ដោយ វុត្ថា
សឹង្ហបុរីៈ ក្រុមហ៊ុន CapitaLand របស់ប្រទេសសិង្ហបុរី បានបំបែកឯតទគ្គកម្មពិភពលោក ដោយបានសង់ស្ពានអាកាសកោង៣០០ម៉ែត្រ ដែលស្ថិតនៅលើកំពូលនៃគម្រោងពហុអាគារធំៗចំនួន៤ ដែលមានទំហំទឹកប្រាក់ចំនួន ២៤ពាន់លានយន់ ស្មើ ៣,៨ពាន់លានដុល្លារ នៅក្នុងទីក្រុង Chongqing ភាគខាងលិចប្រទេសចិន។

-->
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន កាលពីកន្លងទៅថ្មីៗនេះបានឱ្យដឹងថា គម្រោងស្ពាននេះ ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យករ Moshe Safdie មានមូលដ្ឋាន Boston សហរដ្ឋអាមេរិកនៅលើគម្រោងអគារ Raffles City Chongqing ហើយក្លាយជាមស្ពានអាកាសខ្ពស់បំផុតនៅលើពិភពលោកភ្ជាប់អគារ។
ស្ពានអាកាសដែលមានឈ្មោះថា The Conservatory មានបណ្តោយ ៣០០ម៉ែត្រទទឹង៣០ម៉ែត្រ និងកំពស់២២.៥ម៉ែត្រ នៅលើកំពូលអគារកម្ពស់២៥០ម៉ែត្រ លើអគារចំនួន៤។ ក្រុមការងាររបស់ Safdie ក៏បានរចនាប្លង់រមណីយដ្ឋាន Marina Bay Sands នៅក្នុងប្រទេសសិង្ហបុរីដែលមានអគារចំនួន៣ ស្ថិតនៅលើកំពូលភ្នំកំពស់២០០ម៉ែត្រផងដែរ។
អគារ Raffles City Chongqing នឹងរួមបញ្ចូលអគារលំនៅដ្ឋាន សេវាកម្មការិយាល័យ លក់រាយ និងសណ្ឋាគារចំនួន
១,១២ លានម៉ែត្រការ៉េ។ ក្រុមហ៊ុន CapitaLand កាន់កាប់ភាគហ៊ុនចំនួន ៦២.៥ ភាគរយនៅចុងឆ្នាំ២០១៧ និងបានបើកការដ្ឋានសាងសង់ស្ពានអាកាសកាលពីខែធ្នូ ឆ្នាំ ២០១២។
គម្រោងនេះ ត្រូវបានបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន CapitaLand និង Ascendas-Singbridge ជាការវិនិយោគធំជាងគេដោយក្រុមហ៊ុនសិង្ហបុរី នៅប្រទេសចិន។ តាមផែនការ ស្ពានអាកាសនេះ នឹងត្រូវដាក់ឱ្យដំណើរបណ្តោះអាសន្ន នៅចុងឆ្នាំ២០១៩នេះ៕
