ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងរៀបចំតំបន់នៅក្នុងទីក្រុងបូកគោថ្មី និងតំបន់ជុំវិញជាមជ្ឈមណ្ឌលកំសាន្តតាមស្តង់ដាអន្តរជាតិ ជាមួយកន្រ្តកយោងនៅតាមចង្កេះភ្នំដ៏ខ្ពស់នេះ ដែលអនុញ្ញាត្តឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចទស្សនាកំសាន្តនូវទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់ដែលមានទេសភាពដ៏ស្រស់ត្រកាលនេះ។

-->
គម្រោងបង្កើតតំបន់កម្សាន្ត ត្រូវបានបែងចែកជាច្រើនតំបន់ ដូចជា តំបន់អេកូទេសចរណ៍ តំបន់ទេសចរណ៍ខ្សែកាប ដែលអាចឱ្យភ្ញៀវទេសចរអង្គុយគយគន់ទេសភាពធម្មជាតិពីលើអាកាសយ៉ាងត្រជាក់ភ្នែក ដែលធ្វើជានិមិត្តរូបនៃតំបន់ទេសចរណ៍ប្រចាំខេត្តកំពត។ មានតំបន់ទេសចរណ៍ចម្រុះសម្រាប់អ្នកមានចំណូលតិច និងមធ្យម។
កន្លែងលំហែរកាយពហុបំណង ដែលជាទីក្រុងស្អាត បរិស្ថានល្អ និងគ្មានប្លាស្ទីក។ សារមន្ទីរធម្មជាតិតំបន់ភ្នំលេខ១ និងមានសួនសត្វចម្រុះ។ កន្លែងមើលផ្កាយក្នុងដែនកាឡាក់ស៊ីពីលើកំពូ លភ្នំបូកគោ។
បង្កើតតំបន់ទេសចរណ៍វប្បធម៌ សាសនា ដែលជាបេះដូងនៃការអភិវឌ្ឍនៅលើកំពូលភ្នំនេះ។ បន្ថែមពីនេះ នៅមានការរៀបចំជាតំបន់រមណីយដ្ឋានផ្សេងៗទៀត ដើម្បីកាន់តែបង្កើនភាពទាក់ទាញទេសចរ។
ការប្រកាសពីគំរោងមជ្ឈមណ្ឌលទេសចរណ៍ដ៏សម្បូរបែបនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
នៅក្នុងប្លង់មេនៃគម្រោងអភិវឌ្ឍទីក្រុងបូកគោ ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានការបែងចែកនូវតំបន់អភិវឌ្ឍចំនួន៨ ដោយត្រូវធ្វើឡើងទៅតាមដំណាក់កាលនីមួយៗយ៉ាងជាក់លាក់។ ជាមួយនឹងគម្រោងអភិវឌ្ឍទ្រង់ទ្រាយធំមួយនេះ ក៏មានគម្រោងបង្កើតមណ្ឌល និងតំបន់កម្សាន្តបែបធម្មជាតិជាច្រើនទីតាំង ដើម្បីបង្កើនកម្លាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកកាន់តំបន់មួយនេះប្រកបដោយប្រសិទ្ធភាព។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា គម្រោងបង្កើតតំបន់ទេសចរណ៍កែច្នៃបន្ថែម ពីសម្រស់ធម្មជាតិដែលមានស្រាប់ នឹងត្រូវធ្វើឡើងក្រោមការវិនិយោគ ពីសំណាក់ក្រុមហ៊ុនដែលជាម្ចាស់គម្រោង និងក្រុមហ៊ុនផ្សេងទៀត។
លោកស្រីបន្តថា ចំពោះគម្រោងអភិវឌ្ឍមណ្ឌលកម្សាន្តវិញ នឹងត្រូវធ្វើឡើងបែបតំបន់អេកូរទេសចរណ៍លេខ១ នៅតំបន់ភ្នំប្រចាំព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសអាស៊ាន។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌី បានបង្ហាញពីក្ដីសាទរជាមួយគម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ និងមណ្ឌលកម្សាន្តទាំងអស់ខាងលើ ប៉ុន្តែលោកទទូចឱ្យមានការកំណត់ ពីសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពទេសចរណ៍។
លោកបានមានប្រសាសន៍ថា “វាជារឿងល្អសម្រាប់កម្ពុជា ប្រសើនបើគម្រោងទាំងអស់នេះអាចលេចចេញជារូបរាង”។ លោកបន្តថា “គម្រោងទាំងនេះអាចធ្វើទៅបានទាល់តែមានការចូលរួម និងការប្តេជ្ញាពីសំណាក់ក្រុមហ៊ុនឯកជន ក្រោមការជំរុញនិងគាំទ្រពីរដ្ឋាភិបាល ដោយការកំណត់គោលដៅឱ្យប្រាកដ”។
លោកបានមានប្រសាសន៍បញ្ជាក់ថា នៅពេលគម្រោងទេសចរណ៍ទាំងនេះកើតឡើងវាមិនមែនបានចំណូលតែរដ្ឋាភិបាល ឬក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍នោះទេ ប៉ុន្តែវាបានចាកស្រោច ចំណូលទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលអាស្រ័យផលតាមរយៈវិស័យនេះ”។

លោកបានបន្តទៀតថា “អ្វីដែលសំខាន់បំផុត ក្រោយពេលគម្រោងទាំងនេះបានកើតឡើង គឺការកំណត់ និងការប្តេជ្ញាជាថ្មី ដោយត្រូវបង្កើនគុណភាពសេវាកម្ម និងប្រសិទ្ធភាពនៃសុវត្ថិភាព ទើបអាចរក្សាបាននូវនិរន្តភាពបានបាន”។
យ៉ាងណាក៏ដោយ លោកហូ វណ្ឌីបានសង្កត់ធ្ងន់ផងដែរទៅលើកត្តាតម្លៃនៃអចលនទ្រព្យ ក៏ដូចជាវិស័យដីធ្លីផងដែរ ដែលសុទ្ធតែអាចជះឥទ្ធិពល ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសករណីវិនិយោគទិញដីស្តុក ក្នុងរូបភាពទិញដីទុកជួល ឬលក់បន្តក្នុងតម្លៃថ្លៃ ដែលជាឧបសគ្គយ៉ាងសំខាន់សម្រាប់អភិវឌ្ឍក្នុងវិស័យទេសចរណ៍៕