ដោយ វុត្ថា
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បាននិងកំពុងចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាង “ច្បាប់ស្តីពីសំណង់” ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមខ្លឹមសារសេចក្តីព្រាង “ច្បាប់ស្តីពីសំណង់” នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងវិស័យសំណង់ បានដើរតួនាទីជាសសរស្ដម្ភមួយ ជាមួយសសរស្ដម្ភដែលជំរុញកំណើន ៣ទៀត គឺវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយចូលរួមរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន ពិសេសរចនាសម្ព័ន្ធផលិតកម្មឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍ ព្រមទាំងចូលរួមអភិវឌ្ឍលំនៅឋាន និងសំណង់ផ្សេងទៀត សម្រាប់បម្រើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងផាសុខភាព។
-->
រយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយ ទុនវិនិយោគក្នុងវិស័យសំណង់មានកំណើនជាទៀងទាត់ និងនៅតែបបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់សំណង់ធំៗ ខ្ពស់ៗ ដូចជា អាគារស្នាក់នៅរួម អាគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អាគារការិយាល័យ សណ្ឋាគារ អាគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង ស្ថានីយប្រេងឥន្ធនៈ។ល។
ក្នុងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ តម្រូវការនៃការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់កាន់តែមានភាពចាំបាច់ជាសារវ័ន្ត។ សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគ្រស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់ រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ផង និងដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងភាពសុខដុមរមនានៅក្នុងសង្គមផង។
ឆ្លើយតបនឹងតម្រូវការនេះ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣ និងគោលនយោបាយជាតិស្ដីពីការរៀបចំទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ បានកំណត់ឱ្យរៀបចំច្បាប់ស្ដីពីសំណង់។
សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់នេះត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។
សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនមកទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ និងបានដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែកក្កដា ឆ្នាំ២០១៩ និងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០១៩។

ក្រសួងយុត្តិធម៌បានជួយពិនិត្យកែសម្រួលលើបណ្ដាមាត្រាមួយចំនួនក្នុងជំពូកពាក់ព័ន្ធនឹងនីតិវិធី និងទោសប្បញ្ញត្តិ ដើម្បីធានាឱ្យមានសង្គតិភាពជាមួយច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានដាក់ឆ្លងការពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ផងដែរ៕