ដោយ Donald Lee
ហុងកុងៈ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលមានមូលដ្ឋាននៅហុងកុងបានផ្ញើអ៊ីមែល ទៅនិយោជិករបស់ខ្លួនដែលបានបញ្ជាក់ថា ប្រសិនបើពួកគេអវត្តមានពីការងារ ហើយចូលរួមបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ពួកគេនឹងត្រូវបញ្ឈប់ជាបន្ទាន់។
កំណត់ហេតុបុគ្គលិកផ្ទៃក្នុង ត្រូវបានផ្ញើដោយលោក Tom Owen នាយកក្រុមហ៊ុន Cathay ហើយបានបញ្ជាក់ថា ប្រសិនបើនិយោជិកចូលរួមការតវ៉ា ពួកគេនឹងរំលោភកិច្ចសន្យាដែលបានចុះហត្ថលេខា។
-->
លោក Owen បានឲ្យដឹងតាមអ៊ីមែលថា “យើងរំពឹងថានិយោជិករបស់យើងទាំងអស់ នឹងរាយការណ៍អំពីការងារដូចធម្មតា និងក្នុងរយៈពេលនេះ ហើយនឹងត្រូវតាមដានកម្រិតនៃការចូលធ្វើការងារឲ្យបានដិតដល់”។
លោក Owen មានប្រសាសន៍ថា “ក្រុមហ៊ុន Cathay Pacific Group មិនយល់ព្រមលើកូដកម្មនេះទេ ហើយការចូលរួមណាមួយក្នុងម៉ោងធ្វើការ នឹងត្រូវបានហាមឃាត់ ហើយនឹងជាការរំលោភកិច្ចសន្យាការងាររបស់អ្នក ជាមួយក្រុមហ៊ុន Cathay Pacific Group”។
ក្រុមអ្នកតវ៉ាគ្រោងនឹងធ្វើកូដកម្មទូទៅដ៏ធំមួយនៅថ្ងៃទី២ និង៣ ក្នុងខែធ្នូ ។
ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ បានចាប់ផ្តើមនៅពេលរដ្ឋបាលហុងកុង ដែលគាំទ្រដោយចិន បានស្នើច្បាប់មួយដែលនឹងអនុញ្ញាត ឱ្យធ្វើបត្យាប័នប្រជាជនហុងកុងទៅកាន់តុលាការចិននៅលើដីគោក។

ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន បានពណ៌នាពីកន្លែងកើតហេតុនៅក្នុងទីក្រុងហុងកុងថាជា “តំបន់សង្គ្រាម” ហើយបាននិយាយសំដៅទៅក្រុមអ្នកតវ៉ាថាជា “ភេរវករ” ដែលធ្វើឱ្យអ្នកវិភាគមួយចំនួនជឿជាក់ថា ចិនកំពុងត្រៀមបញ្ជូនកងទ័ពដែលប្រមូលបាននៅតាមព្រំដែនហុងកុង៕