ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រទេសកម្ពុជាបាននិងកំពុងចូលរួមក្នុងពិព៌ណលំដាប់ពិភពលោក ក្រោមឈ្មោះថា “ពិព័រណ៍សាកវប្បកម្មអន្តរជាតិ”នាទីក្រុងប៉េកាំងប្រទេសចិន ដែលមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិនានាចំនួន១២០មកពីជុំវិញពិភពលោក។
ពិព៌ណដែលមានរយៈពេលរហូតដល់៦ខែនេះបានចាប់ផ្តើម ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ពន្លាជាតិរបស់កម្ពុជា បានទាក់ទាញភ្ញៀវកិត្តិយស និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចូលមកទស្សនាសួនកម្ពុជា និងស្វែងយល់អំពីវប្បធម៌ ប្រពៃណី និងផលិតផលខ្មែរ សុរបប្រមាណជាង៤០ម៉ឺននាក់។
-->
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ បានលើកអះអាងថាកម្ពុជា ទទួលបានប្រយោជន៍ជាច្រើន នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ថែមទាំងបានផ្សព្វផ្សាយពីសក្ដានុពលពីវិស័យសេវាកម្ម ដើម្បីជំរុញកំណើនទេសចរមកកាន់កម្ពុជាផងដែរ។
លោកបានអះអាងថា ក្រៅពីទទួលបានឱកាសចូលរួម ដើម្បីផ្សព្វផ្សាយពីសក្ដានុពលនៅកម្ពុជា ជាពិសេសទៅលើវិស័យទេសចរណ៍នោះ ថែមទាំងមានឱកាសបានបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសនានា ក៏ដូចជាអង្គការអន្តរជាតិ ដើម្បីជំរុញដល់ការវិនិយោគ ធ្វើពាណិជ្ជកម្មជាមួយកម្ពុជាផងដែរ។
លោក ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា “លោកប្រធានាធិបតី ស៊ី ជីនពីង តែងតែលើកឡើងពី ភ្នំបៃតង និងទឹកថ្លាយង់ គឺជាភ្នំមាស-ភ្នំប្រាក់។ ចំណែកការលើកកម្ពស់បរិស្ថានធម្មជាតិ គឺជាការលើកកម្ពស់ផលិតភាព ហើយនេះជាមូលហេតុសំខាន់ ដែលប្រទេសកម្ពុជា បានគាំទ្រប្រទេសចិន ក្នុងការរៀបចំពិព័រណ៍សាកវប្បកម្មអន្តរជាតិ និងតែងចូលរួមឥតរុញរានៅក្នុងពិព័រណ៍ដ៏អស្ចារ្យនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងប្រទេសនានា ក្នុងកិច្ចការពារបរិស្ថានធម្មជាតិ”៕

