ដោយ វុត្ថា
វៀតណាមៈ មន្ទីររៀបចំសំណង់ទីក្រុងហូជីមីញ បានស្នើសុំឱ្យក្រុមហ៊ុនអចលនទ្រព្យ ឈ្មួញកណ្តាល និងពាណិជ្ជករទាំងអស់នៅក្នុងទីក្រុង ត្រូវពង្រឹងវិធានការការពារប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មនៅក្នុងវិស័យអចលនទ្រព្យ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីពេលថ្មីៗនេះបានឱ្យដឹងថា មន្ទីររៀបចំសំណង់បានស្នើសុំឱ្យអង្គភាព អនុវត្តតាមបទប្បញ្ញត្តិយ៉ាងតឹងរឹងលើការកំណត់អត្តសញ្ញាណអតិថិជន ធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជន ពិនិត្យមើលប្រតិបត្តិការ និងគ្រប់គ្រងប្រតិបត្តិការចំពោះអតិថិជនដែលមានហានិភ័យខ្ពស់។
-->
យោងតាមសេចក្តីជូដំណឹងដដែលបានគូសបញ្ជាក់ថា ត្រូវផ្ញើរបាយការណ៍ស្តីពីប្រតិបត្តិការគួរឱ្យសង្ស័យ និងរបាយការណ៍ស្តីពីប្រតិបត្តិការសាច់ប្រាក់ ដែលមានតំលៃ ៣០០លានដុង ស្មើនឹង១២,៨០០ដុល្លារអាមេរិក ឬច្រើនជាងនេះ ទៅនាយកដ្ឋានលំនៅដ្ឋាន និងការគ្រប់គ្រងទីផ្សារអចលនទ្រព្យ ដែលស្ថិតនៅក្រោមក្រសួងសំណង់ និងនាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងការលាងលុយកខ្វក់របស់ធនាគារណ្តាល ដើម្បីធ្វើការត្រួតពិនិត្យ។
មន្ទីររៀបចំសំណង់ទីក្រុងហូជីមីញ ក៏បានស្នើសុំឱ្យក្រុមហ៊ុនអចលនទ្រព្យផ្ញើរបាយការណ៍ស្តីពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពី ការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវករនៅអង្គភាពរបស់ខ្លួន ទៅកាន់នាយកដ្ឋានមុនថ្ងៃទី១៥ ខែកញ្ញាឆ្នាំនេះដើម្បីប្រមូលស្ថិតិ និងបានស្នើឱ្យមន្ត្រីរបស់ខ្លួន ឱ្យពង្រឹងការត្រួតពិនិត្យនៅក្រុមហ៊ុនអចលនទ្រព្យនានា ដើម្បីធានាសុវត្ថិភាព និងអនុលោមតាមច្បាប់ស្តីពី ការការពារការលាងលុយកខ្វក់និងផ្ញើរបាយការណ៍ទៅ មន្ទីររៀបចំសំណង់ទីក្រុងហូជីមីញ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញបានឱ្យដឹងថា គ្រាន់តែក្នុងខែសីហាខែសីហាកន្លងមកនេះ ទីក្រុងបានសម្រេចផ្តល់អាជ្ញាប័ណ្ណអាជីវកម្មថ្មីៗចំនួន២៨,៤៦៥ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន៤៥៦ ទ្រីលានដុង ដែលក្នុងនោះចំនួន នៃអាជីវកម្មអចលនទ្រព្យមានចំនួន៧,៣ភាគរយ។

ទោះយ៉ាងណាបើនិយាយអំពីដើមទុន ដែលបានចុះបញ្ជីអាជីវកម្មអចលនទ្រព្យមានសមាមាត្រខ្ពស់បំផុត(៣៩,៦ ភាគរយ) បន្ទាប់មកគឺសំណង់ (១៧,៣ ភាគរយ) បន្ទាប់មកលក់ដុំនិងរាយ។ ទាក់ទងនឹងការអភិវឌ្ឍសហគ្រាសវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល៨ខែឆ្នាំ ២០១៩ ទីក្រុងបានផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីការវិនិយោគថ្មីចំនួន ៨១៦ គម្រោងដែលមានទុនវិនិយោគសរុបជាង៧៥០លានដុល្លារ។ អាជីវកម្មអចលនទ្រព្យបានទាក់ទាញសមាមាត្រមូលធន ខ្ពស់បំផុតគឺ៣៣,២ ភាគរយ បន្ទាប់មកគឺវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៣០,១ ភាគរយ លក់ដុំ និងរាយមានចំនួន១៨,៧ ភាគរយ៕