រដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវការ​នូវ​ទីតាំង​ទីក្រុង​បូកគោ​ថ្មី​ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន៣​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​គំរោង​អភិវឌ្ឍន៍​ទីក្រុង​បូកគោ​ថ្មី​ ដែល​មាន​ទីតាំង​ជាប់​ព្រំប្រទល់​ខេត្ត​ចំនួន​បី​ គឺ​ខេត្តកំពត​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កំពង់ស្ពឺ​។

ក្រុង​ថ្មីនេះ​ មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ និង​គ្រោង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ សុខា​ ដែល​ត្រូវ​បានសម្រេច​គាំទ្រ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ និង​មាន​ចេញ​អនុក្រឹត្យ​ផង​ដែរ​នោះ​ បាន​ប្រកាស​ចាប់​ដំណើរការ​ ក្នុង​ជំហាន​ដំបូង​ហើយ​កាលពី​ព្រឹក​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ។

គំរោង​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​តាមរយៈ​សិក្ខាសាលា​ដែល​អញ្ជើញ​ជា​អធិបតី​ ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ រួម​ជាមួយនឹង​បណ្តា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​រយ​នាក់​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ បាន​អំពាវនាវ​ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ អ្នក​វិនិយោគ​ និង​ធុរជន​ជាតិ​-អន្តរជាតិ​ទាំងអស់​ ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ ក៏ដូចជា​វិនិយោគ​នៅ​កម្ពុជា​មាន​ជាអាទិ៍​ ការ​អភិវឌ្ឍ​ទេសចរណ៍​ លំនៅឋាន​ ពាណិជ្ជកម្ម​ សេវាកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ បរិស្ថាន​ សេដ្ឋកិច្ច​ និង​សង្គម​ ដូចជា​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ បណ្តាញ​ផ្លូវ​ ទឹក​ស្អាត​ អគ្គិសនី​ ប្រព័ន្ធ​លូ​ និង​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ ស្ថានីយ​ និង​ម៉ាស៊ីន​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ការគ្រប់គ្រង​សំណល់រឹង​-រាវ​ លំហ​សាធារណៈ​ និង​ផ្ទះ​បៃតង​ បរិក្ខារ​ទីក្រុង​ ដែល​សុទ្ធសឹង​ជា​ដំណោះស្រាយ​ដ៏​មានប្រសិទ្ធភាព​ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ មា​នប​រិយា​ប័ន្ន មាន​ភាព​ធន់​ និង​មាន​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់​ និង​អន្តរជាតិ​។

នៅ​តំបន់​ទីក្រុង​បូកគោ​ថ្មី​ មា​ភាពល្អ​ប្រសើរ​ជាច្រើន​បែប​ធម្មជាតិ​ ដូចជា​អាកាសធាតុ​ត្រជាក់​ល្អ​បរិសុទ្ធ​ តំបន់​ភ្នំ​-សមុទ្រ​ ដ៏​ពិសិដ្ឋ​គ្មាន​ពីរ​នៃ​ប្រទេស​កម្ពុជា​ និង​ជាគោល​ដៅ​ទេសចរណ៍​ប្រណិត​កម្រិតខ្ពស់​ ជាទី​ក្រុង​រដ្ឋបាល​ដែល​បាន​បន្សល់ទុក​រហូតមកដល់​បច្ចុប្បន្ន​ ។ ជាក់ស្ដែង​ ដូចជា​អគារ​រដ្ឋបាល​ ព្រះរាជ​ដំណាក់​ លំនៅ​ដ្ឋាន​ អគារ​សេវាកម្ម​ សាលាក្រុង​ ប្រៃសណីយ៍​ អគារ​សុរិយោដី​ សាលារៀន​ វត្តអារាម​ ព្រះវិហារ​កាតូលិក​ គិលានដ្ឋាន​ ប៉ុ​ស្តិ​នគរបាល​ ទីបញ្ជាការ​យោធា​ សណ្ឋាគារ​ ស្ថានីយ​ទឹក​ស្អាត​ ស្ថានីយ​អគ្គិសនី​ ទំនប់ទឹក​បារាំង​។ល។

