនីយកម្មអចលនទ្រព្យ របស់ខេត្តព្រះសីហនុ ដើម្បីការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តវិញ សំដៅបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សា រកដំណោះស្រាយ និងផ្តល់ជាធាតុចូលក្នុងផែនការមេ នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ និងបានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធបន្តចូលរួមផ្តល់កិច្ចសហការ ប្រកបដោយស្មារតីទទួលខុសត្រូវ និងយោគយល់ខ្ពស់។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា នៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុ មានរហូតដល់
២៥,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៤៧,០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ នៅឆ្នាំ២០២៣ និងអាចបន្តកើនឡើង រហូតដល់៦៤,០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ ។ បញ្ហាប្រឈមទាំងនេះ ទាមទារឲ្យមានវិធានការដោះស្រាយ ប្រកបដោយប្រសិទ្ធ-ភាព និងបន្ទាន់ ដើម្បីកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី បានខិតខំជួសជុលកែលំអរផ្លូវ ក្នុងក្រុងជាបន្តបន្ទាប់ ដោយគម្រោងជួសជុលផ្លូវចំនួន២២ខ្សែក្នុងក្រុង ស្មើនឹងប្រវែងជាង៣៦គីឡូម៉ែត្របានទទួលការអនុម័តរួចហើយ ។ មកទល់ពេលនេះ ការស្តារ និងជួសជុលផ្លូវទាំងនោះ មានវឌ្ឍនភាពគួរឲ្យកត់សម្កាល់ ជាពិសេសកំណាត់ផ្លូវប្រើប្រាស់ថវិកា ថ្នាក់ក្រោមជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានកំណាត់ផ្លូវមួយចំនួន ហាក់មានវឌ្ឍភាពយឺត ដោយជួបប្រទះ ការលំបាកមួយចំនួន រួមមាន៖ ការទទួលរងជំនន់ទឹកភ្លៀង បណ្តាលឲ្យមានការលិចលង់ លើកំណត់ផ្លូវមួយចំនួនជាដើម ដែលទាមទារឲ្យមានការខិតខំជំនះបន្ថែមទៀត៕
