ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងកំណើនក្នុងវិស័យសំណង់នៅកម្ពុជា ដែលគិតត្រឹមខែកក្កដា ឆ្នាំ២០១៩ មានទំហំទុនវិនិយោគរហូតដល់ជាង១២០០លានដុល្លារនោះ ងាកមកចាប់អារម្មណ៍ជាមួយ នឹងគម្រោងសំណង់អគារខ្ពស់ៗ មានកម្ពស់ចាប់ពី១០ជាន់ឡើងទៅ ដែលកំពុងតែដំណើរការសាងសង់ នាពេលបច្ចុប្បន្ននេះមានរហូតដល់២២០គម្រោង។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣០ ខែសីហាកន្លងមកបានឱ្យដឹងថា គិតមកត្រឹមខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ចំនួនអគារដែលមានកម្ពស់ខ្ពស់ចាប់ពី១០ជាន់ឡើងទៅ និងកំពុងតែមានសកម្មភាពសាងសង់ នៅទូទាំងប្រទេសមានចំនួន២២០គម្រោង អគារជាង៦០ទៀតត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុង។
លោកស្រីបានបន្តទៀតថា “នៅក្នុងចំណោមគម្រោងអគារទាំង២២០ ដែលកំពុងតែបន្តសកម្មភាពសាងសង់នាពេលបច្ចុប្បន្ន មានប្រមាណ៨០ភាគរយជាប្រភេទអគារលំនៅដ្ឋានសហកម្មសិទ្ធិ ហើយក្រៅពីនោះជាប្រភេទអគារពាណិជ្ជកម្មចម្រុះ និងអគារការិយាល័យ”។
លោកស្រីសុធីតាបានបន្តទៀតថា កំនើននៃចំនួនអគារខ្ពស់ទាំងអស់នេះ ដោយសារតែទីក្រុងត្រូវបានពង្រីក ហើយប្រជាពលរដ្ឋមានតម្រូវការខ្ពស់ផ្នែកលំនៅដ្ឋាន ដោយជម្រើសនៃលំនៅដ្ឋានមាន២ប្រភេទ អាចជាការផ្លាស់ប្ដូរទៅកាន់តំបន់ជាយក្រុង ឬរស់នៅក្នុងក្រុងដែលជាអគារទំនើប និងខ្ពស់ៗ ដែលអាស្រ័យទៅតាមលទ្ធភាពជាក់ស្ដែងរបស់ពួកគាត់។
លោកស្រីបានបន្តថា “អ្នកខ្លះដែលបម្រើលការងារក្រុមហ៊ុន ឬអង្គការនានា ក៏ដូចជាអ្នកជំនួញ ដែលមានទីតាំងនៅក្នុងក្រុង បានជ្រើសយកការស្នាក់នៅក្នុងអគារខ្ពស់ៗដូចជាអាផាតមិន ឬខុនដូជាដើមធ្វើជាលំនៅដ្ឋានទី២របស់ខ្លួន (អ្នកមានលំនៅដ្ឋាន និងគ្រួសារនៅជាយក្រុង) ដោយសារតែពិបាកក្នុងការធ្វើដំណើរ កកស្ទះចរាចរណ៍ជាដើម។
នាយិកាប្រចាំប្រទេសរូបនេះបានបន្តទៀតថា “តាមការមើលឃើញរបស់ខ្ញុំ អគារដែលកំពុងតែសាងសង់សព្វថ្ងៃនេះ ភាគច្រើនត្រូវបានបំលែងចេញពីសំណង់អគារចាស់ៗដែលមានទីតាំងសមស្រប នឹងសំណង់អគារស្រាប់ដែលស្ថិតនៅក្នុងក្រុង ហើយមានចំនួនតូចតែប៉ុណ្ណោះ ដែលត្រូវបានសាងសង់នៅលើដីដែលជាទីតាំងអភិវឌ្ឍថ្មី”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍បង្ហាញ ពីភាពសុទិដ្ឋិនិយមនៅក្នុងវិស័យសំណង់នេះថា លោកសាទរទៅនឹងកំណើន និងការអភិវឌ្ឍវិស័យមួយនេះ ហើយវានៅតែបន្តរីកចម្រើនបន្ថែមទៀត ខណៈដែលកម្ពុជា គឺជាចំណុចគោលដៅនៃការវិនិយោគ ពីសំណាក់ក្រុមហ៊ុនអន្តរជាតិលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ។
លោកបន្តថា “ភាពរីកចម្រើនលើវិស័យសំណង់នៅកម្ពុជា ត្រូវបានបណ្តាប្រទេសមួយចំនួនលើកយកទៅធ្វើបទបង្ហាញ និងកោតសរសើរនៅក្នុងកិច្ចប្រជុំរួមស្ដីពីទីផ្សារអចលនទ្រព្យសាកល”។ លោកបានបន្តទៀតថា “ភាពរីកចម្រើនទាំងនេះនឹងនៅតែបន្តទៅមុខទៀត ដោយនៅមិនទាន់ឃើញមានសញ្ញាណាមួយ ដែលបង្ហាញពីឱនភាពនៅឡើយនោះទេ។
លោកសុខនីមបានបន្ថែមថា មិនថាឆ្នាំនេះ ឬឆ្នាំក្រោយបន្តទៀតនោះទេ វិស័យសំណង់នៅកម្ពុជា នៅតែរឹងមាំល្អ ព្រោះមុនពេលចាប់ផ្តើមគម្រោងសាងសង់អ្នកវិនិយោគគេបានសិក្សាយ៉ាងលម្អិត ពីស្ថានការណ៍នៃការវិនិយោគ ទាំងវិស័យសេដ្ឋកិច្ច ទាំងសន្តិសុខសង្គម ទាំងបរិបថនយោបាយក្នុងប្រទេស ដោយពួកគេមិនយកទុនរាប់សិបលានដុល្លារមកធ្វើការវិនិយោគទាំងភាពប្រថុយប្រថាននោះទេ”។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០១៩ កន្លងទៅនេះ វិស័យសំណង់នៅកម្ពុជាមានគម្រោងតូច-ធំសរុបចំនួន៥២៥គម្រោង ដែលគិតជាទឹកប្រាក់មានទុនវិនិយោគចំនួន ជាង១១៧៣លានដុល្លារ កើនឡើង៣៩ភាគរយធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលវិស័យសំណង់ មានគម្រោងត្រឹមតែ៣៣០គម្រោងប៉ុណ្ណោះ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង៨៤៣លានដុល្លារ៕






