កម្ពុជា​រំពឹង​ថា​ ទេសចរ​វៀតណាម​បាន​មក​ទស្សនា​កម្ពុជា​នឹង​កើន​ជិតដល់​ ១លាន​នាក់​នៅ​ឆ្នាំ២០១៩​ នេះ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បានឱ្យ​ដឹង​ថា​ នៅក្នុង​រយៈពេល​ ៦ខែ​ដើមឆ្នាំ២០១៩​ នេះ​ ទេសចរ​វៀតណាម​បាន​មក​ទស្សនា​កម្ពុជា​មាន​ប្រមាណ​ជាង​ ៤០ម៉ឺន​នាក់​ និង​រំពឹង​ថា​ទទួល​បាន​ប្រមាណ​ ៩០ម៉ឺន​នាក់​នៅ​ឆ្នាំ២០១៩​ ទាំងមូល​។

លោក​ រដ្ឋមន្ត្រី​ថោង​ ខុន​ បាន​ថ្លែង​នៅក្នុង​ពិធី​ខួប​លើក​ទី៧៤​ នៃ​ទិវា​ឯករាជ្យជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ កាល​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១៩​ កន្លងមក​នេះ​ថា​ នៅ​ឆ្នាំ២០១៨កន្លងទៅ​បានឱ្យ​ដឹង​ វៀតណាម​ជាទី​ផ្សារ​ទេសចរណ៍​ធំ​ទីពីរ​របស់​កម្ពុជា​ ដោយ​ក្នុង​នោះ​ ទេសចរ​ជនជាតិ​វៀតណាម​បាន​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង​ ៨០ម៉ឺន​នាក់​ ក្នុង ចំណោម​ទេសចរ​ ៦,២លាន​នាក់​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បង្កើត​ប្រាក់ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិប្រមាណ​ ៤៣៧៥លាន​ដុល្លារ​ ស្មើនឹង​ ១២,៧​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជាង​ ៦២ម៉ឺន​នាក់​ ស្មើនឹង​ ១៣​% នៃ​ការងារ​សរុប​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​ដើម្បី​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ក៏ដូចជា​ សន្តិភាព​ ស្ថិរភាព​ និង​ភាព​រីកចម្រើន​របស់​ពិភពលោក​ ហើយ​កម្ពុជា​នឹង​ធ្វើការ​សហការ​ជាមួយ​ប្រទេស​អា​ស៊ាន​ផ្សេង​ៗទៀត​ ដើម្បី​សហការ​គាំទ្រ​កិច្ចប្រជុំ​អាស៊ាន​នានា​ ដឹកនាំ​ដោយ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ២០២០​ ឲ្យ​ទទួល​បាន​ជោគជ័យ​។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទី​ភ្នាក់​ទេសចរណ៍​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ​ ទេសចរណ៍​មកលេង​កម្ពុជា​មានការ​ធ្លាក់ចុះ​ ដោយសារ​កត្តា​មួយចំនួន​ មិនថា​ទេសចរណ៍​វៀតណាម​នោះ​ទេ​ តែបើ​រដ្ឋាភិបាល​ទាំងពីរ​មាន​ចំណាត់ការ​ការទូត​ និង​ពាណិជ្ជកម្ម​ល្អ​ប្រសើរ​ នឹង​មានសន្ទុះ​ឡើង​ដូច​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​បាន​រំពឹង​ទុក​ចំពោះ​ទេសចរណ៍​វៀតណាម​ទស្សនា​នៅ​ម្ពុ​ជា​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ កម្ពុជា​ វៀតណាម​ ​ឡាវ​ និង​ថៃ​ បាន​បង្កើត​តំបន់​មរកត​មួយ​ក្នុង​ការ​ជម្រុ​ញសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង៤​ ក្នុង​តំបន់​នេះ​ និង​ការ​តភ្ជាប់​ទេសចរណ៍​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ដូចជា​ពី​កម្ពុជា​ទៅ​វៀតណាម​ ពី​វៀតណាម​មក​កម្ពុជា​ជាដើម​ដោយ​តភ្ជាប់​ទាំង​ផ្លូវទឹក​ ផ្លូវគោក​ និង​ផ្លូវអាកាស​ តែ​យ៉ាងណាក៏ដោយ​លុះត្រាតែ​ប្រទេស​ទាំងនេះ​ មាន​ទាំង​ទំនាក់​ការទូត​ល្អ​ ទើប​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរណ៍​មក​ពី​ប្រទស​ផ្សេងទៀត​កើនឡើង​ ក្រៅតែ​ទេសចរណ៍​នៅក្នុង​ប្រទេស​ទាំងនេះ​។

លោក​បញ្ជាក់​ទៀត​ថា​ ទេសចរណ៍​ជា​អ្នកនាំ​លាភ​ នាំ​នូវ​សំណាង​ដល់​ប្រទេស​ដែល​ខ្លួន​ទៅ​ទស្សនា​ ដោយ​ក្នុង​នោះ​ពួកគេ​ត្រូវការ​របស់​ ៣ ជា​សំខាន់​ គឺទី​ ១ ការ​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​ ទី​ ២ ការ​ទទួល​អាហារ​មាន​អនាម័យ​ និង​ ទី​ ៣ ការ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​ ដូច្នេះ​ អជ្ញា​ធរ​ជំរុញ​កត្តា​ទាំង​ ៣ទៅមុខ​ដោយ​រលូន​ ទើប​វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​មានការ​កើនឡើង​ព្រមគ្នា​។

ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-វៀតណាម​បាន​កើនឡើង​រហូតដល់​ ៤,៧​ ប៊ី​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៨​ កន្លងទៅ​ និង​ ៦ខែ​ដើមឆ្នាំ២០១៩​ នេះ​ កើនឡើង​រហូតដល់​ ២,៧​ ប៊ី​លាន​ដុល្លារ​អាមេរិក​ ហើយ​ប្រទេស​ទាំងពីរ​មាន​សុទិដ្ឋិនិយម​ក្នុង​ការសម្រេច​បាន​គោលដៅ​នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​ចំនួន​ ៥ប៊ី​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០២០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here