រូបតំណាង
ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងភាពល្អប្រសើរនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក្រុងព្រះសីហនុ បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសសំណង់អគារខ្ពស់ៗយ៉ាងស្អេកស្កះ។ បន្ថែមពីនេះ វិស័យបដិសណ្ឋារកិច្ចក៏មានភាពរីកចម្រើនផងដែរ ជាមួយនឹងវត្តមានសណ្ឋាគារទំនើបៗលំដាប់ផ្កាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ។
នៅត្រឹមរយៈពេល៧ខែដើមឆ្នាំ២០១៩កន្លងនេះ កំណើនភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្សាន្ត នៅតាមតំបន់លំហែរកាយនានានៅក្នុងក្រុងព្រះសីហនុ ជាពិសេស ទេសចរចិននៅតែបន្តកើនឡើង ខណៈដែលភ្ញៀវទេសចរក្នុងស្រុកមានការធ្លាក់ចុះបន្តិចបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
-->
ជាមួយនឹងភាពល្អប្រសើរនេះ វិស័យសណ្ឋាគារក៏មានការកើនឡើងផងដែរ ដែលរហូតមកដល់ពេលនេះមានប្រមាណជិត១០០កន្លែងសម្រាប់ផ្គត់ផ្គង់ទៅនឹងតម្រូវការស្នាក់នៅ។ ជាក់ស្ដែងនៅត្រឹមចុងខែសីហា ឆ្នាំ២០១៩នេះ សណ្ឋាគារដ៏ទំនើបលំដាប់ផ្កាយ៥ ចំនួន២បន្ថែមទៀត នឹងចូលបង្ហាញរូបរាងនៅក្នុងវិស័យមួយនេះ។
គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន២ ដែលនឹងត្រៀមខ្លួនមកបំពេញតម្រូវការស្នាក់នៅរបស់បណ្តាភ្ញៀវទេសចរមានដូចជា គម្រោងទី១ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន HAI GANG GRAND HOTEL CO., LTD ដែលមានចំនួន៥០០បន្ទប់ ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន១៥៣លានដុល្លារ និងផ្តល់ការងារចំនួន៩៨១កន្លែង ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី២ គំរោងអភិវឌ្ឍន៍ដោយក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTDមានបន្ទប់ចំនួន ១១១១ ក្នុងទំហំទឹកប្រាក់វិនិយោគ ចំនួន២២៦លានដុល្លារ ផ្តល់ការងារចំនួន ១៦៦៨ កន្លែង មានទីតាំងស្ថិននៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣០ ខែសីហានេះថា បច្ចុប្បន្ននេះ សណ្ឋាគារគ្រប់កម្រិតនៅក្នុងខេត្តព្រះសីហនុមានចំនួន៩៣ ស្មើនឹងប្រមាណ៧០០០បន្ទប់ ដែលកំពុងតែបម្រើសេវាកម្ម។ លោកបានបន្តទៀតថា សព្វថ្ងៃនេះចំនួនផ្ទះសំណាក់ជាច្រើន ត្រូវបានបាត់បង់ ប៉ុន្តែមានកំណើនផ្នែកសណ្ឋាគារ ដែលភាគច្រើនវិនិយោគដោយជនជាតិចិន”។

លោកបានបន្តទៀតថា “តាមជាក់ស្តែងសម្រាប់ភ្ញៀវទេសចរក្នុងស្រុក ដែលចូលមកកម្សាន្តនៅតាមតំបន់លំហែរនានា ក្នុងខេត្តព្រះសីហនុគឺមានការធ្លាក់ចុះ ប៉ុន្តែចំពោះភ្ញៀវបរទេសគឺមានការកើនឡើងប្រមាណ៣៥ភាគរយ”។
ជាមួយគ្នានេះ លោក តាំង សុចិត្រគ្រឹះស្នា ក៏បានបង្ហាញពីក្ដីសាទរចំពោះវត្តមានសណ្ឋាគារលំដាប់ផ្កាយ៥ទាំង២ខាងលើនេះ ដែលកាន់តែជួយបង្ហាញពីភាពវិជ្ជមាននៃវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុទាំងមូល៕