ផ្អែក​តាម​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ ក្រសួង​រៀបចំ​ដែនដី​ គរូប​នី​យក​ម្ម​ និង​សំណង់​ ដែល​មាន​អគ្គលេខាធិការ​ដ្ឋាន​នៃ​គណកម្មា​ការរៀបចំ​ដី​ និង​គរូប​នី​យក​ម្ម​ថ្នាក់​ជាតិ​សេនាធិការ​ បាន​ផ្តួចផ្តើម​សិក្សា​ និង​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​ព្រះ​មនី​វង្ស​ (បូកគោ​)នៃ​ភូមិសាស្ត្រ​ខេត្តកំពត​ ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​កំពង់ស្ពឺ​មានផ្ទៃ​ក្រឡា​ប្រមាណ២៧​,៩៤៣ហិ​កតា​ ស្មើនឹង​ ១៨​,០៩​% នៃ​ផ្ទៃ​ឧទ្យានជាតិ​ព្រះ​មនី​វង្ស​ (បូកគោ​) ទំហំ ១៥៤៥៤២ហិ​កតា​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​តាំង​ ហួរ​ ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​សិក្ខាសាលា​ខាងលើ​នេះ​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​ និង​មាន​មោទនភាព​ចំពោះ​ផែនការ​ និង​គម្រោង​បង្កើត​ទីក្រុង​បូកគោ​ ជាទី​ក្រុង​ឆ្លាតវៃ​។

លោកស្រី​មានប្រសាសន៍​ថា​ “ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ទៅលើ​គម្រោង​មួយ​នេះ​ ព្រោះ​តាមរយៈ​គម្រោង​មួយ​នេះ​ នឹង​ចូលរួម​ពង្រីក​វិសាលភាព​តំបន់​ទេសចរណ៍​ធម្មជាតិ​ក្រុង​បូកគោ​កាន់តែ​អស្ចារ្យ​”។ លោកស្រី​បន្ត​ទៀត​ថា​ “តាមពិត​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ផ្នែក​ទេសចរណ៍​រួចមក​ហើយ​ ប៉ុន្តែ​នៅ​មិនទាន់​មានការ​អភិវឌ្ឍ​បន្ថែម​តាម​បែប​សម័យ​ទំនើប​តែប៉ុណ្ណោះ​”។

លោកស្រី​បាន​បន្ត​ថា​ នៅក្នុង​គម្រោង​មួយ​នេះ​ ក្រៅពី​បង្កើន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ ក៏បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

អនុប្រធាន​សមាគម​សាងសង់​កម្ពុជា​ លោក​បណ្ឌិត​ តាន់​ មុនី​វណ្ណ​ បាន​មានប្រសាសន៍​ថា​ “បូកគោ​ គឺជា​ទីក្រុង​ថ្មី​ និង​ការ​វិនិយោគ​ថ្មី​ រចនាសម្ព័ន្ធ​ថ្មី​ ដែល​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ សុខ​ គង់​ សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ ក្រោម​ការ​គាំទ្រ​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​”។ លោក​បាន​បន្ត​ទៀត​ថា​ នៅក្នុង​គម្រោង​មួយ​នេះ​ ជា​ជំហាន​ដំបូង​ក្រៅពី​មានការ​បើក​លក់​ជា​ប្រភេទ​ដី​ឡូ​តិ៍​ ក៏​មានការ​សាងសង់​លំនៅ​ដ្ឋាន​របៀបរៀបរយ​ ដើម្បី​លក់​ទៅ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ សុខ​ គង់​ ដែល​កំពុង​បម្រើការ​ងារ​នៅ​តំបន់​មួយ​នេះ​ ហើយ​ជំហាន​បន្ទាប់​នឹង​សហការ​ជា​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​អភិវឌ្ឍ​លំនៅ​ដ្ឋាន​បែប​ទេសចរណ៍​សម្រាប់​លក់​ទៅ​ឱ្យ​សាធារណៈ​ជន​ទូទៅ​”។

​លោក​ថា​ តាមរយៈ​ការបង្កើត​ទីក្រុង​ថ្មីនេះ​ នឹង​ការ​តែ​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​ខ្លាំង​ ព្រោះ​កម្ពុជា​តំបន់​ដែល​ទាក់ទាញ​បំផុត​ប្រចាំ​ប្រទេស​ នា​ពេល​បច្ចុប្បន្ន​គឺ​មានតែ​ តំបន់​សៀមរាប​ និង​តំបន់ឆ្នេរ​សមុទ្រ​តែប៉ុណ្ណោះ​។

​ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​ តាន់​ មុនី​វណ្ណ​ ក៏បាន​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​ និង​អភិវឌ្ឍ​នានា​ គួរតែ​ចូលរួម​សកម្មភាព​វិនិយោគ​ នៅក្នុង​ទីក្រុង​ថ្មី​មួយ​នេះ​ទាំងអស់គ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here